មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងកំពង់ធំចាត់ក្រុមគ្រូពេទ្យបាញ់ថ្នាំសម្លាប់មេរោគគ្រប់បណ្តាផ្នែកសឹករង​ទាំង៩ និងវរសេនាតូចទាំង២

0

ខេត្តកំពង់ធំ៖ ក្រោមការយកចិត្តទុកដាក់ ពីសំណាក់ ឯកឧត្តម មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងកំពង់ធំ ចំពោះសុខទុក្ខ និងសុវត្តិភាព សុខភាព របស់កងកម្លាំងយោធិន នៅតាមបណ្តាផ្នែកសឹករង​ទាំង៩ និងវរសេ​នាតូចទាំង២ ចំណុះឲ្យបញ្ជាការតំបន់ប្រតិបត្តិការសឹករងកំពង់ធំ បានចាត់តាំងក្រុមគ្រូពេទ្យបាញ់ថ្នាំសម្លាប់មេរោគ ដើម្បីការពារ និងទប់ស្កាត់ការឆ្លងរីករាលដាលជម្ងឺកូវិដ១៩ ដែលកម្មវិធី បានធ្វើឡើងចាប់តាំងពីថ្ងៃទី៦ ដល់ថ្ងៃទី១១ ខែ ឧសភា ឆ្នាំ២០២០។

ឯកឧត្តម ឧត្តមសេនីយ៍ទោ សោម ស៊ុន មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងកំពង់ធំ បានមានប្រសាសន៍ថា  ដោយអនុវត្តន៍ខ្ជាប់ខ្ជួន នូវបទបញ្ជារបស់ឯកឧត្តម មេបញ្ជការកងទ័ពជើងគោក និងបទបញ្ជារបស់ឯកឧត្តម មេបញ្ជការយោធភូមិភាគទី៤  និងយោងតាមសេចក្តីណែនាំរបស់ក្រសួងសុខាភិបាល ស្តីពីការប្រយុទ្ធប្រឆាំង ការពារ ទប់ស្កាត់ការឆ្លងរីករាលដាលមេរោគកូវីដ១៩  គឺបានធ្វើការផ្សព្វផ្សាយ  អប់រំណែនាំដល់យោធិនទាំងអស់ រួមទាំងក្រុមគ្រួសារយោធិន ត្រូវបន្តការពារខ្លួន អោយជៀស ផុតពីជំងឺកូវីដ១៩នេះ ។

ឧត្តមសេនីយ៍ទោ សោម ស៊ុន បានចាត់តាំងលោកវរសេនីយ៍ត្រី លី ស៊ីណា នាយផ្នែកគិលានដ្ឋានតំបន់សឹក រង ចុះទៅផ្សព្វផ្សាយសេចក្តីជូនដំណឹង គ្រប់បណ្តាកងឯកភាព ដើម្បីអោយបងប្អូនបានយល់ដឹង និងមានការប្រុងប្រយ័ត្នខ្ពស់ ដោយមិន ត្រូវមានការធ្វេសប្រហែស  បើទោះប្រទេសកម្ពុជាយើងមកដល់ពេលនេះ មិនមានអ្នកឆ្លងថ្មី និងគ្មានអ្នកស្លាប់ ក៏ដោយ តែនៅលើពិភពលោក មាន អ្នកឆ្លងមេរោគនេះកើនឡើងដល់ចំនួន ៣លាន៨សែននាក់ និងមានអ្នកស្លាប់ ដោយសារមេរោគកូវីដ១៩នេះ  ជាង២៦ម៉ីននាក់រួចមកហើយ ។

ទទឹមគ្នានេះដែរ ឧត្តមសេនីយ៍ទោ សោម ស៊ុន ក៏បានជម្រុញឲ្យគ្រប់បណ្តាផ្នែកសឹករង ស្រុកក្រុង បង្កើនការ​ដាំដុះដំណាំបន្លែបង្កា និងចិញ្ចឹមសត្វ នៅក្នុងអង្គភាព ដើម្បីជួយសម្រួលដល់អង្គភាព និងកាត់បន្ថយការ​ចំណាយ ក្នុងពេលដែលកាលៈទេសៈ ការពារនិងទប់ស្កាត់ការឆ្លងរីករាលដាលមេរោគកូវិដ១៩នេះផងដែរ។

ដោយ ប៊ុន រដ្ឋា