ពលរដ្ឋអាម៉េរិក រាប់ពាន់នាក់ដែលសុទ្ធសឹង ជាអ្នកគាំទ្រដល់ប៉ាឡេស្ទីន នៅទីក្រុងធំបំផុត លំដាប់ ទីបួននៅអាម៉េរិក បានប្រមូលផ្តុំគ្នាតវ៉ា ប្រឆាំងនឹងការវាយប្រហាររបស់ អ៊ីស្រាអែល ទៅលើតំបន់ហ្គាសា ដែល រយៈពេល ១៨ថ្ងៃមកនេះ បានបណ្តាលឲ្យមនុស្សជាង ៨០០នាក់ស្លាប់ និង ៤ពាន់នាក់ផ្សេងទៀតរងរបួស។ 
ក្រុមអ្នក តវ៉ាសរុបមាន គ្នាជាង ២.០០០នាក់ បានប្រមូលផ្តុំនៅពីមុខផ្សារទំនើបដ៏ពេញនិយម មួយកន្លែងក្នុងទីក្រុង ហួស្តុន ដោយខ្លះ ស្រែកតវ៉ា និង ខ្លះទៀតលើកទង់ប្រឆាំង ព្រមទាំងពាក្យស្លោកថ្កោលទោស អំពើរបស់អ៊ីស្រាអែល ទៅលើ តំបន់ហ្គាសាស្ទ្រីព។ ក្រៅពីក្រុមប្រឆាំងអ៊ីស្រាអែលនោះ ក៏មានក្រុមគាំទ្រអ៊ីស្រាអែលផងដែរ ដោយពួកគេរាប់ រយនាក់បានប្រមូល ផ្តុំគ្នា នៅជិតកន្លែងតវ៉ារបស់ក្រុមគាំទ្រប៉ាឡេស្ទីន ហើយស្រែកពាក្យស្លោក ថា “យើងប្រយុទ្ធប្រឆាំង ចំពោះ ក្រុមភេរវករឥស្លាម”។
មន្ត្រីប៉ូលិសប្រចាំតំបន់បានអះអាងថា ការតវ៉ា គឺប្រព្រឹត្តដោយសន្តិភាព រយៈពេល ប្រមាណ ៣ម៉ោង។ ក៏មានការប្រឈមមុខដាក់គ្នា កើតឡើងដែរ ប៉ុន្តែមិនបានបង្កឲ្យមានមនុស្សណាម្នាក់ រងរបួសនោះឡើយ ព្រោះកងកម្លាំង ការពារសន្តិសុខ បានចេញប្រតិបត្តិការ គ្រប់គ្រងស្ថានការណ៍ បានយ៉ាងល្អ៕






































