កំពង់ចាម: រដ្ឋបាលខេត្តកំពង់ចាម បានបើកអង្គសន្និបាត បូកសរុបលទ្ធផលការងារឆ្នាំ២០១៩ និងលើកទិសដៅសម្រាប់អនុវត្តបន្ត ឆ្នាំ២០២០ ដែលបានធ្វើឡើងនាព្រឹកថ្ងៃទី៤ ខែមីនា ឆ្នាំ២០២០ ក្រោមវត្តមាន ឯកឧត្តម អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម និងឯកឧត្តម ខ្លូត ផន ប្រធានក្រុមព្រឹក្សាខេត្ត ដោយមានការអញ្ជើញចូលរួមពី សមាជិកក្រុមប្រឹក្សាខេត្ត លោក លោកស្រី គណៈអភិបាលខេត្ត ថ្នាក់ដឹកនាំមន្ទីរ អង្គភាព ពាក់យជុំវិញខេត្ត លោក លោកស្រី ជាក្រុមប្រឹក្សា-គណៈអភិបាលក្រុង-ស្រុក មេឃុំ ចៅសង្កាត់ និងមន្ត្រីពាក់ព័ន្ធជាច្រើនរូបផងដែរ។
ថ្លែងក្នុងពិធីនោះ ឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម បានលេីកឡើងថា ឆ្នាំនេះអង្គសន្និបាតយេីងនឹងធ្វេីការពិនិត្យវាយតម្លៃលើសមិទ្ធផលបទពិសោធន៍ និងបញ្ហាប្រឈមនានាជុំវិញការអនុវត្តន៍តួនាទី ភារកិច្ច និងការទទួលខុសត្រូវរបស់រដ្ឋបាលខេត្ត រួមទាំងអនុវត្តន៍អនុសាសន៍ដ៏ថ្លៃថ្លារបស់ សម្តេចតេជោនាយករដ្ឋមន្ត្រី នាឱកាសបិទអង្គសន្និបាតរបស់ក្រសួងមហាផ្ទៃក្នុងថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០២០កន្លងទៅ និងកំណត់ទិសដៅការងារសម្រាប់ឆ្នាំ២០២០ ព្រមទាំងប្រកាសលទ្ធផលចលនាប្រឡងប្រណាំងការអនុវត្តន៍គោលនយោបាយភូមិឃុំ មានសុវត្ថិភាព។ 
ជាមួយគ្នានោះ ឯកឧត្ដមអភិបាលខេត្ត ក៏បានសម្តែងការកោតសសើរ និងវាយតម្លៃខ្ពស់ចំពោះ ថ្នាក់ដឹកនាំ មន្ត្រីរាជការស៊ីវិល និងកងកម្លាំងប្រដាប់អាវុធ ព្រមទាំងអជ្ញាធរគ្រប់ថ្នាក់ និងអ្នកពាក់ព័ន្ធទាំងអស់ ដែលបានធ្វើការប្តេជ្ញាចិត្តចូលរួមយ៉ាងសកម្មក្នុងការអនុវត្តតួនាទី ភារកិច្ច តាមការកំណត់នៃច្បាប់ លិខិតបទដ្ឋានជាធរមាន ព្រមទាំងចូលរួមចំណែក និងផ្តល់កិច្ចសហការគាំទ្រ ធ្វើឲ្យរដ្ឋបាលខេត្តកំពង់ចាមសម្រេចបានសមិទ្ធផលនានា ជាច្រើននៅក្នុង០១ឆ្នាំកន្លងទៅនេះ។ 
បន្ទាប់ពីស្តាប់នូវរបាយការណ៍ បូកសរុបលទ្ធផលការងារឆ្នាំ២០១៩ និងទិសដៅការងារឆ្នាំ២០២០ របស់រដ្ឋបាលខេត្ត រួចមក ឯកឧត្ដមអភិបាលខេត្ត ក៏បានធ្វេីការបែងចែកក្រុមពិភាក្សា លើប្រធានបទសំខាន់ៗ ដើម្បី ប្រមែប្រមូលធាតុចូល ពីសមាជិក សមាជិកា នៃអង្គសន្និបាត សម្រាប់បំពេញបន្ថែមលើខ្លឹមសារ និងទិសដៅ ព្រមទាំងគោលការណ៍សំខាន់ៗ សម្រាប់អនុវត្តន៍ ក្នុងឆ្នាំ២០២០នេះបន្តទៀត ៕









































