ខេត្តកំពត៖ កាលពីរសៀលថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០២១ ឯកឧត្តម ជឹង ផល្លា ប្រធានក្រុមប្រឹក្សាខេត្ត និង ឯកឧត្តម ជាវ តាយ អភិបាលខេត្តកំពត បានជួបសំណេះសំណាលជាមួយមន្ត្រីរាជការសាលាខេត្តកំពត ក្នុងឱកាសបុណ្យភ្ជុំបិណ្ឌ ឆ្នាំ២០២១ ដោយមានការចូលរួមពីសំណាក់ ឯកឧត្តម លោកជំទាវ សមាជិកក្រុមប្រឹក្សាខេត្ត អភិបាលរងខេត្ត លោកលោកស្រីនាយក នាយករងរដ្ឋបាលសាលាខេត្ត មន្ត្រីរាជការសរុបប្រមាណ ១៦២រូប។
មានប្រសាសន៍នាឱកាសនោះ ឯកឧត្តម ជាវ តាយ បានបញ្ជាក់ថា ក្នុងនាមរដ្ឋបាលខេត្ត និងក្នុងនាមខ្លួនខ្ញុំផ្ទាល់ សូមកោតសរសើរ ចំពោះបងប្អូនមន្ត្រីរាជការគ្រប់ជាន់ថ្នាក់ ដែលកន្លងមកបានរួបរួមសាមគ្គីគ្នា ខិតខំបំពេញអស់សមត្ថភាពជំនាញនីមួយៗ ដើម្បីបំពេញការងារជូនរដ្ឋបាលខេត្ត រហូតសម្រេចបានលទ្ធផលគួរជាទីគាប់ប្រសើរ ទោះបីនៅមានបញ្ហាប្រឈមមួយចំនួន ដែលនៅសេសសល់ក៏ដោយ ក៏យើងនឹងរួមគ្នាដោះស្រាយបញ្ហាប្រឈមទាំងនោះ ពីច្រើនមកតិច និងពីតិចទៅអត់។
ឯកឧត្តមអភិបាលខេត្ត ក៏បានបញ្ជាក់ទៀតថា ក្នុងឱកាសនៃការជួបជុំគ្នានេះ សំណូមពរដល់មន្ត្រីរាជការទាំងអស់នៅក្នុងសាលាខេត្ត សូមខិតខំបំពេញការងារ និងម្ចាស់ការទទួលខុសត្រូវលើកិច្ចការដែលថ្នាក់ដឹកនាំបានប្រគល់ជូនឱ្យបានល្អិតល្អន់ និងគ្រប់ជ្រុងជ្រោយ ជាពិសេសត្រូវខិតខំធ្វើការអភិវឌ្ឍន៍សមត្ថភាព បំពេញការងាររបស់ខ្លួនម្នាក់ៗ ឱ្យស្របតាមសម័យបច្ចេកវិទ្យាព័ត៌មានទាន់សម័យនាពេលបច្ចុប្បន្ន ក្នុងនោះផងដែរ ក៏សូមស្នើឱ្យមន្ត្រីយើងម្នាក់ៗ ខិតខំព្យាយាមរៀនសូត្រពីរៀមច្បងដែលមានពិសោធន៍ការងារមុនៗ ហើយក៏សំណូមពរដល់ថ្នាក់ដឹកនាំនៅតាមទីចាត់ការ-អង្គភាពនីមួយៗ សូមផ្ដល់ និងចែករំលែកចំណេះដឹង និងបទពិសោធន៍ការងារល្អៗ ឬក៏អាចនិយាយបានថា អ្នកចេះបង្រៀនអ្នកមិនចេះហើយអ្នកមិនចេះត្រូវប្រឹងក្រេបជញ្ជក់ចំណេះដឹងពីអ្នកចេះ។
សូមជម្រាបថា ក្នុងឱកាសនោះដែរ ឯកឧត្តមអភិបាលខេត្ត បានឧបត្ថម្ភថវិកាជូនឯកឧត្តម លោកជំទាវក្រុមប្រឹក្សាខេត្តសរុបចំនួន ២៥នាក់ ក្នុងម្នាក់ៗ នូវថវិកាចំនួន ៨០ម៉ឺនរៀល, ឧបត្ថម្ភមន្ត្រីរាជការចំណុះសាលាខេត្ត ១៣១នាក់ ក្នុងម្នាក់ៗចំនួន ៤០ម៉ឺនរៀល, មន្ត្រីជាប់កិច្ចសន្យា សរុបចំនួន ៥៩នាក់ ក្នុងម្នាក់ថវិកា
ចំនួន ២០ម៉ឺនរៀល និងឧបត្ថម្ភនគរបាលប្រចាំការនៅសាលាខេត្ត សរុបចំនួន ០៦នាក់ ក្នុងម្នាក់ៗផ្តល់ជូនថវិកាចំនួន ២០ម៉ឺនរៀល៕
អត្ថបទ៖ លោក សេង ណារិទ្ធ








































