ខេត្តកែបៈផ្ទះពលរដ្ឋចំនួន ១២ ខ្នង នៅស្រុកដំណាក់ចង្អើរ ខេត្តកែប ក្នុងនោះ ០៣ ខ្នង នៅភូមិភ្នំលាវ ០២ ខ្នង នៅភូមិព្រៃតាកុយ ក្នុង ឃុំពងទឹក និង ០១ ខ្នង នៅភូមិអំពេង ០៦ ខ្នង នៅភូមិកោះសោម ក្នុង ឃុំអង្កោល ត្រូវបានរងការខូចខាត ខ្លះដួលរលំ ខ្លះប៉ើងដំបូលខ្លះទៀតរបើកជញ្ជាំងដោយសារខ្យល់កន្ទ្រាក់ដែលលាយឡំជាមួយទឹកភ្លៀងកាលពីវេលាម៉ោង ប្រមាណ ០២ រសៀល ថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០១៤ ។ 
ភ្លាមៗនោះឯកឧត្តមកែនសត្ថាអភិបាលខេត្តនិងជាប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្តកែប ក៏បានដឹកនាំសមាជិក សមាជិកា គណៈកម្មាធិការសាខា មន្ត្រីប្រតិបត្តិ រួមជាមួយ លោក ទេព យុទ្ធី អភិបាលស្រុក និង ជាប្រធានអនុសាខាកាកបាទក្រហមកម្ពុជាស្រុកដំណាក់ចង្អើរនិងសហការីព្រមទាំងអាជ្ញាធរមូលដ្ឋាន ឃុំ ភូមិ បានចុះពិនិត្យស្ថានភាព និង នាំយកអំណោយ សង្គ្រោះបន្ទាន់របស់សាខាកាកបាទក្រហមកម្ពុជាខេត្តទៅឧបត្ថម្ភដល់បងប្អូនប្រជាពលរដ្ឋដែលរងគ្រោះដោយគ្រោះធម្មជាតិខ្យល់កន្ទ្រាក់ ទាំង ១២ គ្រួសារដល់ទីកន្លែង ។
អំណោយសង្គ្រោះបន្ទាន់ដែលសាខាកាកបាទក្រហមកម្ពុជាខេត្តកែបនាំយកទៅជួយឧបត្ថមនាពេលនោះ ក្នុងមួយគ្រួសារៗទទួលបាន អង្ករ ០១ បាវ ស្មើនឹង ៥០ គីឡូក្រាមមីយើង ០១ កេះ តង់ធំ០១ ទឹកត្រី ០១ យួរ ស្មើ ១២ ដប និង ថវិកា សម្រាប់គ្រួសាររងការខូចខាតធ្ងន់ ចំនួន៥គ្រួសារ ក្នុងមួយគ្រួសារៗ ២០ ម៉ឺនរៀល គ្រួសារខូចខាតមធ្យម ចំនួន៦គ្រួសារ មួយគ្រួសារៗ ១៥ ម៉ឺនរៀល និង គ្រួសារដែលរងការខូចខាតស្រាល ចំនួន១គ្រួសារ ៥ ម៉ឺនរៀល ។
មានប្រសាសន៍ក្នុងឳកាសនោះឯកឧត្តមកែនសត្ថាបានសម្តែងនូវការចូលរួមសោកស្តាយចំពោះការបាត់បង់ទ្រព្យសម្បត្តិ ផ្ទះសម្បែង របស់បងប្អូនប្រជាពលរដ្ឋ ព្រមទាំងពាំនាំនូវការផ្តាំផ្ញើសាកសួរសុខទុក្ខពីសំណាក់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធាន កាកបាទក្រហមកម្ពុជា ដែលជានិច្ចជាកាលតែងតែនឹករលឹក និង គិតគូរដល់ជីវភាពរស់នៅរបស់បងប្អូនប្រជាពលរដ្ឋគ្រប់ទិសទីទូទាំងប្រទេសដោយពុំប្រកាន់និន្នាការនយោបាយអ្វីឡើយ។
ឯកឧត្តមបានបន្តថាអំណោយសង្គ្រោះដែលនាំយកមកចែកជូននាពេលនេះគឺគ្រាន់តែដោះស្រាយជីវភាពរបស់បងប្អូនមួយគ្រាប៉ុណ្ណោះហេតុនេះបងប្អូនត្រូវបន្តខិតខំបង្កបង្កើនផលបន្ថែមទៀតទាំងដំណាំស្រូវទាំងដំណាំរួមផ្សំផ្សេងៗឲ្យបានច្រើនទៅតាមទីកន្លែងនិងតាមលទ្ធភាពដែលអាចធ្វើបានទើបធានាផ្គត់ផ្គង់ជីវភាពគ្រួសារបានគ្រប់គ្រាន់តាមតម្រូវការ។ឯកឧត្តមក៏បានផ្តាំផ្ញើដល់បងប្អូនប្រជាពលរដ្ឋឲ្យមានការប្រុងប្រយ័ត្ន ចំពោះគ្រោះធម្មជាតិ ព្រោះបច្ចុប្បន្ននេះ ពេលមានភ្លៀងផ្គររន្ទះ តែងតែមានខ្យល់កន្ទ្រាក់មកជាមួយ ដែលអាចបង្ករគ្រោះថ្នាក់ ជាយថាហេតុ។
ឯកឧត្តម បានកោតសរសើរចំពោះអាជ្ញាធរស្រុកឃុំភូមិនិងសមត្ថកិច្ចពាក់ព័ន្ធទាំងអស់ដែលបានយកចិត្តទុកដាក់ចំពោះស្ថានភាព ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋនៅតាមមូលដ្ឋាន រាល់ពេលកើតមានគ្រោះអាសន្នតែងតែបានផ្តល់ដំណឹងមកដល់សាខាកាកបាទក្រហមដើម្បីជួយសង្គ្រោះទាន់ពេលវេលា ។



































