អាជ្ញាធរ ខេត្តកំពង់ចាម ចុះសួរសុខទុក្ខ និងចែកសម្លៀកបំពាក់ ជូនប្រជាពលរដ្ឋក្រីក្រ នៅមណ្ឌលសុខភាព និងមណ្ឌលកុមារកំព្រា

កំពង់ចាម : ដើម្បី រួមចំណែកសម្រាលនូវការលំបាក របស់ប្រជាពលរដ្ឋ ដែលមានជីវភាពខ្វះខាត ខណៈដែលពិភពលោក ក៏ដូចជា ប្រទេសកម្ពុជា កំពុងប្រឈមទៅនឹងជម្ងឺកូវីដ១៩ នាព្រឹកថ្ងៃទី០៨ ខែមេសា ឆ្នាំ២០២០នេះ លោកជំទាវ ប៉ាង ដានី អភិបាលរងខេត្ត និងជាប្រធានប្រតិបត្តិសាខា សមាគមនារីកម្ពុជា ដើម្បីសន្តិភាព និងអភិវឌ្ឍន៍ ខេត្តកំពង់ចាម រួមដំណើរជាមួយ លោកជំទាវ ស្រី គឹមឆយ អ្នកតំណាងរាស្រ្តមណ្ឌលកំពង់ចាម បានដឹកនាំប្រតិភូ ចុះសួរសុខទុក្ខ និងនាំយកអំណោយជាសម្លៀកបំពាក់ របស់ឯកឧត្ដម អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម និងលោកជំទាវ ចែកជូនប្រជាពលរដ្ឋ ដែលមានជីវភាពខ្វះខាត នៅមណ្ឌលសុខភាព និងមណ្ឌលកុមារកំព្រា នៅក្នុងសង្កាត់វាលវង់ និងសង្កាត់សំបួរមាស ក្រុងកំពង់ចាម ។
នាឱកាសនោះដែរ លោកជំទាវ ប៉ាង ដានី បានពាំនាំនូវប្រសាសន៍ ផ្ដាំផ្ញើសាកសួរសុខទុក្ខពីសំណាក់ ឯកឧត្ដម អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម និងលោកជំទាវ ជូនចំពោះ ប្រជាពលរដ្ឋដែលមានជីវភាពខ្វះខាត បុគ្គលិកមណ្ឌលសុខភាព និងថ្នាក់ដឹកនាំ ម៉ែដោះ ព្រមទាំង ក្មួយៗជាកុមារកំព្រា នៅក្នុងមណ្ឌលកុមារកំព្រា ទាំងអស់ផងដែរ ។
លោកជំទាវបញ្ជាក់ថា ដោយសារតែបច្ចុប្បន្ននេះ កម្ពុជា ក៏ដូចជា ពិភពលោក កំពុងប្រឈមទៅនឹងការរីករាលដាល នៃវីរុសកូវីដ ១៩ ថ្ងៃនេះ ក្នុងនាមរដ្ឋបាលខេត្ត និងសាខាសមាគមនារីកម្ពុជា ដើម្បី សន្តិភាព និងអភិវឌ្ឍន៍ ខេត្តកំពង់ចាម បាននាំយកសម្ភារៈ ជាគ្រឿង ឧបភោគ បរិភោគ ក៏ដូចជា សម្លៀកបំពាក់ក្មេង និងមនុស្សចាស់ ផ្ដល់ជូនគ្រួសារ ដែលមានជីវភាពខ្វះខាត ក៏ដូចជា មណ្ឌលសុខភាពបន្តចែកជូនប្រជាពលរដ្ឋ ជាពិសេស ស្រ្តីដែលមករកសេវាសម្រាល នៅតាមមណ្ឌលសុខភាព ផងដែរ ។ ជាមួយ គ្នានោះ ដោយទឹកចិត្តអាណិតអាសូរ ចំពោះ លោកគ្រូ ម៉ែដោះ ក៏ដូចជា ក្មួយៗកុមារកំព្រា លោកជំទាវផ្ទាល់ ក៏បាននាំនូវសម្ភារៈសិក្សា និងរបស់របរលេង សម្រាប់ក្មួយៗ នៅមណ្ឌលកុមារកំព្រា ផងដែរ ។
ស្ថិតក្នុងឱកាសនោះដែរ លោកជំទាវ ប៉ាង ដានី ក៏បានផ្ដាំផ្ញើ ចំពោះ ប្រជាពលរដ្ឋទាំងអស់ ក៏ដូចជា ប្រធានមណ្ឌលសុខភាព សូមចូលរួមចំណែក ជាមួយរាជរដ្ឋាភិបាល ដោយយកចិត្តទុកដាក់ អនុវត្តទៅតាមការណែនាំ របស់ក្រសួងសុខាភិបាល តាមរយៈសារអប់រំសុខភាពផងដែរ ៕