សឹករងព្រះវិហារក្រើនរំលឹកដល់នាយទាហាន ពលទាហានអនាម័យល្អជានិច្ច ដើម្បីរួមគ្នាប្រយុទ្ធប្រឆាំងនឹងជំងឺ COVID-19

ខេត្តព្រះវិហារ៖ សេចក្តីក្រើនរំលឹកនោះ បានធ្វើឡើងកាលពីល្ងាចថ្ងៃទី៣០មីនា ម្សិលមិញ ក្នុងគ្រាដែល មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងព្រះវិហារ លោកឧត្តមសេនីយ៍ទោ ច័ន្ទ សុភ័ក្រ្តា ដឹកនាំមន្ត្រីយោធាសំខាន់ៗ ចុះទៅកាន់តំបន់បុស្សស្បូវ និងជាំតែ ស្ថិតនៅតាមបណ្តោយខ្សែបន្ទាត់ព្រំដែនកម្ពុជា-ថៃ ក្នុងដែនដីរដ្ឋបាលស្រុកជាំក្សាន្ត ខេត្តព្រះវិហារ។
ដំណើរឆ្ពោះទៅកាន់តំបន់ព្រំដែនកម្ពុជា-ថៃ របស់មេទ័ពប្រចាំខេត្តព្រះវិហារនោះ ត្រូវគេដឹងថា ដើម្បីជួបសួរសុខទុក្ខ និងផ្សព្វផ្សាយ ស្តីពី ការទប់ស្កាត់ ការរីករាយដាល នៃជម្ងឺផ្លូវដង្ហើមប្រភេទថ្មី កូរ៉ូណាវីរុស Covid-19 ដល់នាយទាហាន ពលទាហាន និងគ្រួសារកងទ័ព ដែលកំពុងស្ថិតនៅតំបន់បុស្សស្បូវ និងជាំតែ នៃខ្សែបន្ទាត់ព្រំដែនកម្ពុជា-ថៃ។
លោកឧត្តមសេនីយ៍ទោ ច័ន្ទ សុភ័ក្ត្រា លោកបានធ្វើការផ្សព្វផ្សាយ អំពី វិធីនៃការទប់ស្កាត់ ការរីករាលដាលជំងឺកូវីដ១៩ ដល់នាយទាហាន នាយទាហានរង ពលទាហាន និងគ្រួសារកងទ័ព ជាច្រើនរយនាក់ ដែលកំពុងឈរជើងនៅលើខ្សែត្រៀមជួរមុខ ក្នុងទិសបុស្សស្បូវ និងជាំតែ នៃខ្សែបន្ទាត់ព្រំដែនកម្ពុជា-ថៃនោះ។ លោកឧត្តមសេនីយ៍ បានណែនាំអោយលាងដៃនឹងសាប៊ូ អាល់កុល ឬ ចឹលសម្លាប់មេរោគ អោយបានញឹកញាប់ ត្រូវពាក់ម៉ាស ប្រើក្រមា ត្រូវនៅឃ្លាតពីគ្នា ១ម៉ែត្រកន្លះ បញ្ឈប់ការចាប់ដៃ បែរជាមកសំពះគ្នាវិញ និងហាមយកដៃដែលមិនស្អាត ទៅប៉ះមុខ ប៉ះមាត់ និងប៉ះភ្នែកជាដាច់ខាត។ លោកឧត្តមសេនីយ៍មេបញ្ជាការ មានប្រសាសន៍ ណែនាំទៀតថា បើទោះបីជានាយទាហាន ពលទាហាន និងគ្រួសារកងទ័ពទាំងអស់ រស់នៅឆ្ងាយពីទីប្រជុំជនយ៉ាងណាក្តី កុំគិតថា ជំងឺផ្លូវដង្ហើមប្រភេទថ្មី កូរ៉ូណាវីរុស COVID-19 នេះ មិនអាចឆ្លងមកដល់ទីនេះអោយសោះ ព្រោះជំងឺនេះ វាឆ្លងតាមរយះមនុស្សដូចគ្នា។ ដូច្នេះ សូមអ្នកទាំងអស់គ្នា ត្រូវបង្កើនការយកចិត្តទុកដាក់ខ្ពស់ជានិច្ច ចំពោះសុខភាពខ្លួនឯង និងត្រូវរួមគ្នាការពារ ការឆ្លងរីករាលដាលដល់អ្នកដទៃទៀតបានអោយសោះ ហើយបើសិនជាមាននរណាម្នាក់ មានការសង្ស័យ ថាមានកើតជំងឺនេះ ដូចជា ហៀរសំបុរ ឬ ក្តៅខ្លួនខុសធម្មតា ត្រូវទៅកាន់មណ្ឌលសុខភាព ឬមន្ទីរពេទ្យបង្អែក ជាបន្ទាន់។ លោកថា ប្រសិនបើអនុវត្តបានបែបនេះជាប្រចាំនោះ ជំងឺកូវីដ១៩ នឹងមិនអាចរាតត្បាត នៅតាមតំបន់ព្រំដែននេះបានឡើយ ហើយក៏ជាការរួមគ្នាទប់ស្កាត់ ការឆ្លងរីករាលដាល នៃជំងឺកូវីដ១៩ បានយ៉ាងមានប្រសិទ្ធភាព ដោយអនុវត្តតាមអនុសាសន៍ណែនាំដ៏ខ្ពង់ខ្ពស់របស់ សម្តេចតេជោ សែន នាយករដ្ឋមន្ត្រីកម្ពុជា។ លោកបានថ្លែងទៀតថា ពិភពលោកទាំងមូល កំពុងតែផ្តោតទៅលើបញ្ហាការរីករាលដាល ជំងឺកូវីដ១៩ ហើយអង្គការសុខភាពពិភពលោក និងប្រទេសនៅលើសកលលោក កំពុងរួមគ្នារិះរកវិធីព្យាបាល និងកំចាត់មេរោគប្រភេទថ្មីនេះ អោយមានប្រសិទ្ធភាព។ ដោយឡែក រាជរដ្ឋាភិបាលកម្ពុជា កំពុងយកចិត្តទុកដាក់ខ្ពស់ ទៅលើសុខភាព និងជីវភាពរស់នៅរបស់កងកម្លាំងប្រដាប់អាវុធ និងបងប្អូនប្រជាពលរដ្ឋទូទាំងប្រទេស ហើយបានដាក់ចេញ នូវវិធានការជាបន្តបន្ទាប់ ដើម្បីជួយដល់ប្រជាពលរដ្ឋកម្ពុជា អោយបានគេចផុតពីជំងឺកូវីដ១៩ ដ៏កាចសាហាវនេះ។ លោកឧត្តមសេនីយ៍ បានក្រើនរំលឹកដល់នាយទាហាន និងពលទាហានទាំងអស់ ត្រូវបង្កើនការ ការពារសន្តិសុខព្រំដែន អោយបាល្អ និងត្រូវមានសាមគ្គី ឯកភាពផ្ទៃក្នុងគ្នា ក៏ដូចជានៅក្នុងជួរកងកម្លាំងដូចគ្នា អោយបានរឹងមាំ និងទំនាក់ទំនងជាមួយគ្នាជានិច្ច៕