អភិបាលស្រុកស្ទោងថ្មី ជំនួសលោក ណែត សារី ត្រូវបានប្រកាសក្នុងថ្ងៃនេះ

0

ខេត្តកំពង់ធំ៖ ឯកឧត្តម ឈុន ឈន់ ប្រធានក្រុមប្រឹក្សាខេត្តកំពង់ធំ អមដំណើរដោយឯកឧត្តម សុខ លូ អភិបាល នៃគណៈអភិបាលខេត្តកំពង់ធំ បានអញ្ជើញជាប្រធានគណៈអធិបតីក្នុងពិធី ប្រកាសលោក សាយ គឹមឡម អតីតអភិបាលរង ចូលកាន់តំណែងជាអភិបាលស្រុកស្ទោង ជំនួសលោក ណែត សារី អតីតអភិបាលស្រុក មកបម្រើការងារនៅរដ្ឋបាលខេត្តកំពង់ធំ ។

ពិធីប្រកាសចូលកាន់តំណែង ត្រូវបានធ្វើឡើងនៅព្រឹកថ្ងៃទី១៧ ខែសីហា ឆ្នាំ ២០២១ ដោយមានការអញ្ជើញចូលរួម ពីសំណាក់មន្រ្តីរាជការ ប្រធាន អនុប្រធានការិយាល័យជុំវិញស្រុក នៅក្នុងបរិវេណសាលាស្រុកស្ទោង ក្រោមវិធានការ ការពារយ៉ាងម៉ឺងម៉ាត់ ក្នុងការរក្សាគន្លាតសុវត្តិភាព ពាក់ម៉ាស់បាញ់សម្លាប់មេរោគ ចំពោះអ្នកដែលអញ្ជើញចូលរួមកម្មវិធី។

បន្ទាប់ពីលោកណែត សារី អតីតអភិបាលស្រុក បានមានប្រសាសន៍ ក្នុងអំឡុងដែលលោកដឹកនំាអភិវឌ្ឍន៍ រួមទាំងកសាងសមិទ្ធិនានាក្នុងស្រុកនិងតាមបណ្តាភូមិឃុំរួចមក លោក សាយ គឹមឡម អភិបាលស្រុកថ្មី បានប្តេជ្ញាចិត្តយ៉ាងមុតមាំ នូវគោលជំហរដ៏ច្បាស់លាស់ ក្នុងការដឹកនាំបង្រួបបង្រួមសាមគ្គីភាព ឯកភភាពផ្ទៃក្នុង អភិវឌ្ឍន៍ភូមិឃុំស្រុកឲ្យល្អប្រសើរ គោរពនូវច្បាប់ព្រះរាជាណាចក្រកម្ពុជា ប្រកបដោយតម្លាភាពនិងយុត្តិធម៌ គោរពនិងស្តាប់ការណែនាំចង្អុលបង្ហាញពីថ្នាក់ដឹកនាំ។

ឯកឧត្តម សុខ លូ អភិបាលខេត្តកំពង់ធំ បានមានប្រសាសន៍ថា បញ្ហាជម្ងឺកូវិដ១៩នេះ រដ្ឋបាលខេត្ត រដ្ឋបាលស្រុក បានកំពុងតែយកចិត្តទុកដាក់បំផុត និងអំពាវនាវសម្បុរសជនជួយឧបត្ថម្ភ បន្ថែមលើគោលរបបដែលសម្តេចតេជោ ហ៊ុន សែន ប្រមុខរាជរដ្ឋាភិបាលជួយឧត្តមក្នុងមួយថ្ងៃ២ម៉ឺនរៀលដល់ អ្នកដែលពាក់ព័ន្ឋនិងជម្ងឺកូវិដ១៩ ដើម្បីទប់ស្កាត់ការពារជម្ងឺនេះបាន គឺត្រូវតែអនុវត្តឲ្យបាននូវវិធានការ៣កុំ៣ការពារ របស់សម្តេចតេជោហ៊ុន សែន និងត្រូវផ្សព្វផ្សាយឲ្យបានគ្រប់ទីកន្លែង រួមទាំងអំពាវនាវដល់មន្រ្តីរាជការឲ្យមកចាក់វ៉ាក់សាំងដូសទី៣ ដែលជាដូសជម្រុញ តាមពេលវេលាដែលរដ្ឋបាលខេត្តបានកំណត់។

ឯកឧត្តម សុខ លូ អភិបាលខេត្តកំពង់ធំ មានប្រសាសន៍ ជីវិតមន្រ្តីរាជការ មានការផ្លាស់ប្តូរតួនាទីភារកិច្ចគឺជារឿងធម្មតា តាមពេលវេលាដែលច្បាប់បានកំណត់ ជាពិសេសនេះគឺជាការឆ្លើយតបរបស់ថ្នាក់ដឹកនាំ ចំពោះការខិតខំប្រឹងប្រែងរបស់លោក សាយ គឹមឡម ដែលថ្នាក់លើជឿជាក់និងទុកចិត្តផ្តល់ក្តីសង្ឃឹម ឲ្យដឹកនាំមន្រ្តីរាជការ ប្រជាពលរដ្ឋនៅក្នុងស្រុក ប្រកបដោយព្រហ្មវិហារធម៌ ដឹកនាំកសាងអភិវឌ្ឍន៍ភូមិឃុំស្រុកឲ្យមានការរីកចម្រើន និងបានផ្តាំផ្ញើរដល់ មន្រ្តីរាជការនៅក្នុងស្រុកស្ទោង គោរពតាមរចនាសម្ព័ន្ឋស្រុក ស្តាប់តាមការចាត់ចែងរបស់គណៈបញ្ជាការឯកភាពរដ្ឋបាលស្រុកស្ទោង ដើ​ម្បីការងារទទួលបានលទ្ធផលជោគជ័យ ។

ដោយ ប៊ុន រដ្ឋា