ភ្នំពេញៈ៖ លោកខ្វៃ អាទិត្យា អគ្គនាយកស្ថានីយវិទ្យុ និងទូរទស្សន៍អប្សរា និងជាអនុប្រធានក្រុមការងារចុះមូលដ្ឋានឃុំព្រះធាតុ ស្រុកអូររាំងឪ ខេត្តត្បូងឃ្មុំបានអញ្ជើញចុះផ្សព្វផ្សាយការអប់រំការពារប្រឆាំងជំងឺកូវីដ១៩ ដល់ប្រជាពលរដ្ឋឃុំព្រះធាតុ និងចែកសម្ភារមួយចំនួនកាលពីព្រឹកថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០២០ ។
ក្នុងឱកាសនោះលោកខ្វៃ អាទិត្យា បាននាំផ្ដាំផ្ញើសួរសុខទុក្ខ និងសេចក្ដីនឹករលឹកពីសំណាក់លោក សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងបរិស្ថាន លោក អ៊ាង សុផល្លែត ប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានស្រុក ជូនដល់ប្រជាពលរដ្ឋទាំង ដោយក្តីនឹករលឹក ។លោកបញ្ជាក់ថាជានិច្ចកាលថ្នាក់ដឹកនាំគណបក្សប្រជាជន កម្ពុជាដែលមានសម្ដេចតេជោ នាយករដ្ឋមន្ត្រី និងជាប្រធានគណបក្ស តែងតែយកចិត្តទុកដាក់គិតគូរខ្ពស់ចំពោះសុខទុក្ខប្រជាពលរដ្ឋគ្រប់រូប មិនប្រកាន់វណ្ណៈ ពណ៌សម្បុរ ជំនឿសាសនា ឬនិន្នាការនយោបាយណាមួយឡើយ ។
លោកបន្តថាអំណោយសប្បុរសធម៌នាថ្ងៃនេះក៏ជាការបង្ហាញនូវការយកចិត្តទុកដាក់ខ្ពស់ ចំពោះប្រជាពលរដ្ឋគ្រប់រូបពីសំណាក់ថ្នាក់ដឹកនាំ ពិសេសគឺក្រុមការងាររាជរដ្ឋាភិបាល និងក្រុមការងារគណបក្សគ្រប់លំដាប់ថ្នាក់ តាមទិសស្លោក ចូលរួមសម្រាប់គ្រប់ៗគ្នា -មិនទុកនរណាម្នាក់ចោល”។
លោកខ្វៃ អាទិត្យា បញ្ជាក់ថា ពិតជាគួរឲ្យរំភើបបំផុតនោះ បើតាមការបញ្ជាក់របស់ក្រសួងសុខាភិបាល គឺនៅព្រឹកនេះកម្ពុជាយើងបានជាដាច់អស់ចំពោះអ្នកជំងឺកូវីដ១៩។ ប៉ុន្តែបើទោះជាយ៉ាងនេះក្តី សូមឲ្យប្រជាពលរដ្ឋគ្រប់ថ្នាក់មូលដ្ឋាន ធ្វើអនាម័យជាប្រចាំ ដើម្បីរួមគ្នាទប់ស្កាត់ជំងឺCOVID-១៩ ព្រោះថាសកលលោកកំពុងតែរាតត្បាតនៅឡើយ ។
ម្យ៉ាងវិញទៀតសូមឱ្យបងប្អូនប្រជាពលរដ្ឋទាំងអស់ ត្រូវតែចេះការពារខ្លួនពីជំងឺរលាកសួតប្រភេទថ្មី កូវីដ ១៩ ដោយមេត្តាកុំមានការប្រមូលផ្ដុំជួបជុំជាក្រុម និងត្រូវអនុវត្តន៍តាមបទបញ្ជារបស់រាជរដ្ឋាភិបាល និងវិធាននានារបស់ក្រសួងសុខភិបាល ។
សូមបញ្ជាក់ថា ប្រជាពលរដ្ឋចូលរួមទាំង២០គ្រួសារមកពីភូមិចំនួន៥ គឺភូមិថ្មីលើ ភូមិថ្មីកណ្តាល ភូមិជ័យសោភណ្ឌ ភូមិទួលមានជ័យ និងភូមិទួលសំបូរ ដែលមានជីវភាពខ្វះខាត ក្នុងមួយគ្រួសារ ទទួលបានមីមួយកេស ទឹកសុទ្ធមួយកេះធំ ទឹកលាងដៃមួយដប ថវិកាមួយចំនួន។ ក្នុងនោះលោកអគ្គនាយកក៏បានឧបត្ថម្ភថាស់DTV២គ្រឿង និងជែលលាងដៃ៤កេស ដល់សាលាស្រុកអូររាំងឪ និងគណពង្រឹងឃុំព្រះធាតុ ដែលអំណោយទាំងអស់នេះជារបស់សប្បុរសជន និងក្រុមការងារគណបក្សចុះមូលដ្ឋានឃុំព្រះធាតុ ស្រុកអូររាំងឪ ៕




































