លោកឧត្តមសេនីយ៍ទោ អ៊ុក កុសល ដឹកនាំកិច្ចប្រជុំផ្សព្វផ្សាយវិធានការពង្រឹងការអនុវត្តច្បាប់ស្តីពីចរាចរណ៍ផ្លូវគោក

0

កំពង់ធំ៖ លោកឧត្តមសេនីយ៍ទោ អ៊ុក កុសល ស្នងការនគរបាលខេត្តកំពង់ធំ នៅថ្ងៃទី១៤ ខែឧសភា ឆ្នាំ២០២០នេះ បានដឹកនាំកិច្ចប្រជុំផ្សព្វផ្សាយវិធានការពង្រឹងការអនុវត្តច្បាប់ស្តីពីចរាចរណ៍ផ្លូវគោកដល់មន្ត្រីនគរបាលទទួលការងារចរាចរណ៍ផ្លូវគោកនៅសាលប្រជុំស្នងការដ្ឋាននគរបាលខេត្តកំពង់ធំ។

លោកវរសេនីយ៍ឯក ប៉ែន ចាន់ដារ៉ា អនុផែនការងារសណ្ដាប់ធ្នាប់ បានចូលរួមផ្សព្វផ្សាយប្រសាសន៍ណែនាំដ៏ខ្ពង់ខ្ពស់របស់ឯកឧត្តម នាយឧត្តមសេនីយ៍ សន្តិបណ្ឌិតនេត សាវឿន អគ្គស្នងការនគរបាលជាតិដល់មន្ត្រីនគរបាលទទួលការងារចរាចរណ៍ផ្លូវគោក ដែលមានវត្តមានក្នុហកិច្ចប្រជុំ។

ក្នុងឱកាសនោះដែរលោកឧត្តមសេនីយ៍ទោ អ៊ុក កុសលស្នងការនគរបាលខេត្តកំពង់ធំបានថ្លែងថា កិច្ចប្រជុំផ្សព្វផ្សាយវិធានការពង្រឹងការអនុវត្តច្បាប់ស្តីពីចរាចរណ៍ផ្លូវគោក គឺមានគោលបំណងឲ្យមន្ត្រីជំនាញចាប់ពីការិយាល័យចរាចរណ៍ផ្លូវគោកដល់មន្ត្រីជំនាញចំណុះអធិការដ្ឋាននគរបាលក្រុង-ស្រុកបានយល់ពីតួនាទីភារកិច្ចដោយជៀសវាងការអនុវត្តផ្ទុយពីប្រសាសន៍ណែនាំដ៏ខ្ពង់ខ្ពស់របស់ឯកឧត្តម នាយឧត្តមសេនីយ៍ សន្តិបណ្ឌិតនេត សាវឿន អគ្គស្នងការនគរបាលជាតិដល់មន្ត្រីនគរបាលទទួលការងារចរាចរណ៍ផ្លូវគោក។ហើយចំពោះមន្ត្រីនគរបាល ដែលមិនបានចូលរួមកិច្ចប្រជុំនេះ លោកបានចុះ
ផ្សព្វផ្សាយផ្ទាល់នូវប្រសាសន៍ ណែនាំរបស់ថ្នាក់ដឹនាំនៅ តាមគោលដៅក្រុង-ស្រុកកាលពីម្សិលមិញមករួចហើយ។

លោកឧត្តមសេនីយ៍ទោស្នងការបានថ្លែងបន្តថាបន្ទាប់ពី
លោកវរសេនីយ៍ឯក ប៉ែន ចាន់ដារ៉ា ផ្សព្វផ្សាយប្រសាសន៍ ណែនាំ របស់ថ្នាក់ដឹកនាំរួចមកលោកស្នងការសង្ឃឹមថា បងប្អូនមន្ត្រីជំនាញ បានត្រង់ត្រាប់ស្តាប់ កក់ត្រាចំណាំចំនុចសំខាន់ៗ សម្រាប់យកទៅពិនិត្យ និងអនុវត្តឲ្យបានត្រឹមត្រូវនិងមានប្រសិទ្ធភាពក្នុងការរឹតបន្តឹងច្បាប់ចរាចរណ៍ផ្លូវគោក ស្របតាមអនុក្រឹត្យលេខ៣៩ អនក្រ.បក ថ្មី ដើម្បីទទួលជោគជ័យ។

ជាថ្មីម្ដងទៀតលោកឧត្តមសេនីយ៍ស្នងការបានក្រើនរំលឹកចំនុចសំខាន់ៗ ដល់មន្ត្រីជំនាញបន្តខិតខំផ្សព្វផ្សាយការរឹតបន្តឹងច្បាប់ចរាចរណ៍ផ្លូវគោកដល់ប្រជាពលរដ្ឋដើម្បីបំផុសស្មារតីចូលរួមគោរពអនុវត្តឲ្យមានប្រសិទ្ធភាពបំផុត។
នៅពេលដែលបំពេញភារកិច្ច ត្រូវស្លៀកពាក់ឯកសណ្ឋាន ឲ្យបានសមរម្យជាមន្ត្រីនគរបាលជាតិគោរពអនុវត្ត វិន័យ សីលធម៌ គោរពគំនាប់ឥរិយាបថ សុភាពរាបសារ ជាមួយប្រជាពលរដ្ឋ ព្រមទាំងទទួលយកព័ត៌មាន ក្ដីចម្ងល់ របស់ប្រជាពលរដ្ឋ ហើយចូលរួមដោះស្រាយឆ្លើយតប បានទាន់ពេលវេលា ដែលជាគំរូល្អ ដល់ប្រជាពលរដ្ឋ។

ជាមួយគ្នានោះដែរលោកឧត្តមសេនីយ៍ អ៊ុក កុសល ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តកំពង់ធំ បានណែនាំឲ្យមន្ត្រីនគរបាលក្រោមឱវាទនៃស្នងការដ្ឋានចូលរួមប្រយុទ្ធប្រឆាំង នៃការរីករាលដាលជំងឺ COVID-19 ដោយអនុវត្តតាមសេចក្តីណែនាំរបស់ក្រសួងសុខាភិបាលនិងប្រសាសន៍ណែនាំដ៏ខ្ពង់ខ្ពស់របស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ស្ដីពីវិធានការ
បង្ការ ការទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺវីរុសកូវិដ១៩ដ៏សាហាវនេះ៕