ខេត្តកំពង់ឆ្នាំង នៅព្រឹកថ្ងៃទី 8 ខែមេសាឆ្នាំ 2020 នេះមន្ត្រីសាលាដំបូងខេត្ត ដឹកនាំដោយ លោក ទី មុនិន្ទ ព្រះរាជអាជ្ញារង អមសាលាដំបូង ខេត្តកំពង់ឆ្នាំង បានចុះអនុវត្តដីការក្សាការពារលើដីនិងផ្ទះសំណាក់មួយកន្លែងស្ថិតនៅក្នុងភូមិស្រែព្រីង សង្កាត់កំពង់ឆ្នាំង ក្រុងកំពង់ឆ្នាំង តាមបណ្ដឹងរបស់ម្ចាស់ផ្ទះ ប៉ុន្តែដោយមានការតវ៉ាពីអ្នកទទួលការខុសត្រូវនៅទីនោះ ការអនុវត្តនិតិវិធី នេះត្រូវបានពន្យារពេលទៅវិញ ។
នៅក្នុងនោះដែរ ស្ត្រី ឈ្មោះឈុន សំណាង អាយុ៥២ឆ្នាំ មានទីលំនៅរាជធានីភ្នំពេញ ដែលជាអ្នកមើលការ
ខុសត្រូវ និងថែទាំ ផ្ទះសំណាក់ ហេងសំណាង ខាងលើបានបញ្ជាក់ឲ្យដឹងថា៖ នៅក្នុងអំឡុងឆ្នាំ២០១១ លោក អៀ ភក្តី រួមជា មួយនឹងឪពុក របស់ខ្លួន បានទៅស្នើសុំឲ្យគាត់ មកជួយចាំនិង មើលថែរក្សាដីនិងផ្ទះនៅខេត្តកំពង់ឆ្នាំងមួយនេះ ហើយកាលណោះ ផ្ទះនេះមានព្រៃស៊ុបទ្រុប គួរឱយខ្លាច រូបគាត់និងក្រុមគ្រួសារ ក៏បានកាប់ឆ្ការព្រៃហើយ បានសំអាតផ្ទះនោះជាថ្មី ព្រោះផ្ទះគ្មានមនុស្សនៅ ក្រោយមកទៀត រូបគាត់ក៍ បានឯកភាពជាមួយលោក អៀ ភក្តី ជាម្ចាស់ផ្ទះ គឺបើកធ្វើផ្ទះសំណាក់ ដោយដាក់ឈ្មោះ ហេងសំណាង គាត់ក៍បានប្រកបមុខរបរលក់ដូរបន្តិចបន្តួច បន្ថែម ពីលើការបើកផ្ទះសំណាក់ បាន ៤ ឆ្នាំ។ ហើយនៅក្នុងអំឡុងឆ្នាំ២០១៤ ដោយសារតែទំនាស់ផ្ទៃក្នុងរវាងគ្រួសារលោក អៀ ភក្តី ជាមួយនឹងគ្រួសារ ជាមួយនិងម្ចាស់ដីមុន ឈ្មោះ អៀ ភក្តី បានមកសុំឱ្យគាត់ផ្តិតមេដៃ ដើម្បីធ្វើជាកិច្ចសន្យាជួលផ្ទះគាត់ក្នុង ១ខែ ១០០ដុល្លារ ដើម្បីជាលេសអ្វីមួយ ក្នុងគ្រួសារគេ គាត់ក៍មិនដឹងដែរ ។ ស្រាប់តែថ្មីៗនេះ ឈ្មោះ អៀ ភក្កី បានឱយគាត់ចាកចេញ ដោយគ្មាន ដោះស្រាយអ្វីសោះ ។
