ខេត្តកំពង់ធំ ផលិតផលក្លែងក្លាយចំនួន៨តោន ជាប្រភេទភេសជ្ជៈ ចំនួន២២មុខទំនិញ ដែលដឹកនាំការ បង្រ្កាបដោយ ឯកឧត្តម នាយឧត្តមសេនីយ៍ មៀច សុផាន់ណា រដ្ឋលេខាធិការក្រសួងមហាផ្ទៃ និងជា ប្រធានគណកម្មាធិការប្រយុទ្ធប្រឆាំងផលិតផលក្លែងក្លាយ និងក្រុមការងារ បង្រ្កាប សហគ្រាស លឹម ភ័ណ្ឌ ដែលផលិតទឹកក្រូចក្លែងក្លាយ និងត្រូវបានបង្រ្កាបកាលពីអំឡុងខែតុលា ឆ្នាំ២០២០កន្លងមក និងត្រូវបានធ្វើពិធីដុតកម្ទេចចោល នៅព្រឹកថ្ងៃទិ២៥ ខែកុម្ភៈ ឆ្នាំ២០២០។
ឯកឧត្ដម អង្គ វង្សវឌ្ឍានា រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ តំណាងសម្តេចក្រឡាហោម សរ ខេង រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានអញ្ជើញជាប្រធានគណអធិបតី ក្នុងពិធីកម្ទេចផលិតផលក្លែងក្លាយ អមដំណើរដោយ ឯកឧត្តម នាយឧត្តមសេនីយ៍ មៀច សុផាន់ណា រដ្ឋលេខាធិការក្រសួងមហាផ្ទៃ និងឯកឧត្ដម សុខ លូ អភិបាលខេត្តកំពង់ធំ ព្រមទាំងប្រតិភូ អមដំណើរ និងមានការអញ្ជើញចូលរួម ពីកងកម្លាំងប្រដាប់អាវុធទាំង៣ ប្រភេទ ប្រធាន អនុប្រធានមន្ទីរ សិស្សានុសិស្ស និងប្រជាពលរដ្ឋ ជាង៥០០ នាក់ ពិធីនេះ បានធ្វើឡើង នៅក្នុងបរិវេណ អតីតព្រលានយន្តហោះ វល្លិយាវ ស្ថិតក្នុងភូមិវល្លិយាវ ឃុំត្រពាំងឬស្សី ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ។
ឯកឧត្តម សុខ លូ អភិបាលខេត្តកំពង់ធំ បានមានប្រសាសន៍ រដ្ឋបាលខេត្ត បានប្តេជ្ញាសហការជាមួយ ស្ថាប័នជំនាញ ការពារសន្តិភាព សណ្តាប់ធ្នាប់ ជាពិសេសគឺអនុវតត្តគោលនយោបាយភូមិឃុំមានសុវត្តិភាព ជូនបងប្អូនប្រជាពលរដ្ឋយ៉ាងមានប្រសិទ្ទិភាព ពីមួយឆ្នំាទៅមួយឆ្នាំបទល្មើសបានថយចុះ បងប្អូនរស់នៅបានសេចក្តីសុខសប្បាយ គាំទ្រការដឹកនាំ របស់រាជរដ្ឋាភិបាលដែលមានសម្តេច អគ្គមហាសេនាបតីតេជោ ហ៊ុន សែនជាប្រមុខ។
ឯកឧត្តម សុខ លូ បានគាំទ្រការបង្រ្កាបផលិតផលក្លែងក្លាយ ដែលធ្វើឲ្យមានផលប៉ះពាល់ដល់ សុខភាពអ្នកប្រើប្រាស់ និងប្រទេសជាតិ បានបង្ករជាឧបស័គ្គដល់អ្នកដែលបង្កើតថ្មី អ្នមានគំនិតច្នៃប្រឌិត បាត់បង់ការប្រកួតប្រជែងដោយអយុត្តិធម៌ ការបរិភោគអាហារដែលពុំមានការពិនិត្យត្រឹមត្រូវ បង្ករឲ្យកើតជំងឺផ្សេងៗដោយមិន ដឹងខ្លួន ជាពិសេសគឺប្រើប្រាស់ថ្នាំពេទ្យ ការកំម្ទេចផលិតផលក្លែងក្លាយថ្ងៃនេះ បានបញ្ជាក់ឲ្យឃើញពីការខិតខំប្រឹងប្រែង របស់អាជ្ញាធរគ្រប់ជាន់ថ្នាក់ បញ្ជៀសការផលិតចែកចាយផលិតផលក្លែងក្លាយ ដោយខុសច្បាប់ និងហួសសុពលភាព និងសូមអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ សហការជាមួយអាជ្ញាធរ ដើម្បីរកឲ្យឃើញទីតាំង និងម្ចាស់ផលិតផលិតផលក្លែងក្លាយ ដើម្បីចាត់វិធានការតាមច្បាប់។
