យុវជន និងកុមារជាង ៤៥០នាក់ នៅសាលាបច្ចេកទេសមួយនាខេត្តកែប ប្រឈមនឹងការខ្វះខាតអាហារ ក្រោយការឧបត្ថម្ភរបស់សប្បុរសជនពីក្រៅប្រទេសមានការធ្លាក់ចុះដោយសារ កូវីដ១៩

0

កែប៖ តាំងពីបើកដំណើរការបំពេញបេសកកម្ម ជួយដល់កុមារ និងយុវជនក្រីក្រ ឲ្យមកស្នាក់នៅ និងបណ្តុះបណ្តាល ឲ្យមានជំនាញមួយច្បាស់លាស់ បើគិតមកទល់ពេលនេះមានរយៈពេលជាង១០ឆ្នាំហើយ ដោយក្នុងនោះសាលា ដុន បូស្កូ បានផលិតធនធានមនុស្សឲ្យមានជំនាញមួយពិតប្រាកដ ហើយបានចេញទៅបម្រើការនៅតាមបណ្តាក្រុមហ៊ុនជាច្រើននៅក្នុងប្រទេសកម្ពុជារហូតជិត ១ពាន់នាក់ ទៅលើជំនាញសំខាន់ៗ មានទំនាក់ទំនង និងប្រព័ន្ធផ្សព្វផ្សាយ ជំនាញវិទ្យាសាស្រ្តកុំព្យូទ័រ ជំនាញអគ្គីសនី និងជំនាញវិទ្យាសាស្រ្តលេខាធិការ។

សាលាបច្ចេកទេស ដុន បូស្កូ ខេត្តកែប មានទីតាំងស្ថិតនៅផ្លូវ ៣៣A,ភូមិថ្មី សង្កាត់ព្រៃធំ ក្រុងកែបខេត្តកែប ជាអង្គការក្រៅរដ្ឋាភិបាល ក្នុងការជួយយុវជនក្រីក្រ
និងក្មេងកំព្រា ដោយមិនស្វែងរកប្រាក់ចំណេញ។

បច្ចប្បន្នសាលាមួយនេះ កំពុងទទួលចិញ្ចឹមកុមារ និងបណ្តុះបណ្តាលយុវជន ឲ្យមកស្នាក់នៅហូបចុក មានចំនួន ៤៥០នាក់ ដែលនេះធ្វើឲ្យការចំណាយរបស់សាលាកើនឡើងទ្វេរដង
ស្របពេលការឧបត្ថម្ភរបស់សប្បុរសជននានា ជាពិសេសមកពីក្រៅប្រទេសមានការធ្លាក់ចុះដោយសារការរាតត្បាតនៃជំងឺកូវីដ១៩ ផងនោះ ធ្វើឲ្យសាលាជួបប្រទះនូវបញ្ហាហិរញ្ញវត្ថុ
និងចំណាយទៅលើការហូបចុកប្រចាំថ្ងៃតែម្តង។

លោក សេន រ៉ា នាយកគ្រប់គ្រងសាលាបច្ចេកទេស ដុន បូស្កូ ខេត្តកែប បានឲ្យដឹងថា សព្វថ្ងៃអង្ករក្នុងឃ្លាំង កំពុងជិតអស់បណ្តើរៗហើយ លោកក៏មិនដឹងថា
និងអាចទ្រាំទ្របានប៉ុន្មានថ្ងៃទៀតនោះដែរ ដូចនេះហើយទើបសាលាស្វែងរកការជួយឧបត្ថម្ភពីសប្បុរសជនក្នុងប្រទេសរបស់យើង ដើម្បីដោះស្រាយបញ្ហាប្រឈមជំពោះមុខនេះ។

លោក លី សំណាង (Albero Rodas) ជាអធិការសាលា បានបញ្ជាក់ប្រាប់ថា ដោយសារបញ្ហាការឆ្លងរាលដាលនៃជំងឺកូវីដ១៩ យើងមិនបានអនុញ្ញាតឲ្យសិស្ស និងកុមារ ត្រឡប់ទៅផ្ទះ
ឬចេញចូលក្រៅសាលាបាននោះទេ ដោយតម្រូវឲ្យពួកគេស្នាក់នៅហូបចុកក្នុងសាលា ដោយសារយើងបារម្ភពីសុវត្ថិភាព និងគោរពនូវវិធានការរបស់ក្រសួងសុខាភិបាលផង។
ណាមួយមានកុមារ និងយុវជនមួយចំនួនមិនអាចត្រឡប់ទៅផ្ទះរបស់ពួកគេវិញ ដោយសារបញ្ហាជីវភាព។

ដោយឡែកពាក់ព័ន្ធនឹងការខ្វះខាតស្បៀងរបស់សាលាបច្ចេកទេស ដុន បូស្កូ នេះដែរ ឯកឧត្តម សោម ពិសិដ្ឋ អភិបាលខេត្តកែប បានមានប្រសាសន៍ថា ក្រោយពីទទួលលិខិតស្នើរសុំឧបត្ថម្ភ
ស្បៀងពីលោកនាយកសាលាភ្លាម លោកបានចាត់លោក ព្រំ គន្ធិ​ អភិបាលរងខេត្តទទួលបន្ទុក នាំយកអង្ករចំនួន៥០០គ.ក និងសម្ភារៈមួយចំនួនទៀត ជូនសាលាសម្រាប់ការប្រើប្រាស់ក្នុង
ស្ថានភាពដ៏ចាំបាច់នេះ។

ទោះបីជាសាលា កំពុងជួបនូវបញ្ហាមួយចំនួនក៏ដោយ ក៏សាលានៅតែពុះពារបន្តបេសកកម្មរបស់ខ្លួនក្នុងការជួយដល់យុវជនក្រីក្រ និងកុមារកំព្រា និងទីទាល់
ហើយសិស្សានុសិស្សនៅតែបន្តសិក្សា ទៅតាមការរៀបចំរបស់សាលា ដោយអនុវត្តន៍វិធានរបស់ក្រសួងសុខាភិបាល រហូតពួកគេបានបញ្ចប់ការសិក្សារយៈពេល២ឆ្នាំ បានយ៉ាងជោគជ័យ លើជំនាញរបស់ខ្លួន
និងទទួលបានការងារធ្វើផងដែរ សម្រាប់ឆ្នាំ២០២១នេះ។

ក្នុងដំណើរបេសកកម្មដ៏វែងឆ្ងាយ ក្នុងការជួយបណ្តុះបណ្តាលយុវជន យុវនារី និងកុមារា កុមារី ខ្មែរដែលឪពុកម្តាយជួបប្រទះភាពខ្វះខាត សាលាពិតជាត្រូវការខ្លាំងណាស់នូវធនធានហិរញ្ញវត្ថុ
និងពិសេសភាពលំនឹងនៃស្បៀង។ ដូចនេះសូមសប្បុរសជនក្នុងប្រទេសកម្ពុជា សូមមេត្តាជួយយុវជនកម្ពុជា ដែលកំពុងត្រូវការជំនួយពិតប្រាកដ ដើម្បីឈានទៅសម្រេចគោលដៅ
ក្នុងការសិក្សាជំនាញរយៈពេល២ឆ្នាំនៅសាលានេះ ដោយមិនបារម្ភការកង្វះម្ហូបអាហារតទៅទៀត៕