ខេត្តកំពង់ធំ៖ ឧត្ដមសេនីយ៍ទោសោម ស៊ុន មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងកំពង់ធំ បានអញ្ជើញចុះ សួរសុខទុក្ខ ប្អូនប្រុស ដែលត្រូវខ្សែភ្លើងឆក់ រហូតត្រូវកាត់ដៃទាំងសងខាង ធ្វើឲ្យពិការដៃទាំងពីរ ខណៈកំពុងតែសម្រាកព្យាបាលនៅផ្ទះ ស្របពេលដែលមានជីវភាព ជួបនិងការលំបាលខ្វះខាត បច្ចុប្បន្នបានមករស់នៅសំយ៉ាបផ្ទះរបស់បង នៅភូមិចុងព្រៃ ឃុំកំពង់ស្វាយ ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ ។
ប្អូនប្រុសពិការដៃទាំងសងខាង ត្រូវបានស្គាល់ឈ្មោះ កុក កួន អាយុ២៥ ឆ្នំា ប្រកបមុខរបរជាកម្មករសំណង់ នៅថ្ងៃកើតហេតុ ប្អូនប្រុស កុក កួន បានស៊ីឈ្នួលផ្សារដែកនៅលើដំបូលផ្ទះគេ មួយថ្ងៃ៣៥,០០០រៀល ទើបបណ្តាលឲ្យឆក់ខ្សែភ្លើង រលាកដៃទាំងសងខាង និងខ្លោចជើងទាំងពីរ កាលពីដើមខែឧសភា ឆ្នាំ២០២០ កន្លងទៅនេះ ស្ថិតនៅក្នុង ឃុំកំពង់ឈើទាល ស្រុកប្រាសាទសំបូរ ខេត្តកំពង់ធំ ក្រោយមកក្រុមគ្រួសារ សាច់ញាតិបានបញ្ជូនទៅវះកាត់ និងព្យាបាល នៅមន្ទីរពេទ្យ រាជធានីភ្នំពេញ អស់រយៈពេលមួយខែ ត្រូវបានកាត់ដៃទាំងពី មានភរិយាឈ្មោះរៀង រើន អាយុ២០ ឆ្នំានិងកូនតូចម្នាក់ ជាអ្នកថែរក្សា ។
ឧត្ដមសេនីយ៍ទោសោម ស៊ុន បានឆ្លៀតពេលក្រោយពីបញ្ចប់ការងារស្នូលរបស់អង្គភាព បានដឹកនាំសហការី រួមជាមួយអាជ្ញាធរដែនដី ចុះសាកសួរសុខទុក្ខ និងនាំយកនូវអំណោយរបស់ ឯកឧត្តម ឧត្ដមសេនីយ៍ ឯកបណ្ឌិត ហ៊ុន ម៉ាណែត មេបញ្ជាការកងទ័ពជើងគោក ទៅឧបត្ថម្ភជូន លោក កុក កួន ដែលមានអង្ករចំនួន៥០ គីឡូក្រាម មីចំនួន២កេស ទឹកផ្លែឈើចំនួនមួយកេស និងថវិកាមួយចំនួន នៅរសៀលថ្ងៃ០៤ ខែមិថុនា ឆ្នាំ ២០២០ ។
អាជ្ញាធរ និងក្រុមគ្រួសារ បានសម្តែងនូវការដឹងគុណ ដ៍ជ្រាលជ្រៅ ជាទីបំផុត ចំពោះកាយវិការមនុស្សធម៌ និងទឹកចិត្តដ៏ប្រពៃ របស់ឯកឧត្តម ឧត្ដមសេនីយ៍ ឯក ហ៊ុន ម៉ាណែត ដែលបានគិតគូរ ជួយដល់គ្រួសាររងគ្រោះ ដោយសារខ្សែភ្លើងឆក់ ខណៈកំពុងតែខ្វះខាតជាទម្ងន់ ក្នុងនោះក៏បាន សុំអំពាវនាវដល់ លោក លោកស្រី លោកជំទាវ ឯកឧត្តម ដែលមានចិត្តបុណ្យ ចិត្តសម្បុរសធម៌ មេត្តាជួយឧបត្ថម្ភជីវភាពគ្រួសារប្អូនប្រុស កុក កួន ខណៈកំពុងសម្រាកព្យាបាល ក្រោមសំយ៉ាប់ផ្ទះរបស់បងប្អូន តែពុំអាចជួយខ្លួនឯងបានឡើយ ។ដោយ ប៊ុន រដ្ឋា