មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងកំពង់ធំបន្តចែកអំណោយជូនប្រជាពលរដ្ឋមានជីវភាពខ្វះខាតក្នុងពេលទប់ស្កាត់ការពារជំងឺឆ្លងកូវិដ១៩

ខេត្តកំពង់ធំ៖ ឯកឧត្តម ឧត្តមសេនីយ៍ទោ សោម ស៊ុន មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងកំពង់ធំ បានបន្ត សកម្មភាព នាំយកអំណោយ ទៅផ្តល់ជូនពលរដ្ឋក្រីក្រមួយគ្រួសារ ដែលមានជីវភាពខ្វះខាត លំបាកក្នុងពេល យុទ្ធនាការការពារទប់ស្កាត់ការឆ្លងរីករាលដាលជំងឺកូវិដ១៩ ពិធីចែកអំណោយ ត្រូវបានធ្វើឡើងនៅ ភូមិរលួស  សង្កាត់ស្រយ៉ូវ ក្រុងស្ទឹងសែន  ខេត្តកំពង់ធំ  នៅល្ងាចថ្ងៃទី១៤ ខែមេសា ឆ្នាំ២០២០   ។

ក្រោយពីឯកឧត្តម មេបញ្ជាការ បានបំពេញភារកិច្ចស្នូលរបស់អង្គភាព ក៏បានឆ្លៀតពេលដែលនៅសល់បន្តិច បន្តួច ដឹកនាំសហការី និងមានការចូលរួម ពីសំណាក់អាជ្ញាធរដែនដី នាំយកអំណោយរបស់ ឯកឧត្តម ឧត្ដមសេនីយ៍ឯកបណ្ឌិត ហ៊ុន ម៉ាណែត មេបញ្ជាការកងទ័ពជើងគោក ចែកជូនគ្រួសារទីទ័លក្រឈ្មោះកុង ឡោម អាយុ៥២ឆ្នំា មានស្បៀងអាហារ  និងថវិកាមួយចំនួន សម្រាប់ការដោះស្រាយជីវភាព ។

ឧត្តមសេនីយ៍ទោ សោម ស៊ុន បានមានប្រសាសន៍ថា លោក កុង  ឡោម អាយុ៥២ឆ្នំា មានជំងឺប្រចាំកាយ អស់រយៈពេល៥ឆ្នាំមកហើយ មានជីវភាពទីទ័ល់ក្រ គ្មានលទ្ធភាពក្នុងការព្យាបាលជំងឺនោះឡើយ  និងមិនអាចប្រកបមុខរបរបាននោះទេ។

ចំណែកមានភរិយា ឈ្មោះ ហ៊ឹម សុន អាយុ៥០ឆ្នំា មានកូនចំនួន៥នាក់នៅក្នុងបន្ទុក មានជំងឺប្រចាំកាយមិនអាចទៅ ប្រកបមុខរបរអ្វីបានឡើយ  រស់នៅបច្ចុប្បន្នដោយពឹងផ្អែកលើកូនប្រុសម្នាក់អាយុ១៥ ឆ្នំា ធ្វើជាកម្មករសំណង់ បានប្រាក់មកទិញអង្ករចិញ្ចឹមជីវិត  កន្លងមកនៅពេលរដូវវស្សា គ្រួសារនេះនាំគ្នា បានដើរបេះត្រកួន ដកព្រលឹត រកក្តាមខ្ចង ដើម្បីយកមកលក់ យកប្រាក់មកចិញ្ចឹមជីវិតគ្រួសារ រីឯអំណោយដែលបានប្រគល់ជូន  មានអង្ករ៥០  គីឡូក្រាម មីចំនួនបីកេស ទឹកត្រីទឹកស៊ីអ៊ីវ ចំនូន២ យួរ  និងថវិកាមួយចំនួនផងដែរ   ។

ដោយ ប៊ុន រដ្ឋា