អស់រយៈពេលជាង១០ឆ្នាំដែលគាត់ មករស់នៅនិងកាន់កាប់ទីនេះគាត់បានចំណាយពេលវេលា ថវិកាជួសជុល រួមទាំងឈ្មោះ អៀ ភក្តី ដែលបានមកលេងម្ដងៗ ហូបចុក របស់គាត់ អស់ ៦-៧ រយដុល្លារគាត់មិនដែលបានគិតលុយអ្វីនោះទេ ។
ឈ្មោះ អៀ ភក្តី ជាម្ចាស់ផ្ទះ មានបំណងយកផ្ទះនេះ ឲ្យទៅអ្នកដទៃវិញ ដោយឱយគាត់ចាកចេញ គ្មានសំណងអ្វីសោះ គាត់មិនសុខចិត្តឡើយ គឺស្នើសុំឲ្យតុលាការរកយុត្តិធម៌ឱយគាត់ផង គាត់សុំទារសំណង១២ម៉ឺនដុល្លា តែម្ចាស់ផ្ទះសុំឲ្យត្រឹម៣ពាន់ដុលា្ល គាត់មិនសុខចិត្តឡើយ។
ដោយឡែកនៅចំពោះមុខអ្នកសារព័ត៌មានលោក អៀ ភក្តី អាយុ៤០ឆ្នាំ រស់នៅរាជធានីភ្នំពេញ ដែលជាម្ចាស់ផ្ទះ បានបញ្ជាក់ថាកាលដើមឡើយ គាត់ក៏ជាបុគ្គលិកអង្គការមួយដែលគ្រប់គ្រងនៅបរិវេណម្ដុំនេះ។ កាលនោះគេហៅថាសាលាតាបារាំង ដែលគ្រប់គ្រងដោយជនបរទេស។ ប៉ុន្តែក្រោយពីការបែកបាក់ទៅ គាត់ ក៏បានគ្រប់គ្រងលើដីនេះហើយដោយឃើញថាផ្ទះមួយនេះទំនេរគាត់ក៏បានឱ្យស្ត្រីឈ្មោះ ឈុន សំណាង ចូលរស់ នៅដោយជួយថែរក្សាការពារទ្រព្យសម្បត្តិ និងឱ្យគាត់បើកផ្ទះសំណាក់ទៀតផង។
នៅឆ្នាំ ២០១៤ គាត់ក៏បានធ្វើកិច្ចសន្យាជួលឱ្យគាត់ក្នុងមួយខែ ១០០ ដុល្លារ ពិតមែន ។ ហើយចាប់ពីពេលនោះមកគាត់ក៏មិនដែលបានលុយកាក់អ្វីនោះ ទេ សូម្បីតែមួយរៀល ទេគាត់ក៍មិនទាមទារ អ្វីដែរ ។ ប៉ុន្តែការរស់នៅរបស់ស្ត្រី ឈុន សំណាង ដែលបានចំណូលពីផ្ទះសំណាក់ មិនបានជួយថែរក្សាអ្វីទេ ផ្ទះក្លាយពីស្អាតមក គគ្រិច មើលមិនយល់ ។
ក្នុងនាមសិទ្ធិជាម្ចាស់ផ្ទះគាត់សុំរកយុត្តិធម៌ចង់ បានដីនិងផ្ទះត្រឡប់មកវិញ បែជាគាត់ក្លាយជាជនរងគ្រោះ ត្រូវបង់លុយឱយគេទៅវិញឬអី ក្នុងនាមមនោសញ្ចេតនា គាត់ឱយប៉ុណ្ណឹងល្មមទទួលយកបានហើយ។
នៅព្រឹកនោះក្រោយពីស្តាប់អង្គហេតុហើយ លោក ព្រះរាជអាជ្ញា ក៏បានធ្វើកំណត់ហេតុនិងពន្យារពេលទៅថ្ងៃក្រោយ ហើយជុំវិញបញ្ហាខាងលើនេះ យើងមិនអាចកាន់ជើងខាងណាខុសខាងណាត្រូវនោះទេទុកអោយតុលាការ ជាអ្នកសម្រេចទៅចុះ ៕