កំពង់ចាម : ឯកឧត្តម ហេង វណ្ណនី អភិបាលរងខេត្ត តំណាងឯកឧត្តម អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម និងជាប្រធានគណៈកម្មាធិការគ្រប់គ្រងគ្រោះមហន្តរាយខេត្ត នាព្រឹក ថ្ងៃ ទី ៣០ ខែមេសា ឆ្នាំ ២០២០នេះ បានអញ្ជើញចូលរួមកិច្ចប្រជុំគណៈកម្មការត្រួតពិនិត្យ វាយតម្លៃ ការៀបចំតាំងទីលំនៅថ្មី របស់ បងប្អូន ប្រជាពលរដ្ឋ ដែលរងផលប៉ះពាល់ដោយ កត្តាធម្មជាតិ ការបាក់ស្រុតច្រាំងទន្លេ ក្នុងខេត្តកំពង់ចាម ដោយ មានការអញ្ជើញចូលរួមពីសំណាក់មន្ត្រីជំនាញ ថ្នាក់ដឹកនាំ មន្ទីរអង្គភាព ពាក់ព័ន្ធ និងរដ្ឋបាលក្រុង-ស្រុកដែលពាក់ព័ន្ធផងដែរ។
ឯកឧត្តម ហេង វណ្ណនី អភិបាល រង ខេត្ត បាន ឲ្យដឹងថា ពាក់ព័ន្ធ នឹង ករណី គ្រោះ ធម្មជាតិ សម្រាប់ ខេត្តកំពង់ចាម មានក្រុង-ស្រុក ចំនួន០៦ លើ១០ក្រុង-ស្រុក ដែលទទួលរងផលប៉ះពាល់ ដោយសារការបាក់ស្រុតច្រាំងទន្លេ ជារៀងរាល់ឆ្នាំ ដែល ក្នុង នោះ រួមមាន នៅក្នុង ស្រុកស្ទឹងត្រង់ មានចំនួន ៥ឃុំ ស្រុកកំពង់សៀម មាន ចំនួន ៦ឃុំ ស្រុកកោះសូទិន មាន ៤ឃុំ ក្រុងកំពង់ចាម មាន ១សង្កាត់ ស្រុកកងមាស មាន ៥ឃុំ និងស្រុកស្រីសន្ធរ មាន ៥ឃុំ ផងដែរ ។ 
ឯកឧត្តម អភិបាល រង ខេត្ត បាន បញ្ជាក់ ថា ពាក់ព័ន្ធ នឹង គ្រោះ ធម្មជាតិ នេះដែរ ជាក់ស្តែងក្នុងឆ្នាំ២០១៩កន្លងទៅ ខេត្តកំពង់ចាម ទទួលរងផលប៉ះពាល់ដោយសារការបាក់ស្រុតច្រាំងទន្លេ មាន ប្រវែងប្រមាណជា២២.១៧៦ម៉ែត្រ និងទទឹងចាប់ពី៥ ទៅ៣០ម៉ែត្រ បណ្តាលឲ្យរុះរើផ្ទះចំនួន១២២ខ្នង ក្នុងនោះផ្ទះចំនួន២១ខ្នង ពុំទាន់បានសាងសង់ឡើងវិញ នៅឡើយទេ និងផ្ទះដែលប្រឈមនឹងការរុះរើ មាន រហូត ចំនួន៥៥៩ខ្នង និង សាលាឃុំ១កន្លែង ហេីយ ក៏ មាន ការ ប៉ះពាល់ដល់ហេដ្ឋាចរនាសម្ព័ន្ធ និងផ្ទៃដីកសិកម្ម របស់បងប្អូនប្រជាពលរដ្ឋមួយចំនួន ផងដែរ ៕





































