កំពង់ធំ៖ ឯកឧត្តម សុខ លូ អភិបាលនៃគណៈអភិបាលខេត្តកំពង់ធំបានអំពាវនាវដល់ ក្មួយៗសិស្សានុសិស្សទាំងអស់ លោកគ្រូអ្នកគ្រូ លោកនាយកនាយិកា និងថ្នាក់ដឹកនាំ មន្ទីរអប់រំទាំងអស់រួមទាំងមន្រ្តីរាជការ ចៀសឲ្យឆ្ងាយពីគ្រឿងញៀន ព្រោះគ្រឿងញៀនបំផ្លាញ់អនាគត់ និងក្រុមគ្រួសារ យើងត្រូវខិតខំជួយគ្នា ដើម្បីលុបបំបាត់ បើប្រទះឃើញមិត្តរួមថ្នាក់ អ្នករស់នៅជិតខាង ប្រើប្រាស់គ្រឿងញៀន ត្រូវរាយការណ៍ ជូនសមត្ថកិច្ច ដើម្បីយកគាត់ទៅព្យាបាល ការញៀនថ្នាំកំរិតដំបូងរបស់អ្នកប្រើប្រាស់គឺជាជនរងគ្រោះ មិនមានជាប់ទោសទេ ប្រសាសន៍នេះ ត្រូវបានលើកឡើងក្នុង ពិធី
បើកបវេសនកាលឆ្នាំ២០១៩.២០២០នៅវិទ្យាល័យកំពង់ធំ នៅព្រឹកថ្ងៃទី១ ខែវិច្ឆិកា ឆ្នាំ ២០១៩។
លោក តែ ប៊ុនហុង ប្រធានមន្ទីរអប់រំយុវជននិងកីឡាខេត្តកំពង់ធំ បានបញ្ជាក់ពីស្ថានភាពអប់រំក្នុងខេត្តកំពង់ធំ នៅក្នុងខេត្តកំពង់ធំ មានអាគារសិក្សាសរុប១២២២ស្មើរនឹង៥១០១បន្ទប់ ក្នុងនោះអាគារសាងសង់អំពីថ្ម ៨៩១ខ្នងស្មើរនឹង៣៩២៥បន្ទប់ អាគារសាងសង់អំពីឈើ ១៣១ខ្នងស្មើរនិង ២០៥បន្ទប់ អាគារអំណោសម្តេច តេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីមាន ១៩៧ខ្នង ស្មើរនិង៩៧៧បន្ទប់ មតេយ្យសិស្សាមាន២០៤កន្លែង ស្មើរនិង៣០៧ថ្នាក់ សាលាបឋមសិក្សាមាន៤៧៧សាលាស្មើរនិង៣៣០៩ថ្នាក់ អនុវិទ្យាល័យមាន ៦៧សាលាស្មើរនិង៣៧២ថ្នាក់ វិទ្យាល័យ២៥ស្មើរនិង៦០៤ថ្នាក់ បុគ្គលិកអប់សរុប៥២៨១នាក់ស្រី ២៥៥៧នាក់ សិស្សក្នុងឆ្នាំ២០១៨ និង២០១៩សិស្សមានចំនួន១៥៦១១១នាក់ ស្រី៧៩០០១នាក់ លទ្ធផលនៃការប្រឡងទុតិយភូមិឆ្នាំ២០១៨ និង២០១៩ សិស្សបានប្រឡង៧៧.៤៧ភាគរយ សិស្សជាប់និទ្ទេសអេ ១៤នាក់ស្រី៧នាក់។
បន្ទាប់ពីឯកឧត្តម អភិបាលខេត្តកំពង់ធំ បន្ទាប់បានអានសារលិខិតរបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា រួចមកឯកឧត្តម សុខ លូ បានផ្តាំផ្ញើរដល់ក្មួយថា បើចង់មានអនាគត់ល្អកូនល្អគឺត្រូវខិតខំរៀនសូត្រ គឺប្រៀបដូច ជាក្មួយៗបានសាងគុណដ៏ធំដល់ឳពុកម្តាយ លោកគ្រូអ្នកគ្រូ ដែលយើងចាត់ទុកថាជាមាតបិតាទី២ និងសូម បងប្អូនពីមីង នាំកូនទៅចុះឈ្មោះចូលរៀន ឲ្យបានគ្រប់គ្នា ព្រោះការសិក្សារៀនសូត្រគឺមានសារៈសំខាន់ណាស់ លោកគ្រូអ្នកគ្រូ ត្រូវបន្តរួមគ្នាជាបុគ្គលគំរូ ជាឳពុកម្តាយ ជាមគ្គុទ្ទេសក៏ តាមរយះការខិតខំប្រឹងប្រែង អភិវឌ្ឍន៍ខ្លួនជាប្រចាំ ទាំងផ្នែកចំណេះដឹង និងវិធីសាស្រ្តបង្រៀន បច្ចេកវិជ្ជាព័ត៌មាន ភាសាបរទេស សិក្សា ស្រាវជ្រាវដើម្បីយកចំណេះដឹងមកបង្រៀនសិស្ស និងលើកកម្ពស់វិស័យអប់រំនៅកម្ពុជាឲ្យកាន់តែទូលំទូលាយ ។
ក្នុងឳកាសនេះ អភិបាលខេត្តកំពង់ធំ បានសង្កត់ធ្ងន់លើបញ្ហាគ្រោះថ្នាក់ចរាចរណ៍ គឺត្រូវបានផ្តើមចេញពីលោកគ្រូអ្នកគ្រូ និងក្មួយៗសិស្សានុសិស្សទាំងអស់ត្រូវចូលរួមគោរពច្បាប់ចរាចរណ៍ បើកបរដោយមានការ ប្រុងប្រយ័ត្ន ជិះម៉ូតូពាក់មួយសុវត្តិភាព ទាំងអ្នកបើកទាំងអ្នកជិះពីក្រោយ បើកបរត្រូវប្រកាន់ស្តាំ មុនបទត្រូវ មើលឆ្វេងស្តាំ ប្រយ័ត្នប្រយ៉ែងខ្ពស់ចៀសវាងគ្រោះថ្នាក់ ដោយបញ្ហានេះបានកើតឡើងក្នុងសង្គមជាតិយើង បានបន្សល់នូវស្រ្តីមេម៉ាយ កុមារកំព្រា គ្រួសារដែលបានឆ្លងផុតពីបន្ទាត់ក្រីក្ររហើយ ពេលមានសមាជិក ក្រុមគ្រួសារណាម្នាក់ រងគ្រោះដោយគ្រោះថ្នាក់ចរាចរណ៍ ធ្វើឲ្យគ្រួសារហ្នឹងធ្លាក់មកក្រោមបន្ទាត់ក្រីក្រទៅវិញ ដូច្នេះក៏សូមអំពាវនាវឲ្យ ចូលរួមអនុវត្តច្បាប់ចរាចរណ៍ ហើយកុំចាត់ទុកកិច្ចការនេះជារបស់អ្នកណាម្នាក់ គឺត្រូវចាត់ទុកកិច្ចការនេះជារបស់យើងទាំងអស់គ្នា ។
ដោយ ប៊ុន រដ្ឋា








































