រាជធានីភ្នំពេញៈ តាមរយៈលទ្ធផលនៃកិច្ចព្រមព្រៀងចំនួន៧ចំណុច ដែលចុះហត្ថលេខា ដោយសម្តេច អគ្គមហាសេនាបតី តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និង ជាអនុប្រធានគណបក្ស ប្រជាជនកម្ពុជា និងលោក សម រង្ស៊ី ប្រធានគណបក្ស សង្គ្រោះជាតិ ក្រោយពេលជួបប្រជុំកំពូល កាលពីថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០១៤ បានធ្វើឲ្យប្រជាពលរដ្ឋទូទាំងប្រទេស មានការអបអរយ៉ាងខ្លាំង ហើយសូម្បីតែបរទេសក៏អបអរជាបន្តបន្ទាប់ផងដែរ ។
ប្រជាពលរដ្ឋ មន្ត្រីរាជការ អ្នកក្រុង ក៏ដូចជាអ្នកស្រែសុទ្ធតែបានអបអរចំពោះដំណោះស្រាយ រវាងគណបក្សប្រជាជនកម្ពុជា និងគណបក្សសង្គ្រោះជាតិដែលអាចបញ្ចប់ បញ្ហាទាំងឡាយមុនគម្រប់ខួប១ឆ្នាំ នៃការបោះឆ្នោតថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០១៣ ដែលជាប់គាំងជិត១ឆ្នាំ។ ទូតជប៉ុនបានចេញសេចក្តីថ្លែងការណ៍ភ្លាមៗអបអរសាទរចំពោះ លទ្ធផលនៃដំណោះស្រាយរវាងគណបក្សទាំងពីរនេះ។ សូមបញ្ជាក់ថា តាមរយៈលទ្ធផលនៃកិច្ចចរចាបញ្ចប់វិបត្តិ នយោបាយរវាងមេដឹកនាំកំពូល នៃគណបក្សទាំងពីរកាលពីថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០១៤នៅក្នុងវិមានរដ្ឋសភាធ្វើឲ្យប្រជាពលរដ្ឋទូទៅមានសេចក្តី រីករាយយ៉ាងខ្លាំង ព្រោះប្រជាពលរដ្ឋចង់ឲ្យមេដឹកនាំគណបក្សកាន់អំណាច និងគណបក្សប្រឆាំងគិតគូរផលប្រយោជន៍ជាតិ និងផល ប្រយោជន៍ប្រជាពលរដ្ឋជាធំ ។ 
ជាមួយគ្នានេះប្រជាពលរដ្ឋ ក៏បានអំពាវនាវយ៉ាងទទូចផងដែរ ឲ្យមេដឹកនាំគណបក្សទាំង ពីរយក ចិត្តទុក ដាក់ដោះស្រាយបញ្ហានានា ដែលពាក់ព័ន្ធនឹងអាយុជីវិតជាតិដូចជាការដោះស្រាយបញ្ហាអន្តោប្រវេសន៍ខុសច្បាប់ ដោះស្រាយវិបត្តិដីធ្លី លុបបំបាត់អំពើពុករលួយ កែទម្រង់ស្ថាប័នតុលាការ ឲ្យមាន ភាពឯករាជ្យជាតិពិតប្រាកដ ព្រមទាំងពង្រឹងលទ្ធិប្រជាធិបតេយ្យ និងការគោរពសិទ្ធិមនុស្ស ឲ្យកាន់តែប្រសើរថែមទៀត។ ដំណោះស្រាយភាពជាប់គាំងផ្នែកនយោបាយ រវាងមេដឹកនាំកំពូលគណបក្សប្រជាជនកម្ពុជា និងគណបក្សសង្គ្រោះជាតិ កាលពីថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០១៤ គឺជារឿងដ៏សំខាន់បំផុត ដើម្បីការ បង្រួបបង្រួមជាតិ ផ្សះផ្សាជាតិពិតប្រាកដឈាន ទៅកសាងជាតិឲ្យមាន ការរីកចម្រើនឆាប់រហ័ស និងការពារបូរណភាពទឹកដី និងដោះស្រាយបញ្ហាសំខាន់ៗដែលនៅសេសសល់ ។
ចាប់ពីថ្ងៃនេះតទៅសង្ឃឹមថា មិនមានបាតុកម្មផ្សេងៗ កើតឡើងញឹកញាប់ ដូចកាលពីមុនទៀតទេ ព្រោះគណបក្សជាប់ឆ្នោតទាំងពីរ ត្រូវគិតគូរផលប្រយោជន៍ផលប្រយោជន៍ ប្រជាពលរដ្ឋជាធំ ហើយ ការរក្សាស្ថិរភាពនយោបាយសន្តិសុខ និងសណ្តាប់ធ្នាប់សង្គម គឺជារឿងដ៏សំខាន់បំផុត ។ជាពិសេស ស្ថាប័នឯករាជ្យនានា ឲ្យអាចបំពេញការងារបម្រើជាតិ និងប្រជាពលរដ្ឋស្របតាមគោលការណ៍នៃលទ្ធិប្រជាធិបតេយ្យ សេរីពហុបក្ស និងនីតិរដ្ឋ” ។
លទ្ឋផលនៃការប្រេជុំរវាងគណបក្សទាំងពីរនៅថ្ងៃនេះ គឺបានសម្រេចលទ្ឋផលដែលជាបំណងប្រាថ្នារបស់ប្រជាពលរដ្ឋទូទាំងប្រទេស ដោយឈរលើស្មារតី និង ឆន្ទៈបង្រួបបង្រួមជាតិ និង ឯកភាពជាតិខ្មែរ។ គណបក្ស CNRP បានសម្រេចចិត្តព្រមព្រៀងចូលរួមម្រើជាតិជាមួយគណបក្សប្រជាជន(CPP) ដែលសមាជិកសមាជិការទាំងអស់របស់គណបក្សនឹងចូលស្បថកាន់តំណែងស្របច្បាប់ជាផ្លូវការនៅពេលដ៏ខ្លីខាងមុខនេះ។ នេះគឺជាមោទនភាពរបស់ខ្មែរគ្រប់រូប ដែលយើងរួបរួមគ្នាការពារ កសាងប្រទេសជាតិអោយរីកចម្រើនទៅមុខ ដើម្បីអនាគតដ៏ត្រចះត្រចង់របស់ប្រជាពលរដ្ឋខ្មែរទូទាំងប្រទេស ហើយវាក៏បង្ហាញនូវប្រសិទ្ធភាពនៃដំណោះស្រាយកើតឡើងក្នុងរង្វង់គ្រួសារខ្មែរផងដែរ៕





































