ខេត្តព្រះសីហនុ នារសៀលថ្ងៃសុក្រ ៤កើត ខែចេត្រ ឆ្នាំកុរ ឯកស័ក ព.ស ២៥៦៣ ត្រូវនឹងថ្ងៃទី២៧ ខែមីនា ឆ្នាំ២០២០ គណៈប្រតិភូក្រុមគ្រូពេទ្យចិន ដឹកនាំដោយលោក អៃ ស៊ាង (AI XIANG) អនុប្រធានការិយាល័យសុខាភិបាល នៃសាធារណរដ្ឋប្រជាមានិតចិន បានចូលជួបពិភាក្សាការងារជាមួយ លោក ម៉ាង ស៊ីណេត អភិបាលរងខេត្ត តំណាងឱ្យឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ ដើម្បីធ្វើការចែករំលែកបទពិសោធ ក្នុងការព្យាបាល និងទប់ស្កាត់ជំងឺ Covid-19 នៅព្រះរាជាណាចក្រកម្ពុជា។
លោក អៃ ស៊ាង (AI XIANG) បាននិយាយថា វិធានការ ផ្សព្វផ្សាយរបស់ចិន និងកម្ពុជា អំពីវិធីការពារ និងទប់ស្កាត់ជំងឺ Covid-19 ជូនដល់សាធារណជនមានលក្ខណៈប្រហាក់ប្រហែលគ្នា។ប៉ុន្តែការព្យាបាលមានការខុសគ្នាខ្លះ ។
លោក អៃ ស៊ាង បន្តថា ដោយសារប្រទេសចិន និងប្រទេសកម្ពុជាមានទំនាក់ទំនងល្អ និងចំណងការទូតដ៍រឹងមាំ រដ្ឋាភិបាលចិន បានបញ្ជូនក្រុមគ្រូពេទ្យស្ម័គ្រចិត្ត មកជួយព្យាបាលទប់ស្កាត់ជំងឺ Covid-19 នៅកម្ពុជា ។ពេលនេះក្រុមគ្រូពេទ្យមកពីប្រទេសចិន កំពុងធ្វើការងារជាមួយក្រសួងសុខាភិបាលកម្ពុជា ដើម្បីចែករំលែកបទពិសោធន៍ និងវិធីសាស្ត្រក្នុងការព្យាបាល និងការទប់ស្កាត់ការឆ្លងជំងឺ Covid-19 ។
ទី១.ផ្សព្វផ្សាយដល់ប្រជាពលរដ្ឋឱ្យនៅឆ្ងាយពីជនបរទេស ឬជនចំណូលថ្មី។ ២.ទប់ស្កាត់ជំងឺដែលនាំចូលពីក្រៅប្រទេស។៣.ការព្យាបាល។៤.បណ្តុះបណ្តាលដល់មន្ត្រីសុខាភិបាលនៅតាមរាជធានី ខេត្ត អំពីការធ្វើតេស្តនិងការពិសោធន៍។៥.បណ្តុះបណ្តាលក្រុមគ្រូពេទ្យនៅតាមមន្ទីរពេទ្យក្នុងការព្យាបាលជំងឺ Covid-19 ។ លោក AI XIANG បានបង្ហាញឆន្ទៈក្នុងការជួយកម្ពុជាដើម្បីប្រឆាំងកូវីដ១៩។ទន្ទឹមនោះលោកចង់ឱ្យខេត្តនីមួយៗ មានមន្ទីរពិសោធន៍ខ្លួនឯង ដោយមិនចាំបាច់ នាំយកនូវសំណាកទៅកាន់ រាជធានីភ្នំពេញនាំឱ្យខាតពេល។
លោក ម៉ាង ស៊ីណេត ក៏បានថ្លែង អំណរគុណ លោក អៃ ស៊ាង (AI XIANG) ប្រតិភូទាំងអស់ ដែលបានចែករំលែកនូវបទពិសោធន៍ពាក់ព័ន្ធនឹងការប្រយុទ្ធប្រឆាំងកូវីដ១៩និងបានស្នើសុំទៅ រដ្ឋាភិបាលចិន តាមរយៈ លោក អៃ ស៊ាង (AI XIANG) ដែលជាប្រធានប្រតិភូ នូវសម្ភារ:បរិក្ខារថ្នាំដើម្បីធ្វើការព្យាបាល និងទប់ស្កាត់ Covid-19 នៅព្រះរាជាណាចក្រកម្ពុជា៕