សមាគមសហគ្រិនវ័យក្មេងកម្ពុជា ស្នើសុំការគាំទ្រ ដើម្បីបង្កើតសាខាសហគ្រិនវ័យក្មេងនៅខេត្តព្រះសីហនុ

0

ខេត្តព្រះសីហនុ៖សហគ្រិនវ័យក្មេងកម្ពុជានារសៀលថ្ងៃទី១៧ ខែ កញ្ញា ឆ្នាំ២០២១នេះបានស្នើសុំការគាំទ្រពីរដ្ឋ បាលខេត្ត ព្រះសីហនុ  ដើម្បីបង្កើតសាខាសហគ្រិនវ័យក្មេងនៅខេត្តព្រះសីហនុ។ លោកឧកញ៉ា ប៉ិច ប៉ូឡែន អនុប្រធានប្រតិបត្តិសមាគមសហគ្រិនវ័យក្មេងកម្ពុជា ក្នុងជំនួបជាមួយ លោក គួច ចំរើន អភិបាលនៃគណៈអភិបាលខេត្តព្រះសីហនុ បានមានប្រសាសន៍ពីគោលបំណង និងស្នើសុំការគាំទ្រ ពីរដ្ឋបាលខេត្តព្រះសីហនុ ដើម្បីបង្កើតសាខាសហគ្រិនវ័យក្មេង នៅខេត្តព្រះសីហនុដែលជាខេត្តមានសក្តានុពល លើវិស័យទេសចរណ៍ ឧស្សាហកម្ម កសិកម្ម និងវិនិយោគ ។

លោក គួច ចំរើន អភិបាលខេត្ត បានមានប្រសាសន៍គាំទ្រដល់ការស្នើសុំរបស់សហគ្រិនវ័យក្មេងកម្ពុជា ដែលបច្ចុប្បន្នមានវត្តមាននៅរាជធានីភ្នំពេញ និងបណ្តាខេត្តមួយចំនួន វាសមស្របនឹងបរិបទបច្ចុប្បន្ន ព្រមទាំង បានជម្រាបជូនប្រតិភូ ពីសក្តានុពលសេដ្ឋកិច្ចរបស់ខេត្តព្រះសីហនុ មានកំពង់ផែទឹកជ្រៅ និងកំពង់ផែទឹករាក់ ផ្លូវដែក អាកាសយានដ្ឋានអន្តរជាតិអាចឱ្យយន្តហោះធុនធំចុះចតបាន ហេដ្ឋារចនាសម្ព័ន្ធសំបូរបែប និងកំពុង សាងសង់ផ្លូវល្បឿនលឿនពីរាជធានីភ្នំពេញមកកាន់ខេត្តព្រះសីហនុ ដោយគ្រោងដាក់ឱ្យដំណើរ ការនៅចុង ឆ្នាំ២០២២ ខាងមុខនេះ ក្រៅពីនោះខេត្តមានឆ្នេរសមុទ្រសស្អាត មានកោះតូចធំជាច្រើន ដែលជាសក្តានុពល សម្រាប់វិស័យទេសចរណ៍ និងការវិនិយោគ។

លោកអភិបាលខេត្តបានបន្តថា រាជរដ្ឋាភិបាលកម្ពុជា បាន និងកំពុងរៀបចំ និងអភិវឌ្ឍ “ខេត្តព្រះសីហនុ ជាប៉ូលអភិវឌ្ឍន៍ជាតិប្រកបដោយចីរភាពនៅតំបន់ឆ្នេរសមុទ្រកម្ពុជា តាមរយៈការអភិវឌ្ឍន៍ទីក្រុងទំនើប រមណីយ ដ្ឋានឆ្នេររសមុទ្រដែលស្អាតបំផុតលើលោកតំបន់សេដ្ឋកិច្ចពិសេសគំរូពហុបំណងច្រកចេញចូលអន្តរជាតិមជ្ឈមណ្ឌលភស្តុភារកម្មជាតិ ដោយមានទំនាក់ទំនងជាមួយនឹងទីផ្សារអាស៊ាន និងទីផ្សារសកលនិងមជ្ឈមណ្ឌល ឧស្សាហកម្មផលិផលបែបបច្ចេកវិទ្យាទំនើបដែលមានសុខដុមនីយកម្មជាមួយនឹងបរិស្ថានរស់នៅល្អប្រសើរ” ដោយផ្អែកលើសក្តានុពលសេដ្ឋកិច្ច ទីតាំងភូមិសាស្រ្តដែលមានលក្ខណៈអំនោយផលនិងបាន លើកទឹកចិត្តឱ្យ ប្រតិភូសហគ្រិនវ័យក្មេង ពិនិត្យលទ្ធភាពបោះទុនវិនិយោគ នៅខេត្តព្រះសីហនុផងដែរ៕ដោយនាគសមុទ្រ