សម្តេចតេជោ រំលឹកថា ពាក្យថា «ទុក្ខស្រីប្តីព្រាត់» ធ្វើឱ្យខ្ញុំ និងភរិយាស្រក់ទឹកភ្នែករាប់លានដំណក់ ប៉ុន្តែទឹកភ្នែកនេះ បាននាំមកនូវការរស់រានមានជីវិតសម្រាប់ប្រជាជនទូទាំងប្រទេស រាប់ទាំងក្រុមគ្រួសារខ្ញុំដែរ

ភ្នំពេញ៖ តាមរយៈ Facebook នៅថ្ងៃទី០៥ ខែមករា ឆ្នាំ២០២០នេះ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បានរម្លឹកអំពីប្រវត្តិដ៏ជូរចត់ជាមួយសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ដោយបានពោលថា ទុក្ខស្រីប្តីព្រាត់ បានធ្វើឱ្យខ្ញុំនិងភរិយា ស្រក់ទឹកភ្នែករាប់លានដំណក់ ប៉ុន្តែទឹកភ្នែកនេះ គឺបាននាំមកនូវការរស់រានមានជីវិតសម្រាប់ប្រជាជនទូទាំងប្រទេស រាប់ទាំងក្រុមគ្រួសារខ្ញុំដែរ។

សម្ដេចតេជោ ហ៊ុន សែន បានបញ្ជាក់ថា «ទុក្ខស្រីប្តីព្រាត់» គឺជាចំណងជើងបទចម្រៀង ដែលនិយាយអំពីរឿងរ៉ាវពិតនៃជីវិតស្នេហាដ៏ជូរចត់របស់សម្តេច និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ដែលត្រូវព្រាត់ប្រាស់គ្នា ក្នុងសម័យខ្មែរក្រហម។ បុព្វហេតុរបស់សម្តេច ត្រូវចាកចេញឆ្ងាយពីសម្តេចកិត្តិព្រឹទ្ធបណ្ឌិតពេលនោះ ដោយសារតែបុព្វហេតុជាតិមាតុភូមិ ខណៈដែលសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ដែលបានស្លាប់កូនទី១ ហើយកំពុងមានផ្ទៃពោះ៥ខែ កូនទី២។

តាមរយៈ Facebook នៅថ្ងៃទី០៥ ខែមករា ឆ្នាំ២០២០នេះ ចំនឹងខួបអាពាហ៍ពិពាហ៍ ៤៥ឆ្នាំ របស់សម្តេចទាំងទ្វេ (៥មករា១៩៧៦-៥មករា២០២១) សម្តេចតេជោ ហ៊ុន សែន បានរម្លឹកថា៖ ខ្ញុំតែងតែគិតថា អ្វីដែលខ្ញុំនិងភរិយា បានឆ្លងកាត់ក្នុងសម័យសង្រ្គាមគឺពុំគួរឱ្យជឿថា ខ្ញុំអាចមានជីវិតរហូតមកដល់សព្វថ្ងៃនេះឡើយ។ ជីវិតយុទ្ធជនក្នុងភ្លើងសង្គ្រាម ពិសេសក្នុងរបបប្រល័យពូជសាសន៍ ប៉ុល ពត ដែលយើងត្រូវតស៊ូផ្ដួលរំលំដោយយកជីវិតធ្វើដើមទុន គឺមិនមែនជារឿងសាមញ្ញនោះឡើយ។ ជីវិតប្តីប្រពន្ធបន្ទាប់ពីរៀបការគ្មានទេដែលហៅថាសេចក្តីសុខ។

សម្តេចបានបន្ថែមថា៖ ខ្ញុំបានស្លាប់កូនទី១ និងបែកគ្នាក្នុងពេលកូនទី២ នៅក្នុងផ្ទៃម្តាយ៥ខែ រហូតជួបគ្នាជាថ្មី ដែលកូនប្រុសបង (ម៉ាណែត) ហៅខ្ញុំថាពូអស់រយៈពេល២ខែ។ ទាំងនេះគឺសុទ្ធតែរឿងរ៉ាវមិនគ្រាន់តែសម្រាប់ខ្ញុំនិងភរិយាប៉ុណ្ណោះទេ ប៉ុន្តែវាក៏ជារឿងរ៉ាវដែលបានកើតឡើងសំរាប់ប្រជាជនកម្ពុជាទូទាំងប្រទេសដែលបានឆ្លងកាត់ក្នុងសម័យនោះផងដែរ។

សម្ដេចតេជោ បានបន្តថា “ទុក្ខស្រីប្តីព្រាត់” បានធ្វើឱ្យខ្ញុំនិងភរិយាស្រក់ទឹកភ្នែករាប់លានដំណក់។ ប៉ុន្តែទឹកភ្នែកនេះ គឺបាននាំមកនូវការរស់រានមានជីវិតសម្រាប់ប្រជាជនទូទាំងប្រទេស រាប់ទាំងក្រុមគ្រួសារខ្ញុំដែរ។ ចាប់ផ្តើមពីប្តីប្រពន្ធដ៏កំសត់វ័យក្មេង២នាក់ រហូតមកដល់ពេលនេះយើងមានកូន និងចៅយ៉ាងច្រើន ប៉ុន្តែនៅតែចងចាំជានិច្ចចំពោះជីវិតតស៊ូដ៏លំបាកបំផុតរបស់ខ្ញុំនិងភរិយាជាទីស្រឡាញ់ ។

ទោះជាយ៉ាងនេះក្តី នៅក្នុងឱកាសខួបអាពាហ៍ពិពាហ៍លើកទី៤៥ឆ្នាំនេះ សម្តេច និងភរិយាសូមជូនពរជនរួមជាតិទូទាំងប្រទេស ជួបប្រទះតែសេចក្តីសុខ និងសំណាងល្អក្នុងឆ្នាំសកលថ្មី ២០២១ កុំបីខានឡើយ៕