អ្នកជំនាញអំពាវនាវមិនឱ្យមានការទិញលក់កូនឃ្មុំនិងសំបុកឃ្មុំ ការកាត់យកកូនឃ្មុំ និងសំបុកឃ្មុំយកទៅលក់ឱ្យឈ្មួញ គឺជាមូលហេតុ១ក្នុងចំណោមមូលហេតុ៣ផ្សេងទៀត ដែលនាំឱ្យសត្វឃ្មុំរងនូវការវិនាស និងមិនអាចបន្តពូជរស់រានមានជីវិតបាន នៅក្នុងព្រៃជានិរន្ត

0

សៀមរាប បើតាមលោក ពាង ឆុញ ប្រជាសហគមន៍អភិរក្សសត្វឃ្មុំ នៅស្រុកបន្ទាយស្រី ខេត្តសៀមរាប បានឱ្យដឹងថា សំបុកឃ្មុំគឺជាកន្លែងដែលសត្វឃ្មុំអាចបង្កើតជាជំរក និងបង្កកំណើតតកូនតចៅរាប់ពាន់ក្បាលក្នុងសំបុកតែមួយ ឬក៏អាចរីកបន្តសំបុកទៅកាន់មែនឈើផ្សេងទៀត ដោយអាស្រ័យ ទៅលើមេឃ្មុំញី(ស្តេចស្រី)របស់វា និងកត្តាអំណោយផលពីព្រៃឈើ និងអាកាសធាតុផងដែរ។

ជាទូទៅគេសង្កេតឃើញថា អ្នករុករានព្រៃនៅតំបន់ឆ្ងាយភាគច្រើន តែងមិនសូវមានការយល់ដឹងច្រើនទាក់ទងនឹងអត្ថប្រយោជន៍ នៃការរក្សាទុកសំបុកឃ្មុំឱ្យនៅឋិតថេរ ព្រមទាំងការអភិរក្សសត្វឃ្មុំជាមួយនឹងព្រៃឈើធម្មជាតិ ឱ្យនៅគង់វង្សបានជាដរាបទ្បើយ។ ព្រោះតម្រូវការអ្នកទិញទឹកឃ្មុំ កូនឃ្មុំ និងសំបុកឃ្មុំ ត្រូវបានកើនឡើងជាបន្តបន្ទាប់។ នេះបើតាមលោកប្រជាសហគមន៍

លោកបញ្ជាក់ថា៖«អ្នករុករានព្រៃមកពីឆ្ងាយលួចចូលមកកាត់យក លម្អងទឹកឃ្មុំ ព្រមទាំងសំបុកឃ្មុំទាំងស្រុងផងដែរ ដែលនេះធ្វើឱ្យឃ្មុំមិនអាចមានកន្លែងបង្កកំណើត។ ដូច្នេះត្រូវតែរួមគ្នាអភិរក្សសត្វឃ្មុំឡើងវិញ ដោយមិនត្រូវទិញកូនឃ្មុំ និងសំបុកឃ្មុំ ទើបមិនមានអ្នកលួចកាត់យកទៅលក់បន្ត»។

ការរួមគ្នាអភិរក្សសត្វឃ្មុំឱ្យនៅគង់វង្សគឺជារឿងចាំបាច់ណាស់ ព្រោះឃ្មុំបានផ្តល់អត្ថប្រយោជន៍យ៉ាងច្រើនសម្រាប់ជីវិតមនុស្សនិងធម្មជាតិ ដែលក្នុងនោះមាន៖ ទី១. ផ្នែកសន្តិសុខស្បៀង៖ ឃ្មុំបានចូលរួម៣០%នៃការផលិតផលដំណាំកសិកម្ម ដោយឃ្មុំបានចូលរួមក្នុងការនាំលំអងផ្កាពីមួយទៅកាន់ផ្កាផ្សេងទៀត ទី២.ការអភិរក្សព្រៃ៖ គ្មានឃ្មុំគ្មានព្រៃ និងទី៣. ផលិតផលទឹកឃ្មុំ៖ មានមនុស្សរាប់ពាន់នាក់បានដើរប្រមូលផលទឹកឃ្មុំ។ នេះបើតាមលោក អេរិក ហ្គឺរីន ជាអ្នក ជីវវិទូជនជាតិបារាំង និងជាអ្នកជំនាញនិរន្តរភាពអភិរក្សសត្វឃ្មុំ និងចិញ្ចឹមឃ្មុំ។

លោកបានបញ្ជាក់ថា៖«ការផុតពូជនៃប្រភេទឃ្មុំទាំងនេះ ត្រូវបានគេមើលឃើញដោយសាការគំរាមកំហែងដូចជាការអន់ថយនៃប្រព័ន្ធអេកូឡូស៊ី (ការកាប់បំផ្លាញព្រៃឈើ) ការពង្រឹងលើវិស័យកសិកម្ម (ការដាំដំណាំតែមួយប្រភេទ ការប្រើថ្នាំសំលាប់សត្វល្អិត … ) ការបំផ្លាញដោយអ្នករកទឹកឃ្មុំនិងការប្រែប្រួលអាកាសធាតុ»។
បើតាមលោកអេរិក ហ្គឺរីន គួរអភិរក្សឬស្តារព្រៃធម្មជាតិឡើងវិញតាមរយៈការលើកកម្ពស់កសិកម្មបរិស្ថាន ដោយកាត់បន្ថយការប្រើថ្នាំសំលាប់សត្វល្អិត និងដាំដំណាំមានផ្កាចម្រុះជាច្រើន ហើយលើកទឹកចិត្តដល់ការប្រមូលផលទឹកឃ្មុំ ប្រកបដោយនិរន្តរភាពដោយចៀសវាងការបរិភោគកូនឃ្មុំ ព្រមទាំងលើកកម្ពស់ការចិញ្ចឹមឃ្មុំ ដើមកំណើតខ្មែរឃ្មុំយក្សអាភីស៊ីរ៉ាណាផងដែរ៕