ខេត្តកំពង់ធំៈ នៅទីបញ្ជាការតំបន់ប្រតិបត្តិការសឹករងកំពង់ធំ បានបើកកិច្ចប្រជុំមួយស្តីពី ការអនុវត្តតាមខ្លឹមសារ ប្រឡងប្រណាំង របស់កងយោធពលខេមរភូមិន្ទ ក្នុងការងារបង្កបង្កើនផល និងចិញ្ចឹមសត្វ ដើម្បីលើកកម្ពស់ជីវភាពរស់នៅរបស់កងទ័ព និងអនុវត្តតាមបទបញ្ជារបស់ ឯកឧត្តម ឧត្តមសេនីយ៍ឯក ពៅ ហេង មេបញ្ជាការរងកងទ័ពជើងគោក មេបញ្ជាការយោធភូមិភាគទី៤ ។
កិច្ចប្រជុំ ថ្នាក់ដឹកនាំ នៃបញ្ជាការដ្ឋានតំបន់ប្រតិបត្តិការសឹករងកំពង់ធំ ក្នុងគោលបំណង ពង្រឹងតួនាទីភារកិច្ចរបស់កងយុទ្ធពលខេមរៈភូមិន្ទ និងជម្រុញការងារប្រឡងប្រណាំងបង្កបង្កើនផល ចិញ្ចឹមសត្វ ដើម្បីលើកកម្ពស់ ការដោះស្រាយជីវភាពរស់នៅ បន្ថែមលើគោលរបបដែលថ្នាក់លើបានកំណត់ ពិធីនេះបានធ្វើឡើងនៅ នៅរសៀលថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២០ ស្ថិតក្រោមអធិបតីភាពឯកឧត្តមឧត្ដមសេនីយ៍ទោ សោម ស៊ុន មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងកំពង់ធំ និងមានការអញ្ជើញចូលរួម លោកមេបញ្ជាការរង លោកនាយរងសេនាធិការ និងនាយទាហាន តាមបណ្ដាស្ថាប័នពាក់ព័ន្ធចូលរួមផងដែរ ។

ឧត្តមសេនីយ៍ទោសោម ស៊ុន មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងកំពង់ធំ បានមានប្រសាសន៍ថា ក្នុងកាលៈទេសៈប្រយុទ្ធប្រឆាំងកូវីដ១៩ ដោយអនុវត្តតាម បទបញ្ជារបស់ឯកឧត្តម មេបញ្ជាការកងទ័ពជើងគោក តម្រូវកងកម្លាំងទាំងអស់ ប្រមូលផ្ដុំនៅក្នុងអង្គភាព ដើម្បីត្រៀមអនុវត្តន៏តាមបទបញ្ជារបស់ថ្នាក់លើ ដូច្នេះកងកម្លាំងទាំងអស់ត្រូវអនុវត្តឱ្យបានម៉ឺងម៉ាត់ និងត្រូវចាត់តាំងកម្លាំងអនុវត្តការងារបង្កបង្កើនផល និងចិញ្ចឹមសត្វ ដោះស្រាយជីវភាពជូនបងប្អូនក្នុងការហូបចុកនៅហ្នឹងកន្លែង និង នៅតាមផ្ទះបាយក្នុងអង្គភាពនីមួយៗឲ្យបានល្អប្រសើរ ស្របតាមខ្លឹមសារប្រឡងប្រណាំងរបស់ថ្នាក់លើដែលបានដាក់ចេញ ។
ដើម្បីអនុវត្តតាមបទបញ្ជា និងអនុវត្តន៍ តាមខ្លឹមសារប្រឡងប្រណាំង ឲ្យមានប្រសិទ្ធភាព ឯកឧត្តមឧត្តមសេនីយ៍ទោ សោម ស៊ុន បានដឹកនាំសហការីចុះទៅគ្រប់បណ្ដាអង្គភាពផ្នែកសឹករងទាំង៩និងវរសេនាតូចទាំង២ ដើម្បីពង្រឹងការងារគ្រប់គ្រងកងកម្លាំង និងពិនិត្យសកម្មភាពបង្កបង្កើនផល និងចិញ្ចឹមសត្វរបស់អង្គភាពនីមួយៗ ព្រមទាំងបានផ្ដល់នូវគ្រាប់ពូជដំណាំ បន្លែបង្ការ ដែលជាការផ្តល់ជូនពី ឯកឧត្តមអគ្គនាយកដ្ឋានភស្តុភាហិរញ្ញវត្ថុ នៃក្រសួងការពារជាតិ ជូនដល់បងប្អូនផងដែរ។
ឯកឧត្តមឧត្តមសេនីយ៍ទោ សោម ស៊ុន បានក្រើនរំលឹកដល់យោធិនទាំងអស់ត្រូវមានការប្រុងប្រយ័ត្នមិនត្រូវធ្វេសប្រហែសក្នុងការការពារការឆ្លងរីករាលដាលនូវជម្ងឺកូវីដ១៩ ឡើយ។
ដោយ ប៊ុន រដ្ឋា




































