ឧត្តមសេនីយ៍ទោ សោម ស៊ុនបំពាក់ឯកសណ្ឋានជូនប្រជាការពារ១៦នាក់នៅភូមិបន្ទាយយោមរាជ

0

ខេត្តកំពង់ធំ៖ ប្រជាការពារចំនួន១៦នាក់ នៅភូមិបន្ទាយយោមរាជ ទទួលបានការយកចិត្តទុកដាក់ពីសំណាក់  ឯកឧត្ដម ឧត្តមសេនីយ៍ទោ សោម ស៊ុន មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងកំពង់ធំ ក្នុងការជួយ ឧបត្ថម្ភគាំទ្រ ការចូលរួមចំណែកដោយស្ម័គ្រចិត្តរបស់ ប្រជាការពារ ដើម្បីចូលរួមអនុវត្តគោលនយោបាយភូមិឃុំមានសុវត្តិភាពទាំង៩ចំនុចរបស់រាជរដ្ឋាភិបាល ,

ការពិធីបំពាក់ឯកសណ្ឋាន១៦កំប្លេរ ជូនប្រជាការពារនេះ ស្ថិតក្រោមអធិបតីភាព  ឯកឧត្ដម ឧត្តមសេនីយ៍ទោ សោម ស៊ុន មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងកំពង់ធំ រួមទាំងសហការី និងជាមួយអាជ្ញាធរដែនដី និងប្រជាពលរដ្ឋចូលរួមយ៉ាងច្រើនកុះករ បានធ្វើឡើងនៅក្នុងបរិវេណ នៅ សាលាបឋមសិក្សាបន្ទាយយោមរាជ ស្ថិតនៅឃុំប្រាសាទ ស្រុកសន្ទុក  ខេត្តកំពង់ធំ នៅល្ងាចថ្ងៃសៅរ៍ ទី០៨ ខែកុម្ភៈ ឆ្នាំ២០២០។

នៅក្នុងពិធីបំពាក់ឯកសណ្ឋានជូនប្រជាការពារ ឧត្តមសេនីយ៍ទោ សោម ស៊ុន បានមានប្រសាសន៍ កោតសរសើរដល់បងប្អូន ប្រជាការពារ ដែលបានលះបង់សេចក្តីផ្ទាល់ខ្លួន ចំណាយពេលវេលាដ៏មានតំម្លៃ ដោយមិនខា្លចនឿយហត់ ដើម្បីចូលរួមរក្សាសេចក្តីសុខ និងការពារសុវត្តិភាពជូនបងប្អូនប្រជាពលរដ្ឋ នៅក្នុងមូលដ្ឋានរបស់ខ្លួន បើទោះបីជាគ្មានប្រាក់ឧបត្ថម្ភក្តី ក៏បងប្អូននៅតែអនុវត្តភារកិច្ចតួនាទីបានល្អ គួរ ឲ្យកោតសរសើរ។

ឧត្តមសេនីយ៍ទោ សោម ស៊ុន បានមានប្រសាសន៍ផ្តាំផ្ញើរ ដល់បងប្អូនប្រជាការពារទាំងអស់ ត្រូវតែអនុវត្តតួនាទីរបស់ខ្លួនឲ្យកាន់តែល្អប្រសើរឡើងថែមទៀត ដោយមិនត្រូវមិនត្រូវយកតួនាទីទៅគំរាមគំហែង បងប្អូន ប្រជាពលរដ្ឋ ពុំមានសិទ្ធិក្នុងការចាប់ចងបុគ្គលណា ដោយពុំបានសហការជាមួយសមត្ថកិច្ចនោះឡើយ ប្រជាការពារមិនត្រូវចូលរួម ប្រព្រឹត្តបទល្មើសជាដាច់ខាត និងមិនត្រូវពាក់ផ្លាកសញ្ញារបស់ស្ថាប័នមានសមត្ថកិច្ចឡើយ ដែលជាហេតុធ្វើឲ្យមានការភាន់ច្រឡំ ពីសំណាក់មហាជន ថែមទាំងត្រូវតែគោរពច្បាប់ទាំងអស់គ្នា។

ដោយ ប៊ុន រដ្ឋា