ឯកឧត្តម ឧត្តមសេនីយ៍ឯក ស ថេត ជម្រុញឱ្យកម្លាំងនគរបាលរាជធានីភ្នំពេញបង្កើនប្រតិបត្តិការប្រើប្រាស់វិធានការសរុបធានាសុវត្ថិភាពសាធារណៈ

ភ្នំពេញ៖  ឯកឧត្តម ឧត្តមសេនីយ៍ឯក ស ថេត អគ្គស្នងការរងនគរបាលជាតិនិងជាស្នងការនគរបាលរាជធានីភ្នំពេញ ថ្លែងក្នុងកិច្ចប្រជុំបូកសរុបភាពការណ៍កិច្ចប្រតិបត្តិការ រក្សាសន្តិសុខ សណ្តាប់ធ្នាប់សង្គម ប្រចាំខែមេសា ឆ្នាំ២០២០ របស់ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញនៅព្រឹក២៣ ខែមេសា ឆ្នាំ២០២០ លើកឡើងដោយជម្រុញឱ្យកម្លាំងនគរបាលការិយាល័យជំនាញព្រហ្មទណ្ឌនិងកម្លាំងនៅតាមបណ្តាអធិការដ្ឋាននគរបាលខណ្ឌទាំង១៤ ត្រូវបង្កើនសហប្រតិបត្តិការប្រើប្រាស់វិធានការសរុបដើម្បីថែរក្សាសុវត្ថិភាពសាធារណៈដោយចាត់វិធានការបង្ការទប់ស្កាត់និងបង្រ្កាបចាប់ខ្លួនជនសង្ស័យ ដែលបានធ្វើសកម្មភាពក្នុងអំពើឆក់កាបូបនិងឆក់ទូរស័ព្ទជនរងគ្រោះនៅក្នុងរាជធានីភ្នំពេញដើម្បីយកទៅផ្តន្ទាទោសតាមច្បាប់។ខណៈដែលគេមើលឃើញថា អំពើឆក់ធ្វើឡើងពីសំណាក់ជនល្មើសនៅក្នុងរាជធានីភ្នំពេញជាបញ្ហាមួយដែលជាទុក្ខង្វល់របស់ប្រជាពលរដ្ឋ។ករណីបទល្មើសឆក់ខ្លះក៏បានបង្កជនរងគ្រោះរងរបួសនិងរហូតទៅដល់កបាត់បង់ជីវិតទៀតផង។ទន្ទឹមដែលរបាយការណ៍របស់ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញបង្ហាញឱ្យដឹងថារយៈពេល០១ខែនៅខែមេសាចុងក្រោយនេះបទល្មើសឆក់មានការកើនឡើង១២លើកក្នុងនោះបានកើតឡើង២១លើក។ខណ្ឌដែលមានបទល្មើសឆក់កើនឡើងចំនួន០៧ខណ្ឌគឺខណ្ឌពោធិ៍សែនជ័យ,ខណ្ឌបឹងកេងកង,ខណ្ឌមានជ័យ,ខណ្ឌនពេញ,ខណ្ឌ៧មករា,ខណ្ឌសែនសុខ និងខណ្ឌកំបូល។
ដោយឡែកក្នុងកិច្ចប្រតិបត្តិការបង្រ្កាបជនសង្ស័យក្នុងអំពើឆក់។កម្លាំងនគរបាលការិយាល័យព្រហ្មទណ្ឌកម្រិតស្រាលនិងកម្លាំងនគរបាលអធិការដ្ឋាននគរបាលខណ្ឌទាំង១៤ បានបង្រ្កាបចាប់ខ្លួនជនសង្ស័យសម្រេចបាន១៨ករណីនិងឃាត់ខ្លួនជនសង្ស័យចំនួន៣២នាក់យកទៅចាត់ការតាមផ្លូវនោះហើយ។ក្រុមជនសង្ស័យដែលជាមុខសញ្ញាក្នុងអំពើឆក់នោះភាគច្រើនជាយុវជនដែលប្រើប្រាស់គ្រឿងញៀន។
នៅក្នុងកិច្ចប្រជុំនោះផងដែរលោកអធិការតាមបណ្តាខណ្ឌមួយចំនួននិងលោកស្នងការរងក៏បានលើកឡើងពីបញ្ហាប្រឈមមួយចំនួនដែលបង្កការលំបាកក្នុងកិច្ចប្រតិបត្តិការដូចជាកាម៉ារ៉ាសុវត្ថិភាពនៅតាមទីសាធារណៈមួយចំនួនខូចមិនដំណើរការពិបាកនិងការស្រាវជ្រាវស្វែងរកកំណត់មុខសញ្ញាជនសង្ស័យ។
ក្នុងកិច្ចប្រជុំនោះផងទៀតឯកឧត្តម ឧត្តមសេនីយ៍ឯក ស ថេត ក៏បានរដាក់បទបញ្ជាទៅលោកអធិការនិងលោកនាយការិយាល័យជំនាញពាក់ព័ន្ធ ត្រូវបន្តដឹកនាំកម្លាំងចុះទៅទប់ស្កាត់ហាមឃាត់ក្រុមជួបជុំផឹកស៊ីស្រវឹងស្រានៅពេលយប់ចាក់ធុងបាសបង្កសម្លេងរំខានប្រជាពលរដ្ឋជិតខាង។បញ្ហានេះកន្លងមកកម្លាំងនគរបាលបានចុះធ្វើការងារទប់ស្កាត់បានច្រើនមកហើយធ្វើឱ្យប្រជាពលរដ្ឋមានការគាំទ្រ។
ឯកឧត្តម ឧត្តមសេនីយ៍ឯក ស ថេត បានលើកឡើងទៀតថាការទប់ស្កាត់នៃការជួបជុំផឹកស៊ីនេះផងដែរក៏ជាការចូលរួមបង្ការទប់ស្កាត់ជម្ងឺឆ្លងកូវីដ១៩។ពីព្រោះការជួបជុំនេះក៏ជាបញ្ហាប្រឈមនិងការឆ្លងរីករាលដាលមេរោគកូវីដ១៩ ដែលក្រសួងសុខាភិបាលក៏ឱ្យធ្វើការហាមឃាត់នោះផងដែរ៕សំ វិច្ឆិកា