ខេត្តព្រះវិហារ៖ ប្រធានក្រុមការងាររាជរដ្ឋាភិបាល ចុះជួយខេត្តព្រះវិហារ លោកទេសរដ្ឋមន្ត្រី មាស សុភា នឹងអញ្ជើញជាអធិបតី ក្នុងពិធីសម្ភោធស្ពានដែកក្រាលឈើមួយ មានប្រវែងជាង ២០ម៉ែត្រ ដែលស្ពាននោះ បានមកពីការជួឧបត្ថម្ភគាំទ្រ ពីថ្នាក់ដឹកនាំថ្នាក់ជាតិ និងរដ្ឋបាលថ្នាក់ក្រោមជាតិ ក្រោមការស្ថាបនារបស់មន្ត្រីជំនាញបច្ចេកទេស នៃមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តព្រះវិហារ ដែលមាន លោក សំ លាងទ្រី ជាប្រធាន។
តាមការគ្រោងទុក ស្ពានដែកក្រាលឈើ ១ខ្សែ ដែលមានប្រវែង ២៤ម៉ែត្រនោះ នឹងត្រូវសម្ភោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការណ៍ នៅថ្ងៃទី១៥សីហាឆ្នាំ២០២១ ខាងមុខនេះ ស្ថិតនៅក្នុងភូមិក្បាលខ្លា ហៅ ក្រពើ៥ ឃុំត្បែង ១ ស្រុកសង្គមថ្មី ខេត្តព្រះវិហារ។
ប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តព្រះវិហារ លោក សំ លាងទ្រី បានថ្លែងឲ្យដឹងថា ប្រធានក្រុមការងាររាជរដ្ឋាភិបាល ចុះជួយខេត្តព្រះវិហារ លោកទេសរដ្ឋមន្ត្រី មាស សុភា នឹងអញ្ជើញជាអធិបតី ក្នុងពិធីសម្ភោធស្ពានដែកក្រាលឈើ ១ខ្សែ មានប្រវែង ២៤ម៉ែត្រ ដែលបានស្ថាបនាក្នុងរយៈពេលច្រើនខែកន្លងមកនេះ ហើយស្ពាននេះ នឹងបញ្ចប់ក្នុងការសាងសង់ និងបើកដាក់ឲ្យដំណើរការប្រើប្រាស់ នៅថ្ងៃទី១៥សីហាឆ្នាំ២០២១ ខាងមុខនេះ។ លោកថា តាមការគ្រោងទុក អភិបាលខេត្តព្រះវិហារ លោក ប្រាក់ សុវណ្ណ ក៏អញ្ជើញចូលរួមនៅក្នុងពិធីនោះផងដែរ។
លោក សំ លាងទ្រី បានថ្លែងឲ្យដឹងទៀតថា សមិទ្ធិផលថ្មី លើដែនដីចាស់ គឺស្ពានដែកក្រាលឈើ ១ខ្សែនេះ បានមកក្រោមការជួយជ្រោមជ្រែង និងការឧបត្ថម្ភគាំទ្រពី ទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល ជួយដៃស្ពាន ,ទេសរដ្ឋមន្ត្រី មាស សុភា ប្រធានក្រុមការងាររាជរដ្ឋាភិបាល ចុះជួយខេត្តព្រះវិហារ និងអភិបាលខេត្តព្រះវិហារ លោក ប្រាក់ សុវណ្ណ ជួយសសរស្ពាន និងក្តាក្រាលស្ពាន ក្រោមការស្ថាបនារបស់មន្ត្រីជំនាញបច្ចេកទេស នៃមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តព្រះវិហារ។
លោក សំ លាងទ្រី បានបញ្ជាក់ថា កាលពីឆ្នាំ២០២០កន្លងមកនេះ លោកបានស្នើសុំរដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន លោកទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល នូវដែកស្ពានបេឡេតិ៍ចាស់ៗ ដែលមាននៅក្នុងមន្ទីរសាធារណការខេត្តស្រាប់ ដើម្បីយកទៅធ្វើស្ពានស្ទឹង ក្នុងស្ថានភាពចាំបាច់របស់ប្រជាពលរដ្ឋរស់នៅ ក្នុងឃុំស្តៅ ស្រុកសង្គមថ្មី ដោយហេតុថា កាលពីថ្ងៃទី២១កុម្ភះឆ្នាំ២០២០ កន្លងមក មានករណីឆេះស្ពានស្ទឹងស្តៅ ដែលស្ពាននោះធ្វើពីឈើ ឆ្លងទៅកាន់តំបន់អភិរក្សភ្នំត្នោត-ភ្នំពក និងក៏ដើម្បីតបតាមភាពចាំបាច់ក្នុងការធ្វើស្ពានបណ្តោះអាសន្ន ជូនប្រជាពលរដ្ឋឆ្លងកាត់ ឲ្យបានមុនរដូវវស្សាឈានចូលមកដល់។
លោក សំ លាងទ្រី បានបញ្ជាក់ទៀតថា នៅគ្រានោះ លោកក៏បានស្នើសុំ លោកទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល ដើម្បីរៀបចំកិច្ចប្រជុំជាមួយមន្ទីរសាធារណការ និងដឹកជញ្ជូនរាជធានី-ខេត្ត និងអង្គភាពគ្រប់គ្រងគម្រោងទាំងអស់ ដើម្បីធ្វើបច្ចុប្បន្នភាពសារពើភ័ណ្ឌ និងគ្រប់គ្រងដែកស្ពានបេឡេតិ៍ សំដៅសម្រួលដល់ការអន្តរាគមន៍ផ្សេងៗ ក្នុងករណីមានគ្រោះធម្មជាតិជាយថាហេតុ ក៏ដូចជាទៅតាមតម្រូវការចាំបាច់នានា ប្រកបដោយប្រសិទ្ធភាព និងបានទាន់ពេលវេលា សម្រាប់ធានានិរន្តភាពការតភ្ជាប់ចរាចរណ៍ ឡើងវិញ នៅក្នុងតំបន់នោះ ៕ ដោយ៖ឡុង សំបូរ







































