ឯកឧត្តម សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងបរិស្ថានកោតសរសើររដ្ឋបាលខេត្តព្រះសីហនុ

0

ខេត្តព្រះសីហនុ៖ឯកឧត្តម សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងបរិស្ថាន និងប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះ មូល ដ្ឋានខេត្តព្រះសីហនុនារសៀលថ្ងៃទី១៧ខែកញ្ញាឆ្នាំ២០២១នេះបានប្រគល់រង្វាន់ជ័យលាភីសាលាមេត្រីបរិស្ថានថ្នាក់ជាតិលើកទី៣ និង សម្ពោធសួនជីវៈចម្រុះ សួនព្រឹទ្ធាចារ្យ ជុំ ហ៊ល សួនអំណានព្រឹទ្ធាចារ្យលឹមណៃនិងតារាង ប៉េតង់ ស្ថិតនៅក្នុងបរិវេណសាលាវិទ្យាល័យ ហ៊ុន សែន មិត្តភាព ស្ថិតនៅសង្កាត់លេខ៤ ក្រុងព្រះសីហនុ ខេត្ត ព្រះសីហនុ។

លោក ជួប ប៉ារីស អគ្គនាយក នៃអគ្គនាយកដ្ឋានចំណេះដឹង និងពត៌មានបរិស្ថានបញ្ជាក់ថាឆ្នាំ២០២១ ជាឆ្នាំប្រឡងប្រណាំងសាលាមេត្រីបរិស្ថានថ្នាក់ជាតិលើកទី៣ ដែលប្រារព្ធធ្វើជារៀង រាល់ពីរឆ្នាំម្តងកម្មវិធីនេះ ចាប់ផ្តើមរៀបចំតាំងពីឆ្នាំ២០១៧មកដើម្បីលើកកម្ពស់ប្រតិបត្តិមេត្រីបរិស្ថានសំដៅចូលរួមការអភិវឌ្ឍប្រកបដោយចីរភាព។ជាលទ្ធផលសាលាបឋមសិក្សាចំនួន៦និងវិទ្យាល័យចំនួន៦ត្រូវបានជ្រើសរើសជាសាលាមេត្រីជ័យលាភី សម្រាប់ឆ្នាំ២០២១នេះ ក្នុងនោះ -ជ័យលាភីមាស បានទៅវិទ្យាល័យហ៊ុនសែន មិត្តភាព ខេត្តព្រះសីហនុ ជ័យ លាភីប្រាក់ បានទៅវិទ្យាល័យហ៊ុន សែន សម្ភុបុរៈ ខេត្តក្រចេះ -ជ័យលាភី សំរិទ្ធ បានទៅវិទ្យាល័យចំណេះទូទៅ និងបច្ចេកទេសព្រះបាទសម្ដេចព្រះបរមនាថនរោត្តមសីហនុខេត្តកំពង់ឆ្នាំង។ដោយឡែកជ័យលាភីសាលាបឋមសិក្សា៖ជ័យលាភីមាសបានទៅសាលាបឋមសិក្សាវត្តចែងខេត្តបាត់ដំបង.ជ័យលាភីប្រាក់បានទៅសាលាបឋមសិក្សាក្រវ៉ាន់ខេត្តសៀមរាប.ជ័យលាភីសំរឹទ្ធបានទៅសាលាបឋមសិក្សាឈើខ្លឹម ខេត្តត្បូងឃ្មុំ។

លោក គួច ចំរើន អភិបាលខេត្តព្រះសីហនុ បានថ្លែងការកោតសរសើរគណៈគ្រប់គ្រង លោកគ្រូ អ្នកគ្រូ បុគ្គលិកសិក្សានៅវិទ្យាល័យហ៊ុនសែនមិត្តភាពដែលបានខិតខំប្រឹងប្រែងថែរក្សាការពារបរិស្ថានរហូតទទួលបានជ័យលាភីសាលាមេត្រីបរិស្ថានឆ្នាំ២០២១ ជ័យលាភីមាស ពីក្រសួងបរិស្ថាន លើការបញ្ជ្រាបចំណេះដឹងការផ្លាស់ ប្ដូរផ្នត់គំនិត ការលើកកម្ពស់ស្មារតីស្រលាញ់បរិស្ថាន និងជំរុញប្រតិបត្តិការមេត្រីភាពបរិស្ថាន សំដៅគាំទ្រដល់ កិច្ចគាំពារបរិស្ថាន និងអភិរក្សជីវៈចម្រុះ ការប្រើប្រាស់ធនធានធម្មជាតិឱ្យបានសមស្រប មាននិរន្តរភាព និងការ រស់ នៅដោយចីរភាព ។

ឯកឧត្តម សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងបរិស្ថាន មានប្រសាសន៍កោតសរសើររដ្ឋបាលខេត្តព្រះសីហនុ ជាខេត្តមួយ ដែលមានមន្ត្រីរាជការ មន្ទីរ អង្គភាព កងកម្លាំងប្រដាប់អាវុធចូលរួមប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩។ ម្យ៉ាងទៀតការប្រឡងប្រណាំងសាលាមេត្រីបរិស្ថានថ្នាក់ជាតិលើកទី៣ ទទួលបានមេដាយមាស និងទទួលបាន រង្វាន់ ជ័យលាភីសាលាមេត្រីបរិស្ថាននាពេលនេះ ជាចំណែកមួយក្នុងការគាំពារបរិស្ថាន ដើម្បីចូលរួមប្រកួត ប្រជែង ព្រោះសាលាជាថ្នាលបណ្តុះនូវចំណេះដឹង និងបណ្តុះបណ្តាលធនធានមនុស្សភាសាកីឡាដើម្បីប្រែក្លាយ ធនធានសិស្សឱ្យស្របតាមការវិវឌ្ឍនៃសង្គមរីកចម្រើនផ្នែកវីទ្យាសាស្ត្របង្កើតបានអ្នកធុរកិច្ចកាន់តែច្រើននាពេលខាងមុខ​​​​​៕ដោយនាគសមុទ្រ