ខេត្តកោះកុង៖ក្រោមដំបូលសន្ដិភាពនៃរាជរដ្ឋាភិបាលកម្ពុជាពលរដ្ឋគ្រប់រូបមានសិទ្ធិសេរីភាពពេញលេញក្នុងការចូលរួមចំណែក អភិវឌ្ឍសង្គមជាតិ និងសាសនាតាមជំនឿទំនៀមទម្លាប់ប្រពៃណីរបស់ខ្លួនដោយសេរី។អាណាចក្រនិងពុទ្ធចក្រពិតជាមិនអាចខ្វះមួយណាបានឡើយផ្នែកទាំងពីរនេះបានដើរតួនាទីសំខាន់ដូចគ្នានិងបំពេញអោយគ្នាទៅវិញទៅមកក្នុងការដឹកនាំសង្គមមួយអោយមានសុខសន្តិភាព ការអភិវឌ្ឍ និងសុខដុមនីយកម្ម។
ថ្ងៃទី២៤-២៥ខែតុលាឆ្នាំ២០២០ ឯកឧត្តម យន្ត មីន និង ក្រុមគ្រួសារបានធ្វើដើមកឋិនដង្ហែទៅ កាន់វត្តជ្រោយស្វាយ ស្រុកស្រែអំបិល ខេត្តកោះកុងដែលជាទឹកដីស្រុកកំណើត។
ផ្អែកតាមទិដ្ឋភាពនៃអង្គកឋិនទាននៅវត្តជ្រោយស្វាយថ្ងៃ២៤-25នេះ ពុទ្ធបរិស័ទញាតិមិត្តជិតឆ្ងាយ បានចូលរួមយ៉ាងច្រើនកុះកដើម្បីភ្ជាប់និស្ស័យអង្គកឋិននៅវត្តមុនីជលទ្ធារាម ហៅវត្តជ្រោយស្វាយ។
ទន្ទឹមនឹងអ្នកស្រុកនៅចំណុះជើងវត្ត ពុទ្ធបរិស័ទមកពីខេត្តព្រះសីហនុ មានប្រជាជន អ្នករកស៊ី និងមន្ត្រីមកពីបណ្តាក្រុង ស្រុកនានានៅខេត្តព្រះសីហនុ ព្រមទាំងថ្នាក់ដឹកនាំខេត្តព្រះសីហនុ បច្ចុប្បន្នផងដែរ ក៏បានបង្ហាញសមានចិត្តចំពោះឯកឧត្តម យន្ត មីនដោយបានចូលរួមនិងបរិច្ចាគទានក្នុងពិធី បុណ្យកឋិននៅវត្តជ្រោយ ស្វាយនេះដោយក្តីសោមនស្ស ក្នុងបរិយាកាសស្និទ្ធស្នាលក្រៃលែង។
តាមរយៈទិដ្ឋភាពនេះ យើងកត់សំគាល់ថា ឯកឧត្តម យន្ត មីន អតីតអភិបាលខេត្តព្រះសីហនុ នៅតែជានិមិត្តរូបនៃក្តីស្រឡាញ់ស្ថិតក្នុងបេះដូងប្រជាជននិងមន្ត្រីរាជការខេត្តព្រះសីហនុនិងខេត្តកោះកុងជានិច្ច ពិសេសអ្នកខេត្តព្រះសីហនុ។សម្រាប់បុណ្យកឋិនវត្តជ្រោយស្វាយនាឆ្នាំ២០២០នេះ បានទទួលបច្ច័យចំនួន២០៥លានរៀលហើយត្រូវបានប្រគេនជូនវត្តដើម្បីចាត់ចែងកសាងជាសមិទ្ធិផលនានាបន្តទៀតតាមការចាំបាច់។
