តួលេខមនុស្សស្លាប់ដោយសង្ស័យពុលស្រា ស បើគិតពីល្ងាចថ្ងៃទី២៥ ខែឧសភា នេះ សរុប១០នាក់ហើយ

0

(ខេត្តកំពត)៖ គិតចាប់ពីល្ងាចថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០២១នេះ ចំនួនអ្នកស្លាប់ដោយសារពុលស្រា ស គឺមានចំនួន១០នាក់ហើយ ខណៈជាង៣០នាក់ទៀតកំពុងសម្រាកព្យាបាលនៅក្នុងមន្ទីរពេទ្យ។

សូមបញ្ជាក់ថា ករណីដូចមានមនុស្សពុលស្រាខាងលើនេះ​​ បានកើតឡើងតាំងពីយប់ថ្ងៃទី២១ ខែឧសភា ឆ្នាំ២០២១ ដោយបានកើតឡើងនៅចំណុចភូមិធ្នង់ ឃុំឫស្សីស្រុកខាងកើត ស្រុកកំពង់ត្រាច ខេត្តកំពត។យោងតាមប្រភពព័ត៌មានពីអ្នកស្រុក បានឲ្យដឹងថា នៅយប់ថ្ងៃទី២១ ខែឧសភា ឆ្នាំ២០២១ ពលរដ្ឋជាច្រើននាក់ បាននាំគ្នាទៅចូលរួមកំដរបុណ្យសពអ្នកភូមិផងរបងជាមួយ ខណៈនោះក៏មានការជួបជុំហូបចុកគ្រឿងស្រវឹង(ស្រា ស)ផងដែរ។លុះហូបចុកបានបន្តិច ក៏ស្រាប់តែពលរដ្ឋទាំងនោះមានអាការ:ចុកពោះ ក្អួតចង្អោរទើបសាច់ញាតិដឹកមកកាន់មន្ទីរពេទ្យដើម្បីជួយសង្គ្រោះ ហើយនៅយប់ថ្ងៃទី២១ ខែឧសភា ក៏មានពលរដ្ឋម្នាក់ស្លាប់បាត់បង់ជីវិត។

ប្រភពដដែលបានរៀបរាប់ទៀតថា លុះចូលដល់ព្រឹកថ្ងៃទី២៣ ខែឧសភា ក៏មានមនុស្សស្លាប់២នាក់បន្ថែមទៀត ហើយចូលមកដល់ព្រឹកថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០២១ ក៏មានអ្នកស្លាប់បន្តបន្ទាប់រហូតដល់៥នាក់ទៀត ដែលតួលេខអ្នកស្លាប់រហូតដ់់ចំនួន៨នាក់ ឯអ្នកលំពុងសម្រាកព្យាបាលចំនួន៣៣នាក់។

ចំពោះតួលេខដែលកម្ពុជាថ្មីទទួលបាននៅល្ងាចថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០២១នេះ គឺមានអ្នកស្លាប់ដោយសារពុលស្រា ស ចំនួន២នាក់ទៀត សរុបទាំងអស់គឺ១០នាក់ហើយ ខណៈមនុស្សជាង៣០នាក់ទៀតកំពុងសម្រាកព្យាបាលនៅក្នុងមន្ទីរពេទ្យបង្អែក៕ សេង ណារិទ្ធ