សម្តេចព្រះមហាអរិយវង្សបណ្ឌិត យ៉ន សេងយៀត  និមន្តបើកបវេសនកាលពុទ្ធិកសិក្សាទូទាំងខេត្តប៉ៃលិន ឆ្នាំសិក្សា ២០២៥-២០២៦

(ប៉ៃលិន)៖ សម្តេចព្រះមហាអរិយវង្ស បណ្ឌិត យ៉ន សេងយៀត អនុប្រធានលេខាធិការដ្ឋានគណៈសង្ឃនាយក នៃព្រះរាជាណាចក្រកម្ពុជា និងជាព្រះរាជតំណាងដ៏ខ្ពង់ខ្ពស់ សម្តេចមហាសុមេធាធិបតី អំ លឹមហេង សម្តេចព្រះសង្ឃនាយក គណៈមហានិកាយ នៃព្រះរាជាណាចក្រកម្ពុជា នាព្រឹកថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០២៥នេះ បាននិមន្ត ជាព្រះអធិបតីភាពដ៏ខ្ពង់ខ្ពស់ ក្នុងពិធីបើកបវេសនកាលពុទ្ធិកសិក្សា ឆ្នាំសិក្សា ២០២៥-២០២៦ ទូទាំងខេត្តប៉ៃលិន ដែលបានប្រារព្ធធ្វើឡើងនៅវត្តរតនសោភ័ណ ហៅវត្តកោងកាង សង្កាត់ប៉ៃលិន ក្រុងប៉ៃលិន ខេត្តប៉ៃលិន។ ពិធីនេះក៏មានការនិមន្ត និងអញ្ជើញចូលរួម ពីសំណាក់ ព្រះមេគណទាំងពីរគណៈ , ព្រះសមាជិកលេខាធិការដ្ឋានគណៈសង្ឃនាយក ព្រះរាជាគណៈ មន្ត្រីសង្ឃសាលាគណ សាលាអនុគណក្រុង/ស្រុក លោក សោ សុវណ្ណ អភិបាលរងខេត្ត តំណាងដ៍ខ្ពង់ខ្ពស់លោកជំទាវបណ្ឌិត បាន ស្រីមុំ អភិបាល នៃគណៈអភិបាលខេត្តប៉ៃលិន ព្រះវិជ្ជារតនញាណ ក្តៀង សារ៉ាត់ ព្រះបាឡាតគណខេត្ត និងជាព្រះនាយកសាលាពុទ្ធិកអនុវិទ្យាល័យសម្តេច ហ៊ុន សែន ប៉ៃលិន ព្រមទាំង មន្ទីរធម្មការ និងសាសនាខេត្ត លោក លោកស្រី អាជ្ញាធរ តំណាងមន្ទីរ អង្គភាពជុំវិញរដ្ឋបាលខេត្ត សប្បុរសជន សមណៈសិស្សសរុបចំនួន ៣០២ អង្គ/នាក់។

លោក សោ សុវណ្ណ អភិបាលរងខេត្ត តំណាងដ៍ខ្ពង់ខ្ពស់លោកជំទាវបណ្ឌិត បាន ស្រីមុំ អភិបាល នៃគណៈអភិបាលខេត្តប៉ៃលិន បានមានប្រសាសន៍លើកឡើងថា៖ ក្នុងនាមរដ្ឋបាលខេត្តប៉ៃលិន និងរូបលោកផ្ទាល់ មានសេចក្តីសោមនស្សរីករាយក្រៃលែង និងសូម សម្តែងនូវការអបអរសាទរចំពោះលទ្ធផលនៃការសិក្សា និងលទ្ធផលក្នុងការប្រឡង របស់ព្រះតេជគុណ ជាបេក្ខសមណសិស្សគ្រប់ព្រះអង្គ ដែលបានបំពេញគន្ថធុរៈ ដោយបានខិតខំរៀនសូត្រ រហូតដល់បានបញ្ចប់ការសិក្សានាឆ្នាំ កន្លងទៅ។ លោកអភិបាលរងខេត្ត មានប្រសាសន៍បន្តថា៖ ការខិតខំរបស់សមណសិស្ស និងសិស្ស អស់រយៈពេលកន្លងទៅនេះ គឺជាការវាស់ស្ទង់សមត្ថភាព របស់បេក្ខសមណៈសិស្ស ហើយតទៅមុខទៀត ព្រះអង្គនឹងក្លាយជាធនធានសង្ឃ ខាងព្រះពុទ្ធសាសនាថេរវាទដ៏ សំខាន់ ជាពិសេសការទ្រទ្រង់សីលធម៌ ព្រះពុទ្ធសាសនា សម្រាប់អប់រំ និងដឹកនាំពុទ្ធបរិស័ទ ព្រមទាំងរួមចំណែក អភិវឌ្ឍន៍សង្គមជាតិទាំងមូល ជាមួយរាជរដ្ឋាភិបាល  ឱ្យកាន់តែរីកចម្រើនថែមទៀត។

