ខេត្តកំពង់ឆ្នាំង កិច្ចប្រជុំមួយ ដែលបានរៀបចំដោយ សាលាដំបូង និងអយ្យការ អមសាលាដំបូងខេត្តកំពង់ឆ្នាំង លើកដំបូង ជាមួយនឹងមន្ត្រីនគរបាលយុត្តិធម៌ ដោយមានការអញ្ជើញចូលរួម ពីកងរាជអាវុធហត្ថ កម្លាំងនគរបាល មន្រ្តីបរិស្ថាន មន្ត្រីជលផល និងមន្ត្រីរដ្ឋបាលព្រៃឈើ គយ ពេទ្យ និងមន្ទីរពាក់ពន្ធ័មួយចំនួនទៀត ដើម្បីលើកយកបញ្ហាប្រឈមពាក់ពន្ធ័ និងការកកស្ទះសំណុំរឿងកន្លងមក ហើយនិងលើកទិសដៅដែលត្រូវអនុវត្តន៏បន្ត កិច្ចប្រជុំនេះ ត្រូវបានធ្វើឡើងនៅក្នុងរយះពេល៣ថ្ងៃ ចាប់ពី១១ ១២ ១៣ ខែឧសភា ឆ្នាំ២០២០។
ក្នុងពិធីប្រជុំមន្រ្តីនគរបាលយុត្តធម៌ ក្នុងខេត្តកំពង់ឆ្នាំង ស្ថិតក្រោមអធិបតីភាព លោក តេង រតនា ប្រធានសាលាដំបូង ខេត្តកំពង់ឆ្នាំង និងលោក អ៉ិត សុធា ព្រះរាជអាជ្ញា អយ្យការអមសាលាដំបូងខេត្តកំពង់ឆ្នាំង រួមទាំងចៅក្រម ព្រះរាជអាជ្ញារង ក្រឡាបញ្ជី ចូលរួម និងបានសំណេះសំណាល ក្នុងកិច្ចការពង្រឹងផ្លូវច្បាប់ ដល់មន្ត្រីនគរបាលយុត្តិធម៌ ក្នុងគោលបំណងនៃការ បើកកិច្ចប្រជុំជាបន្ទាន់ ដល់មន្រ្តីនគរបាលយុត្តិធម៌ ពាក់ព័ន្ធនឹងការពង្រឹងការអនុវត្តច្បាប់ និងការកកស្ទះសំណុំរឿង នៅស្ថាប័នតុលាការជាអាទិភាព។
លោកអ៉ិត សុធា ព្រះរាជអាជ្ញាអមសាលាដំបូង ខេត្តកំពង់ឆ្នាំង បានមានប្រសាសន៍ថា ក្រោមការចង្អុលបង្ហាញពីឯកឧត្តម កើត រិទ្ធ រដ្ឋមន្រ្តីក្រសួងយុត្តិធម៌ បានជម្រុញឲ្យមានការ ពង្រឹងកិច្ចការ បញ្ហាប្រឈមនៃការកកស្ទះសំណុំរឿងនៅតុលាការ ដែលជាគោលដៅសំខាន់ក្នុងការស្វែងរកយុត្តិធម៌ ជូនប្រជាពលរដ្ឋហើយនិងមានការពាក់ព័ន្ធផ្នែក ការអនុវត្តដីការបស់មន្រ្តីនគរបាលយុត្តិធម៌ដែរ ។
លោក តេង រតនា ប្រធានសាលាដំបូងខេត្តកំពង់ឆ្នាំង បានណែនាំ និងសំណូមពរដល់មន្រ្តីនគរបាលយុត្តិធម៌ អោយចូលរួមពង្រឹងការអនុវត្តច្បាប់ និងរក្សាភាពយុត្តិធម៌ រួមទាំងដោះស្រាយជូនប្រជាពលរដ្ឋ ឲ្យបានឆាប់រហ័ស លើការកកស្ទះសំណុំរឿង និងយន្តការដោះស្រាយ ដោយជំរុញឲ្យចៅក្រម តំណាងអយ្យការ ក្រឡាបញ្ជី ត្រូវតែគោរពវិន័យក្នុងម៉ោងការងារ ម៉ោងប្រចាំការតាមវេន និងជំរុញឲ្យពន្លឿនចំណាត់សំណុំរឿងនៅគ្រប់ដំណាក់កាលនៃនីតិវិធី ក្នុងស្មារតីទទួលខុសត្រូវខ្ពស់ ដោយអនុវត្តតាមច្បាប់ និងជំរុញបង្កើនការអនុវត្តនីតិវិធីបញ្ជូនរឿងទៅជំនុំជម្រះ តាមCD និងCI ។
សមត្ថកិច្ចគ្រប់លំដាប់និងគ្រប់អង្គភាពប្តេជ្ញាចិត្តថានិងជួយក្នុងយុទ្ធនាការដោះស្រាយការកកស្ទះសំណុំរឿងតាមការស្នើសុំរបស់សាលាដំបូងនិងអយ្យការអមសាលាដំបូងខេត្តកំពង់ឆ្នាំង!
។ ដោយ ប៊ុន រដ្ឋា






