បើតាម ឯកឧត្តម យន្ត មីន វត្តមុនីជលទ្ធារាម ហៅវត្តជ្រោយស្វាយនេះ លោកយន្ត មីន និងក្រុមគ្រួសារ បានផ្តួចផ្តើមកសាងនៅឆ្នាំ១៩៩៣ លើផ្ទៃដីជាង៥ហិចតា ជាដីអំណោយពីម្តាយ គឺឧបាសិការ ឈ្មោះ យោង ហ៊ុនមានទីរងនៅឃុំជ្រោយស្វាយស្រុកស្រែអំបិលខេត្តកោះកុងដោយមានការ គាំទ្រពីពុទ្ធបរិស័ទនៅភូមិជ្រោយស្វាយ និងញាតិមិត្តជិតឆ្ងាយ វត្តនេះត្រូវបានកសាងឡើង ហើយសមិទ្ធផលក្នុងទីអារាមក៏បានលេចរូបរាងឡើងជាបន្តបន្ទាប់ដូចសព្វថ្ងៃនេះ។
ចំពោះមុខនេះឯកឧត្តម យន្ត មីន កំពុងរៀបចំធ្វើរបងជូនវត្តបន្តទៀត។ជាក់ស្តែងសព្វថ្ងៃនេះ របងថ្មអមដោយចម្លាក់ក្បាច់បែបព្រះពុទ្ធសាសនាបាននឹងកំពុងកសាងព័ទ្ធជុំវិញទីធ្លារវត្ត។ក្រោមការផ្តួចផ្តើមដោយឯកឧត្តម យន្ត មីន និងលោកជំទាវ គឹម ញ៉ សប្បុរសជនជាច្រើនបានចូលរួមបរិច្ចាគទានកសាងតាមកំលាំងសទ្ធា។ក្នុងនោះប្រជាជន មន្ត្រីរាជការនិងអ្នកជំនួញឬឧកញ៉ា មួយចំនួនផងដែរបានចូលរួមច្រើនគួរអោយកត់សំគាល់។
ឯកឧត្តម យន្ត មីន បានថ្លែងអំណរគុណយ៉ាងក្រៃលែងចំញាតិមិត្តទាំងឡាយដែលបាន ចូលរួមក្នុងបុណ្យកឋិននិងលះបង់ទ្រព្យធនកសាងវត្តជ្រោយស្វាយនេះសូមទទួលបាន អានិសង្សកឋិនតាមកំលាំងសទ្ធារៀងខ្លួន។
សូមបញ្ជាក់ជូនថា ឯកឧត្តម យន្ត មីន ត្រូវបានគេដឹងថាគឺពុទ្ធបរិស័ទដែលមានឧបនិស្ស័យយ៉ាងជ្រាលជ្រៅ ក្នុងព្រះពុទ្ធសាសនា មានគុណធម៌ ឥរិយាបថសាមញ្ញ ទន់ភ្លន់ គួរជាទីគោរពនៃអ្នកផងទាំងឡាយ។
កន្លងមកឯកឧត្តម ធ្លាប់ធ្វើជាគណៈកម្មការអាចារ្យវត្តអស់រយៈពេល9ឆ្នាំនៅខេត្តកោះកុងនិងធ្លាប់ បានបួសជាព្រះសង្ឃផងដែរ។ ដោយសារ ឧបនិស្ស័យក្នុងវិស័យព្រះពុទ្ធសាសនានេះ បានធ្វើឲ្យប្រជាពុទ្ធបរិស័ទសម្ដែង សមានចិត្ត គាំទ្រ និងចូលរួមសកម្មភាពនានាដែលមានការផ្ដួចផ្ដើមដោយ ឯកឧត្តមដើម្បីជាប្រយោជន៍សង្គមជាតិ។បច្ចុប្បន្នឯកឧត្តម យន្ត មីន អតីតអភិបាលខេត្តព្រះសីហនុ បច្ចប្បន្ន
មានតួនាទីជារដ្ឋលេខាធិការក្រសួងការពារជាតិនិងជាអនុប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះជួយខេត្តកោះកុង៕