លោក សោ សុវណ្ណ បានមានប្រសាសន៍បន្តទៀតថា៖ចំពោះបេក្ខសមណសិស្ស-សិស្សគ្រប់ព្រះអង្គ ទោះលទ្ធផល នេះព្រះអង្គធ្វើបានល្អឬមិនល្អ សូមកុំបោះបង់ការសិក្សា និងត្រូវខិតខំប្រឹងប្រែងសិក្សារៀនសូត្របន្តទៀត ព្រោះ តម្លៃសញ្ញាបត្រពុទ្ធិកសិក្សា  ក៏ត្រូវបានរាជរដ្ឋាភិបាលឱ្យតម្លៃសមមូល ទៅនឹងសញ្ញាបត្រស្មើ និងក្រសួងអប់រំយុវជន និងកីឡាផងដែរ។ កត្តាទាំងនេះ កើតចេញពីគោលនយោបាយឈ្នះ ឈ្នះ និងត្រឹមត្រូវរបស់សម្តេចតេជោហ៊ុន សែន អតីតនាយករដ្ឋមន្ត្រី ដែលជាអគ្គមគ្គទេសដ៏ឆ្នើមរបស់កម្ពុជា ដែលបានលះបង់ សាច់ស្រស់ ឈាមស្រស់ដើម្បីបុព្វ ហេតុជាតិ មាតុភូមិ។ ហើយបច្ចុប្បន្ន សម្តេចបវធិបតី ហ៊ុន ម៉ាណែត ជាអ្នកជំនាន់ក្រោយពោពេញ ទៅដោយសមត្ថភាព និងសក្តានុពលក្លៀវក្លា បន្តដឹកនាំរាជរដ្ឋាភិបាល អាណាតិទី៧ បានដាក់ចេញនូវយុត្តិសាស្ត្របញ្ចកោណ ដំណាក់ កាលទី១ ក្នុងនោះវិស័យធម្មការនិងសាសនា ត្រូវបានលើកកម្ពស់ជាបន្តបន្ទាប់ ។