ឯកឧត្តម នាយឧត្តមសេនីយ៍ មៀច សុផាន់ណា មានប្រសាសន៍ថា សម្តេចក្រឡាហោម សរ ខេង រដ្ឋមន្រ្តី ក្រសូងមហាផ្ទៃ បានណែនាំដល់គណកម្មាធិការប្រឆាំផលិតផលក្លែងក្លាយ ជាអទិភាព នៅក្នុងការទប់ស្កាត់ បង្រ្កាបលើផលិតផលក្លែងក្លាយ ដែលមានច្រើនសព្វសារពើ តាំងពីគ្រឿងឧបភោគបរិភោគ និងរបស់ប្រើប្រាស់ទូទៅ ដែលធ្វើឲ្យប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់សុខភាពអ្នកបរិភោគ ជាក់ស្តែងកាលពីឆ្នាំ ២០១៩កន្លងមក នេះ គណកម្មាធិការនិងអាជ្ញាធរ បានសហការ ជាមួយព្រះរាជអាជ្ញា ចុះបង្រ្កាបទីតាំង សហគ្រាមួយដ៏ធំ បានសម្ងំផលិតទឹកក្រូវក្លែងក្លាយ នៅភូមិព្រៃពល្លិច សង្កាត់អាចារ្យលាក់ ក្រុងស្ទឹងសែន ខេត្តកំពង់ធំ និងបានលក់ចែកចាយទូទាំងប្រទេស ឈ្មោះ សហគ្រាស លឹម ភ័ណ្ទ សមត្ថកិច្ច បានដកហូតទឹកក្រូចក្លែងក្លាយ ដែលលផលិតចាក់ទឹកដាក់ពណ៌ ដាក់មេស្ករ លក់ឲ្យតាមទីផ្សារនានា ក្នុងខេត្តកំពង់ធំ និងតាមបណ្តាខេត្ត បានចំនួន២២មុខ និងទម្ងន់សរុប៨តោន និងត្រូវបានកម្ទេចចោលនៅព្រឹកនេះ។
ឯកឧត្តម អង្គ វង្សវឌ្ឍានា រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ បានថ្លែងថា កោតសរសើរ ដល់គណកម្មាធិការ ប្រយុទ្ធប្រឆាំងផលិតផលក្លែងក្លាយ និងព្រះរាជអាជ្ញា អាជ្ញាធរ កងកម្លាំង សមត្ថកិច្ចពាក់ព័ន្ឋ ដែលបានយកចិត្តទុកដាក់ រួមគ្នាការពារទប់ស្កាត់ការនាំចូល ការផលិត ការចែកចាយ ផលិតផលក្លែងក្លាយ រហូតទទួលបាន លទ្ធផលល្អប្រសើរ ក្នុងនោះក៏សុំឲ្យស្ថាប័នជំនាញ ខិតខំអប់រំ ពាណិជ្ឋករ អជីវករ ផ្សព្វផ្សាយណែនាំដល់ បងប្អូនប្រជាពលរដ្ឋ ឲ្យមានការយល់ដឹងពី ការភិតភ័យដែលកើតមានឡើងពីផលិតផលក្លែងក្លាយ និងសូម អំពាវនាវពាណិជ្ឋករ អជីវករ គ្រប់រូប សូមចូលរួមសហការជាមួយគណកម្មាធិការ ក្នុងការស្វែងរកព័ត៌មាន ផលិតការនាំចូល ការចរាចរណ៍ និងវែកមុខ ជនទុចរិតដើម្បីទប់ស្កាត់បង្រ្កាប និងចាត់ចែងតាមនិតិវិធីច្បាប់ ទៅតុលាការ ឲ្យមានទាន់ពេលវេលា។
ដោយ ប៊ុន រដ្ឋា