សៀមរាប ៖ សិក្ខាសាលា ផ្សព្វផ្សាយ អំពីប្រព័ន្ធពន្ធដារកម្ពុជាត្រូវបានប្រារព្វធ្វើឡើងកាលពីព្រឹកថ្ងៃទី ២១ ខែកុម្ភះ ឆ្នាំ២០១៤នេះ នៅសណ្ឋាគារ សូហ្វីថែល អង្គរ ខេត្តសៀមរាប ក្រោមអធិបតីភាពឯ.ឧ គង់ វិបុល ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជានាយក នៃ អគ្គនាយកដ្ឋានពន្ធដារ ដោយមានការចូលរួមពីសំណាក់ឯកឧត្តម លោកឧកញ៉ា លោកជំទាវ អស់លោក លោកស្រី ជា ប្រធាន អនុប្រធាន និង មន្ត្រីពន្ធដារ តំណាងក្រុមហ៊ុន សណ្ឋាគារ ភោជនីយដ្ឋាន និង សមាគមសណ្ឋាគារកម្ពុជា ចំនួន ២០៧សហគ្រាស មានទីតាំងនៅខេត្តសៀមរាបបានចូលរួមនៅក្នុងឱកាសនោះផងដែរ ។
មានប្រសាសន៍បើកអង្គសិក្ខាសាលាឯ.ឧ គង់ វិបុល ក៏បានបញ្ជាក់ឲ្យថាសិក្ខាសាលា ផ្សព្វផ្សាយ អំពីប្រព័ន្ធពន្ធដារកម្ពុជាដែលយើងបានប្រារព្វធ្វើឡើងនាពេលនេះគឺគោលបំណង ពង្រីកនូវការយល់ដឹងឲ្យកាន់តែបានទូលំទូលាយ នូវរាល់ បទ ប្បញ្ញត្តិស្តីពីសារពើពន្ធ និង ពង្រឹងនូវការគោរពប្រតិបត្តិច្បាប់ ដែលជាកាតព្វកិច្ចខានមិនបានរបស់អ្នកជាប់ពន្ធ ក៏ដូច រដ្ឋ បាលសារពើពន្ធ។ដោយ អង្គសិក្ខាសាលានេះបានផ្តោតសំខាន់លើការអនុវត្តប្រភេទពន្ធ អាករពិសេស អាករបំភ្លឺសាធារណៈ អាករស្នាក់នៅ អាករលើតម្លៃបន្ថែម ពន្ធលើប្រាក់បៀវត្ស និង ពន្ធលើប្រាក់ចំណេញប្រចាំឆ្នាំ ដែលក្រុមហ៊ុនទាំងអស់ ត្រូវយល់ដឹងឲ្យបានច្បាស់លាស់ ផងដែរ។
ឯ.ឧ គង់ វិបុល ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជានាយក នៃ អគ្គនាយកដ្ឋានពន្ធដារ បានបន្តប្រសាសន៍ថា ក្នុងរយៈពេល ៥ឆ្នាំកន្លងមក អគ្គនាយកពន្ធដារ ប្រមូល ពន្ធដារផ្ទៃក្នុងគ្រប់ប្រភេទកើនឡើងទ្វេដង ។ដោយ ជោគជ័យទាំងនេះ គឺបានមកពីការដាក់ចេញ នូវកំណែទម្រង់ស៊ីជម្រៅរបស់ រាជរដ្ឋាភិបាល ក្រសួងសេដ្ឋកិច្ច និង ហិរញ្ញវត្ថុ និង អគ្គនាយកដ្ឋាន ពន្ធដារ បានអនុវត្តយ៉ាងខ្ជាប់ខ្ជួននូវកម្មវិធីកំណែទម្រង់ ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ ត្រូវបានសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី ប្រកាសដាក់ឲ្យអនុវត្តតាំងពី ដើម ខែធ្នូ ឆ្នាំ២០០៤ ហើយត្រូវបានអគ្គនាយកដ្ឋានពន្ធដារ ដាក់ ចេញនូវផែនការសកម្មភាពរបស់ខ្លួន ការកែលម្អ គោល នយោបាយសារពើពន្ធ និង ពង្រឹងរដ្ឋបាលសារពើពន្ធ និង ការ ពង្រឹងពង្រីកការផ្តល់សេវាដល់អ្នកជាប់ពន្ធឲ្យកាន់តែល្អ អនុវត្តកម្មវិធីចាប់បង្ខំចំពោះអ្នកជាប់ពន្ធមិនគោរពច្បាប់ និង បាន ធ្វើការបណ្តុះបណ្តាលជាប់ជាប្រចាំ ដល់មន្ត្រីពន្ធដារ ព្រមទាំងអ្នកជាប់ពន្ធឲ្យបានច្បាស់លាស់ អំពីច្បាប់ និង បទប្បញ្ញត្តិ នានា ស្តីពីពន្ធដារ សិទ្ធ អំណាចរបស់រដ្ឋបាលសារ ពើពន្ធ សិទ្ធ និង កាតព្វកិច្ចរបស់អ្នកជាប់ពន្ធ ។
ឯ.ឧ គង់ វិបុល ក៏បានលើកផងដែរថា ភារកិច្ចប្រមូលចំណូលពន្ធជូន រដ្ឋ ក៏មានចំណុចខ្វះខាតមួយចំនួន ដែលត្រូវធ្វើការកែទម្រង់ជាបន្ត បន្ទាប់ លើផ្នែកច្បាប់រដ្ឋបាលសារពើពន្ធ ពង្រឹងអភិ បាលកិច្ចល្អ និង តម្លាភាព ដោយពិនិត្យឃើញសហគ្រាសមួយចំនួន មិនទាន់អនុវត្តបានត្រឹមត្រូវនូវច្បាប់ និង បទប្បញ្ញត្តិ នានា ស្តីពីពន្ធដារ ដែលតម្រូវឲ្យអគ្គនាយកដ្ឋានពន្ធដារ បន្តពង្រឹង ការអនុវត្តផែនការ សកម្មភាពកំណែទម្រង់រដ្ឋបាល សារពើពន្ធ សំខាន់លើការពង្រឹងការអប់រំអ្នកជាប់ពន្ធ អំពីច្បាប់ បទប្បញ្ញត្តិស្តីពីពន្ធដារ និង ផ្សព្វផ្សាយតាមប្រព័ន្ធ សារព័ត៌មាន និង ពង្រឹងវិធានការចាប់បង្ខំចំពោះអ្នកជាប់ពន្ធដែលមិន គោរពច្បាប់ ដើម្បីអ្នកជាប់ពន្ធមានការទទួលខុស ត្រូវចំពោះកាតព្វកិច្ចរបស់ខ្លួន ។
ក្នុងនោះដែរឯកឧត្តមក៏បានគូស បញ្ជាក់ថា អគ្គនាយកដ្ឋានពន្ធដារ បានកំពុងខិតខំផ្លាស់ ប្តូរផ្នត់គំនិតមន្ត្រីពន្ធដារ ឲ្យក្លាយជាអ្នកផ្តល់សេវាដល់អ្នកជាប់ ពន្ធ និង ពង្រឹងការអនុវត្តនូវក្រមសីលធម៌ វិជ្ជាជីវៈមន្ត្រី ពន្ធដារ ដើម្បីបង្កើននូវជំនឿទុកចិត្តពីសាធារណជន ឲ្យសមស្រប តាមគោលនយោបាយកំណែទម្រង់ស៊ីជម្រៅរបស់ រាជរដ្ឋាភិបាល អណត្តិទី៥ នៃរដ្ឋសភា ។
ក្នុងនោះឯ.ឧ គង់ វិបុល ក៏មានសង្ឃឹមជឿជាក់ ថា តំណាងក្រុមហ៊ុនទាំងអស់ និង ទទួលបានចំណេះដឹងថ្មីៗបន្ថែមទៀត តាមរយៈសិក្ខាសាលានេះ ដើម្បីជាទុនក្នុងការ យកទៅអនុវត្តបានត្រឹមត្រូវនូវច្បាប់ និង បទប្បញ្ញត្តិ ស្តីពីពន្ធដារ និង ទទួលបាននូវលទ្ធផលផងដែរ ៕
អត្ថបទដោយ លោក ខេង ខេមរា រូបភាព លោក ម៉ែន បូរិទ្ធ