ផ្សព្វផ្សាយបទបញ្ជាមេបញ្ជាការកងទ័ពជើងគោកត្រៀមកម្លាំងការពារពិធីបុណ្យឯករាជ្យជាតិ ខួបលើកទី៦៦ ថ្ងៃបង្កើតកងយោធពលខេមរភូមិន្ទ

0

កំពង់ធំ៖ បញ្ជាការតំបន់ប្រតិបត្តិការសឹករងកំពង់ធំ បើកកិច្ចប្រជុំផ្សព្វផ្សាយបទបញ្ជារបស់មេបញ្ជាការកងទ័ពជើងគោកជូនដល់យោធិនក្រោមឳវាទ ដើម្បីត្រៀមកម្លាំងការពារពិធីបុណ្យឯករាជ្យជាតិ ខួបលើកទី៦៦ ថ្ងៃបង្កើតកងយោធពលខេមរភូមិន្ទ ត្រូវនឹងថ្ងៃទី ៩ ខែវិច្ឆិកា ឆ្នាំ ២០១៩ និងព្រះរាជពិធីបុណ្យអុំទូក បណ្ដែតប្រទីប អកអំបុកសំពះព្រះខែ នៅថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ ២០១៩ ដែលពិធីផ្សព្វផ្សាយជូនដល់យោធិនវរៈសេនាតូចពិសេសអន្តរាគមន៍របស់បញ្ជាការដ្ឋានតំបន់ប្រតិបត្តិការសឹករងកំពង់ធំ ត្រូវបានធ្វើឡើង នៅរសៀលថ្ងៃទី០៦ខែវិច្ឆិកា ឆ្នាំ២០១៩ ស្ថិតនៅទីតាំងវរសេនាតូចលេខ១នៃបញ្ជាការដ្ឋានតំបន់ប្រតិបត្តិការសឹករងកំពង់ធំ ។

ពិធីផ្សព្វផ្សាយបទបញ្ជារបស់អគ្គមេបញ្ជាការរង នៃកងយោធពលខេមរៈខេមរភូមិន្ទ មេបញ្ជាការកងទ័ពជើងគោក ស្ថិតក្រោមអធិបតីភាព ឯកឧត្តម ឧត្តមសេនីយ៍ទោ សោម ស៊ុន មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងកំពង់ធំ និង     ថ្នាក់ដឹកនាំនៃបញ្ជាការដ្ឋានតំបន់ប្រតិបត្តិការសឹករងកំពង់ធំ ជាច្រើនរូប រួមទាំងយោធិនចូលរួមចំនួន ២៣៥  នាក់ នៅភូមិថ្នល់បែក ឃុំត្រពាំងឫស្សី ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ ។ឯកឧត្តម ឧត្តមសេនីយ៍ទោ សោម ស៊ុន បានបញ្ជាក់ថា យោធិនគ្រប់រូបត្រូវស្មោះត្រង់ដាច់ខាតចំពោះជាតិ សាសនា ព្រះមហាក្សត្រ យោធិនគ្រប់រូបមានកាតព្វកិច្ច ការពារបូរណភាពទឹកដី ការពាររាជរដ្ឋាភិបាល ការពារសន្តិភាព និងការពារសេចក្តីសុខក្សេមក្សាន្តជូនប្រជាពលរដ្ឋ ហើយបងប្អូនយោធិនគ្រប់រូប ត្រូវហ៊ានលះបង់គ្រប់បែបយ៉ាង គិតទាំងអាយុជីវិតដើម្បីបុព្វហេតុជាតិ និងប្រជាជន ត្រូវប្តេជ្ញាចិត្តដាច់ខាតកម្ចាត់ចោលពួកជនក្បត់ជាតិ ក្បត់ប្រជាជន និងក្បត់ព្រះមហាក្សត្រ  នៃព្រះរាជាណាចក្រកម្ពុជា    ។ឯកឧត្តម ឧត្តមសេនីយ៍ទោ សោម ស៊ុន បានបន្តទៀតថា កងកម្លាំងទាំងអស់ត្រូវត្រៀមខ្លួនរួចជាស្រេច រួមទាំងអាវុធ គ្រាប់ សម្ភារៈផ្សេងៗ សំរាប់ត្រៀមចល័តអន្តរាគមន៍កម្ចាត់ជនក្បត់ជាតិ ត្រូវចាត់តាំងប្រចាំការ ប្រចាំបញ្ជា ប្រចាំប្រយុទ្ធ ១០០ភាគរយ ក្នុងអង្គភាព ២៤ម៉ោងលើ២៤ម៉ោង  មេបញ្ជាការ តាមបណ្ដាថ្នាក់ត្រូវគ្រប់គ្រងកម្លាំង គ្រប់គ្រងគ្រឿងបំពាក់ និងមធ្យោបាយដឹកជញ្ជូនឱ្យបានច្បាស់លាស់ ធានាធ្វើសកម្មភាព និងចល័តអន្តរាគមន៍តាមបទបញ្ជារបស់ថ្នាក់លើឱ្យទាន់ពេលវេលា និងមានប្រសិទ្ធភាព។ ​

ក្នុងឳកាសនេះផងដែរ ឯកឧត្តម ឧត្តមសេនីយ៍ទោ សោម ស៊ុនបានឧបត្ថម្ភគ្រឿងឧបភោគបរិភោគ ជូនដល់កងកម្លាំងវរសេនាតូចពិសេសអន្តរាគមន៍របស់បញ្ជាការដ្ឋានតំបន់ប្រតិបត្តិការសឹករងកំពង់ធំ មានមីម៉ាម៉ា ៧កេសធំ ទឹកសុទ្ធ១៥០យួរ សាច់ជ្រូក៤០គ.ក និងបន្លែបង្កាមួយចំនួនទៀត ក្នុងនោះយោធិនទាំងអស់បានប្ដេជ្ញាចិត្តដាច់ខាតការពារជាតិសាសនាព្រះមហាក្សត្រ និងការពាររាជរដ្ឋាភិបាលស្របច្បាប់ ដែលដឹកនាំដោយសម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា។

ដោយ ប៊ុន រដ្ឋា