សៀមរាប៖ មន្ទីរអប់រំយុវជន និងកីឡាខេត្ដសៀមរាបបើកសន្និបាតបូកសរុបវាយតម្លៃ លទ្ធផលការងារឆ្នាំ២០១៨-២០១៩ និងលើកទិសដៅការងារ ឆ្នាំសិក្សា២០១៩-២០២០ របស់ខ្លួននៅសាលាគរុកោសល្យ និងវិក្រឹត្យការខេត្ត នៅព្រឹកថ្ងៃទី៣០ ខែមករា ឆ្នាំ២០២០នេះ។
លោក ពៅ ពិសិដ្ឋ បានថ្លែងថា វិស័យអប់រំនៅក្នុងខេត្តសៀមរាបបច្ចប្បន្ននេះ គឺកំពុងមានការរីកចម្រើនយ៉ាងខ្លាំង ដែលអាចវាយតម្លៃបានថា សមិទ្ធផលដ៏ថ្លៃថ្លាទាំងនេះ គឺពិតជាបានមកពីពលិកម្មដ៏ធំធេង ទាំងកម្លាំងកាយ ចិត្ត ប្រាជ្ញា ស្មារតីនិងធនធានសម្ភារៈ ថវិការបស់សង្គមទាំងមូល ពិសេសគំនិតផ្តួចផ្តើម គំរូដឹកនាំរបស់ថ្នាក់ដឹកនាំមន្ទីរ ការិយាល័យ នាយកសាលា លោកគ្រូ អ្នកគ្រូ សិស្សានុសិស្ស ព្រះសង្ឃ មាតាបិតា និងអាជ្ញាធរដែនដីគ្រប់លំដាប់ថ្នាក់នៅគ្រប់មូលដ្ឋានទូទាំងខេត្ត តាមគោលនយោបាយយុទ្ធសាស្ត្រចតុកោណដំណាក់កាលទី៤របស់រាជរដ្ឋាភិបាល ។
លោក ពៅ ពិសិដ្ឋ បន្ដថា ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិតរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានធ្វើឲ្យវិស័យអប់រំនេះមានការរីកចំរើន ក្នងនោះ ក៏មានការរួមចំណែកពីសហគមន៍ និងអង្គការអន្តរជាតិនានាដូចជា ៖ យូនីសែហ្វ ទស្សនៈពិភពលោក កម្មវិធីស្បៀងអាហារពិភពលោក ធនាគារពិភពលោក និងអង្គការនានាជាច្រើនទៀត ដែលនេះអាចឲ្យយើងមើលឃើញ ពីតម្លៃដ៏ថ្លៃថ្លានៃសមិទ្ធិផលទាំងនេះរបស់វិស័យអប់រំ នឹងរួមចំណែកយ៉ាងធំធេង ដើម្បីជោគជ័យនៃការអនុវត្ត គោលនយោបាយរបស់រាជរដ្ឋាភិបាលក្នុងការស្តារ និងអភិវឌ្ឍសង្គម សេដ្ឋកិច្ចផងដែរ ជាពិសេស គឺការកាត់បន្ថយភាពក្រីក្រ និងការលើកកម្ពស់សុខុមាលភាពរបស់ប្រជាពលរដ្ឋយើងឱ្យកាន់តែប្រសើរឡើងជាលំដាប់ ។
អភិបាលរងខេត្តបញ្ជាក់ទៀតថា ជាមួយភាពជោគជ័យ និងការរីកចម្រើនទាំងនេះ យើងក៏នៅមានបញ្ហាសេសសល់មួយចំនួន និងបញ្ហាថ្មីៗជាច្រើនទៀតដែលត្រូវដោះស្រាយយូរអង្វែង និងជាបន្ទាន់ផងដែរ ដូចជាការអប់រំសីលធម៌ និងសេចក្តីថ្លៃថ្នូរក្នុងសង្គម ការបណ្តុះព្រលឹងជាតិ ការលើកកម្ពស់គុណភាពអប់រំ គុណភាពបំណិនជីវិត សុខភាព អនាម័យនិងអាហារូបត្ថម្ភ ការផ្សារភ្ជាប់ទីផ្សារសេដ្ឋកិច្ច ការអប់រំបច្ចេកទេស និងជាពិសេសគឺការប្រមូលកម្លាំង និងធនធានក្នុងសង្គមទាំងមូល ដើម្បីសម្រេចបាននូវគោលដៅ ដែលត្រូវធានាឱ្យបាននូវការចូលរៀនរបស់កុមារទាំងអស់គ្នា ប្រកបដោយសមធម៌ បរិយាបន្ន និងមានគុណភាព ឆ្លើយតបទៅនឹងកាតព្វកិច្ចសិក្សា ដែលមានចែងក្នុងរដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា និន្នាការអន្តរជាតិក្នុងដំណាក់កាលសកល ភាវូបនីយកម្ម និងគោលដៅអភិវឌ្ឍប្រកបដោយចីរភាព ។
ក្នុងឱកាសនោះដែរ លោកក៍បានកោតសសើរដល់មន្ទីរអប់រំ យុវជន និងកីឡាខេត្តដែលធ្វើអោយជោគជ័យដែលវិស័យអប់រំ សម្រេចបានក្នុងឆ្នាំសិក្សា ២០១៨-២០១៩កន្លងមក ។ ជាពិសេសកោតសរសើរដោយស្មោះចំពោះក្មួយៗសិស្សានុសិស្ស ដែលបានទទួលជោគជ័យក្នុងការប្រឡងបញ្ចប់ភូមិសិក្សានីមួយៗ ជាពិសេសលទ្ធផលប្រឡងសញ្ញាបត្រមធ្យមសិក្សា ទុតិយភូមិកន្លងមក ទទួលបាននិទ្ទេសA រហូតដល់៣៨នាក់ ស្រី១៥នាក់ ។ ហើយទាំងនេះ ក៏បញ្ជាក់ឱ្យយើងឃើញ ពីស្មារតីទទួលខុសត្រូវរបស់មន្ត្រីអប់រំគ្រប់លំដាប់ថ្នាក់ ដោយមានការចូលរួមគាំទ្រពីអាជ្ញាធរដែនដី អាណាព្យាបាល និងសហគមន៍ទាំងមូល ដែលបានយកអស់កម្លាំងកាយចិត្ត ជំរុញឱ្យវិស័យអប់រំទទួលបាននូវលទ្ធផលនាពេលនេះ ។ ជាមួយនេះផងដែរ កម្ពុជាក៏ទាមទារឱ្យមានការអភិវឌ្ឍធនធានមនុស្ស ប្រកបដោយគុណភាព សមត្ថភាព និងគុណធម៌ ដែលជាកត្តាគន្លឹះសម្រាប់ទ្រទ្រង់កំណើនសេដ្ឋកិច្ចជាតិ និងភាពប្រកួតប្រជែងរបស់ប្រទេស ទាំងពេលបច្ចុប្បន្ន និងសម្រាប់អនាគត ក្នុងការប្រែក្លាយប្រទេសឱ្យមានចំណូលមធ្យមកម្រិតខ្ពស់នៅឆ្នាំ២០៣០ និងជាប្រទេសអភិវឌ្ឍនៅឆ្នាំ២០៥០ ៕

ដោយ៖ អ៊ុន ណារាជ្យ







