សម្តេចព្រះមហាអរិយវង្ស បណ្ឌិត យ៉ន សេងយៀត អនុប្រធានលេខាធិការដ្ឋានគណៈសង្ឃនាយក នៃព្រះរាជាណាចក្រកម្ពុជា និងជាព្រះរាជតំណាងដ៏ខ្ពង់ខ្ពស់ សម្តេចមហាសុមេធាធិបតី អំ លឹមហេង សម្តេចព្រះសង្ឃនាយក គណៈមហានិកាយ នៃព្រះរាជាណាចក្រកម្ពុជា មានថេរៈដីកាក្រើនរំលឹក ដល់ព្រះសង្ឃ សមណសិស្ស ឱ្យមានព្រះទ័យភ្ញាក់រំលឹកខ្ពស់ ដឹងខ្លួនជាសមណភេទ ជាគំរូដល់សង្គម កុំភ្លេចខ្លួន មុននឹងធ្វើអ្វីៗមួយ ត្រូវមានសតិមាំ និងត្រូវប្រកាន់ភ្ជាប់​ឱ្យបាន​នូវអភិសមាចារ្យ ដើម្បីតម្កល់ខ្លួនក្នុងសមណភេទ ជាបុញ្ញក្ខេត្តដ៏ប្រសើរដល់ពុទ្ធសាសនិក ទាយក ទាយិកា។ ព្រះមេគណ មន្ត្រីសង្ឃ គណៈគ្រប់គ្រងពុទ្ធិកសិក្សា ជាពិសេសព្រះចោអធិការសូមបន្តយក​ព្រះទ័យ​ទុកដាក់ខ្ពស់​ក្នុងការគ្រប់គ្រងអប់រំដល់ភិក្ខុ សាមណេរ ក្រោមឱវាទឱ្យគោរពប្រតិបត្តិតាមគោលការណ៍ណែនាំនានារបស់គណៈសង្ឃគ្រប់ឋានុក្រម និងគោរពប្រណិបត្តិតាមធម៌វិន័យឱ្យបានភ្ជាប់ភ្ជួន។ សម្ដេច ក៍បានជំរុញព្រះមេគណ មន្ត្រីសង្ឃទាំងអស់ទូទាំងខេត្ត ព្រះមេត្តារៀបចំខ្លួន ឱ្យស្រប់តាមទំនើបកម្ម ក្នុងការដឹកនាំគ្រប់គ្រង ក្នុងយុគសម័យបច្ចេកវិទ្យាឌីជីថល ដើម្បីឆ្លើយតបទៅនឹង​តម្រូវការចាំបាច់ របស់ថ្នាក់ដឹកនាំ ជាពិសេសត្រូវពង្រឹងសមត្ថភាព ចំណេះជំនាញ និងពង្រឹងប្រសិទ្ធិភាពក្នុងការដឹកនាំ។ សម្តេច បានមានថេរៈដីកាបន្តថា៖ ទីវត្តអារាម ជាកន្លងបណ្ដុះបណ្ដាល និងរក្សាទុក វប្បធម៌ ប្រពៃណី ទំនៀបទំលាប់ដូនតា តាំងពីបុរាណកាលមក ត្រូវការយកចិត្តទុកដាក់ខ្ពស់ពីសំណាក់អាណាព្យាបាល ដែលក្នុងប្រទេសកម្ពុជា ក្រោមការដឹកនាំ​ដ៏ខ្ពង់ខ្ពស់របស់សម្ដេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រី រហូតបន្តដល់សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា ដែលជាអគ្គពុទ្ធសាសនិកជនដ៏ឆ្នើម តែងតែយកចិត្តទុកដាក់ និងលើកតម្កើង​ដល់វិស័យសាសនា ជាពិសេសព្រះពុទ្ធសាសនា ដែលជាសាសនារបស់រដ្ឋ លើកតម្កើងឧបត្ថម្ភគាំទ្រដល់សាលាពុទ្ធិកសិក្សាគ្រប់កម្រិត។

បើតាមរបាយការណ៍របស់ព្រះវិជ្ជារតនញាណ ក្តៀង សារ៉ាត់ ព្រះបាឡាតគណខេត្ត និងជាព្រះនាយកសាលាពុទ្ធិកអនុវិទ្យាល័យសម្តេច ហ៊ុន សែន ប៉ៃលិន បានឲ្យដឹងថា៖ បច្ចុប្បន្នវិស័យពុទ្ធិកសិក្សាគ្រប់កម្រិតក្នុង ខេត្តប៉ៃលិន មាន៖ សាលាពុទ្ធិកបឋមសិក្សា និងធម្មវិន័យ មានសាលាចំនួន១០សាលា មានបន្ទប់ចំនួន១៨បន្ទប់ -ថ្នាក់ឆ្នាំទី១ មានចំនួន១០បន្ទប់ មានសមណសិស្ស និងសិស្សចំនួន១៧៩អង្គ/នាក់១៨អង្គ/នាក់ ។ សាលាពុទ្ធិកអនុវិទ្យាល័យ មានចំនួន១សាលា មានបន្ទប់ចំនួន៣បន្ទប់ រួមមាន៖-ថ្នាក់ទី៧ មានសមណសិស្ស និងសិស្សចំនួន២០អង្គ/នាក់ ,ថ្នាក់ទី៨ មានសមណសិស្ស និងសិស្សចំនួន១១អង្គ/នាក់ ,ថ្នាក់ទី៩ មានសមណសិស្ស និងសិស្សចំនួន១៥អង្គ/នាក់ និងមានគណៈគ្រប់គ្រងចំនួន៣អង្គ មានគ្រូបង្រៀនក្របខណ្ឌចំនួន១នាក់ និងគ្រូជួលម៉ោងចំនួន៩អង្គ/នាក់ផងដែរ៕

អត្ថបទ សេង សុវណ្ណារិទ្ធ