លោក គួច ចំរើន បានបញ្ជាឱ្យផ្អាកជាបន្ទាន់ការធ្វើដំណើរតាមផ្លូវទឹក តាមទូក និងកាណូតក្នុងលំហរសមុទ្រ ក្រោយទទួលបានព័ត៌មានថា នឹងមានខ្យល់រលកសមុទ្រធំៗ

0

ខេត្តព្រះសីហនុ៖ យោងតាមក្រសួងធនធានទឹក និងឧតុនិយម បានជូនដំណឹងថា ចាប់ពីថ្ងៃទី០៨ ដល់ថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០២១ កម្ពុជានឹងមានភ្លៀងធ្លាក់ក្នុងកម្រិតបង្គួរទៅខ្លាំងលាយឡំជាមួយ ផ្គរ រន្ទះ និងខ្យល់កន្ត្រាក់ ហើយផ្ទៃមេឃមានភាពអួរអាប់ ជាពិសេសនៅតាមតំបន់មាត់សមុទ្រ ផ្ទែមេឃអួរអាប់ មានពពក អ័ព្ទច្រើន នឹង អាចមានភ្លៀងធ្លាក់ ក្នុងកម្រិតពីបង្គួរទៅខ្លាំង លាយឡំទៅដោយផ្គរ រន្ទះ ខ្យល់កន្ត្រាក់ និងរលកខ្ពស់ៗ។

ជាមួយនិងសេចក្តីជួនដំណឹងក្រសួងធនធានទឹកនិងឧតុនិយម លោក គួច ចំរើន អភិបាលខេត្តព្រះសីហនុបានចេញបទបញ្ជាបន្ទាន់ឱ្យផ្អាកការធ្វើដំណើរតាមផ្លូវទឹកតាមទូកនិងកាណូតចូលទៅក្នុងលំហរសមុទ្រ ដោយលោកបានស្នើសុំឲ្យសមត្ថកិច្ចអាជ្ញាធរមូលដ្ឋានដែលមានការពាក់ព័ន្ធធ្វើការជម្រាបជូនដំណឹងដល់ក្រុមគ្រួសារជាអ្នកនៅលើគោកឲ្យរកមធ្យោបាយដើម្បីផ្តល់ព័ត៌មានដល់ប្រជានេសាទដែលកំពុងនៅក្នុងលំហរសមុទ្រធ្វើការនេសាទឲ្យប្រញាប់ប្រញាល់ប្រើប្រាស់មធ្យោបាយរបស់គាត់ធ្វើដំណើរទៅកាន់ទីកន្លែងដែលមានសុវត្ថិភាព ដើម្បីជៀសផុតអំពីការបង្កគ្រោះថ្នាក់ ដោយខ្យល់រលកសមុទ្រធំៗលាយឡំជាមួយ ផ្គរ រន្ទះ និងខ្យល់កន្ត្រាក់ ។

ស្ថានភាពបែបនេះដោយសារកម្ពុជាទទួលឥទ្ធិពលបាតុភូតអាកាសធាតុដូចជាជ្រលងសម្ពាធទាបឥណ្ឌាខ្លាំង, ប្រព័ន្ធទាប ITCZ ដែលអូសបន្លាយពីប្រទេសភូមា កាត់ប្រទេសថៃ ឡាវ និងវៀតណាម រួចនឹងចុះបន្តិចមក លើកម្ពុជា,ខ្យល់មូសុងនិរតីបក់ក្នុងល្បឿនមធ្យមទៅបង្គួរ,ខ្យល់សមុទ្រ,វិសម្ពាធពីរដែលមួយស្ថិតនៅខាងកើតក្បែរប្រទេសហ្វីលីពីនដែលបច្ចុប្បន្នបានបំប្លែងខ្លួនទៅជាព្យុះទី១៣ឈ្មោះកុនសុននឹងមានដំណើរឆ្ពោះទៅវៀតណាមខាងជើងនិងវិសម្ពាធសកម្មមួយទៀតស្ថិតនៅក្នុងសមុទ្រភាគខាងកើតហ្វីលីពីនធ្វើដំណើរទៅលើមិនមានឥទ្ធិពលមកលើកម្ពុជានោះទេ។

ជាមួយគ្នានេះ ក្រោយទទួលសារណែនាំពី លោក ចំរើន អភិបាលខេត្តព្រះសីហនុអំពីស្ថានភាពធាតុ អាកាសសមុទ្រអាចនឹងមានព្យុះរលកខ្លាំងលោកឧកញ៉ាទៀវិចិត្រប្រធានសមាគមទូកទេសចរណ៍ខេត្តព្រះសីហនុបានប្រកាសជូនដំណឹងបន្ថែមដល់ក្រុមហ៊ុនទូកទេសចរណ៍ទាំងអស់ឲ្យបង្កើនការប្រុងប្រយត្ន័ខ្ពស់បំផុត និង ស្តាប់ការណែនាំរបស់កងកម្លាំងមានសមត្ថកិច្ចក៍ដូចជាអាជ្ញាធរប្រចាំការតាមផែដើមទីឬចុងទីដើម្បីបង្ការពីគ្រោះ ថ្នាក់ផ្សេងៗ  ដូចនេះត្រូវ បង្កើនការប្រុងប្រយ័ត្នខ្ពស់ទាំងអស់គ្នា ចំពោះបាតុភូតធម្មជាតិដែល អាចនឹងមានបន្ត គ្រោះថ្នាក់ កើតឡើងជាយថាហេតុ៕ដោយនាគសមុទ្រ