បញ្ជាការដ្ឋានតំបន់ប្រតិបត្តិការសឹករងកំពង់ធំប្រគេនអង្ករ៣០០គ.កនិងបច្ច័យដល់ព្រះសង្ឃដើម្បីចង្ហាន់ក្នុងវត្តក្នុងដំណាក់កាលជំងឺរាតត្បាតកូវីដ១៩

កំពង់ធំ៖ មេបញ្ជាការដ្ឋានតំបន់ប្រតិបត្តិការសឹករងកំពង់ធំ បានដឹកនាំក្រុមការងារ នាំយកអង្ករចំនួន៣០០ គ.ក មីចំនួន ១៤ កេស និងបច្ច័យចំនួន៩៥០,០០០ រៀល ដល់ព្រះសង្ឃដែលកំពុងតែជួបនូវការខ្វះខាត ក្នុងដំណាក់កាលជំងឺរីករាលដាលកូវិដ១៩ នៅវត្តបទុមរតន៍ហៅវត្តក្រចាប់ សង្កាត់អាចារ្យលាក់ ក្រុងស្ទឹងសែន ខេត្តកំពង់ធំ ។

ពិធីប្រគេនគ្រឿងឧបភោគ បរិភោគ ដល់ព្រះសង្ឃដើម្បីផ្គត់ផ្គងចង្ហាន់ព្រះសង្ឃ ៤៦ អង្គ និងយាយជីតាជី ដែល គង់ និង រស់នៅ ក្នុង វត្ត ត្រូវបានធ្វើឡើង ក្រោយពេល ព្រះតេជគុណភិក្ខុចិត្តកុត្តោជុំ ម៉ាប់ ព្រះគ្រូចៅអធិការវត្តបទុមរតន៍ សុំបិណ្ឌបាត្រ ក្នុងស្ថានភាពការពារ ការឆ្លងរីករាលដាលជំងឺកូវីដ១៩ ព្រះសង្ឃពុំបាន និមន្តចេញទៅបិណ្ឌបាត្រ នៅតាមភូមិ បានទៀតឡើយ ពិធីប្រគេនព្រះសង្ឃ ត្រូវបានធ្វើឡើង នៅថ្ងៃទី ២៦ ខែមីនា ឆ្នាំ ២០២០។

ឯកឧត្តមឧត្តមសេនីយ៍ទោ សោម ស៊ុន មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងកំពង់ធំ បាននាំយកនូវអង្ករ និង មី អំណោយ ឯកឧត្តម ឧត្តមសេនីយ៍ឯកបណ្ឌិត ហ៊ុន ម៉ាណែត ទៅប្រគេនដល់ព្រះសង្ឃ ក្នុងឳកាសនេះ ផងដែរ ឧត្ដមសេនីយ៍ ទោ សោម ស៊ុន បានសំណូមពរព្រះសង្ឃលោកយាយ លោកតា ពុទ្ធបរិស័ទទាំងអស់ មេត្តា រក្សាអនាម័យតាមការណែនាំ ក្រសួងសុខាភិបាល ដើម្បីរួមគ្នាថែរក្សាសុខភាព បញ្ជៀសពីជំងឺរាតត្បាត ដ៍កាចសាហាវជំងឺកូវីដ១៩ នេះ និងកាត់បន្ថយការជួបជុំគ្នា ដែលមានមនុស្សច្រើន ដើម្បីការពារនិងទប់ស្កាត់ ការឆ្លងជំងឺ ។

ព្រះសង្ឃអាចារ្យគណៈកម្មការវត្តនិងលោកយាយលោកតាដែលរស់នៅក្នុងវត្តមានសេចក្ដីត្រេកអរចំពោះសន្តានចិត្តប្រកបដោយមនុស្សធម៌និងគុណធម៌ដ៏ប្រពៃរបស់ឯកឧត្តម ឧត្ដមសេនីយ៍ ទោ សោម ស៊ុន និង ថ្នាក់ដឹកនាំនៃបញ្ជាការដ្ឋានតំបន់ប្រតិបត្តិការសឹករងកំពង់ធំ  និងបានអរគុណ ឯកឧត្តមបណ្ឌិតហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទនិងជាមេបញ្ជាការកងទ័ពជើងគោក ដែលបានប្រគេនមីនិងអង្ករដល់ព្រះសង្ឃនិងពុទ្ធបរិស័ទ។

ដោយ ប៊ុន រដ្ឋា