ក្រចេះ ៖ យ៉ាងហោចណាស់មានមនុស្ស ២នាក់បានស្លាប់និង៣នាក់ផ្សេងទៀតបានរងរបួសធ្ងន់ ក្នុងគ្រោះថ្នាក់ចរាចរមួយ នៅលើកំណាត់ ផ្លូវជាតិលេខ៧៦ ត្រង់នៅចំណុចឃុំ២ធ្នូ ស្រុកស្នួល ខេត្ដក្រចេះ កាលពីរសៀលថ្ងៃទី២០ ខែសីហា ឆ្នាំ២០១៤ ដែលបង្កឡើងដោយរថយន្ដរបស់ក្រសួងសុខាភិបាល បានបុកជាមួយនិងរថយន្ដសាំយ៉ុងរត់ឈ្នួលដែលបានឈប់ចតតាមចិញ្ចើមផ្លូវ ។
ប្រភពពីមន្ត្រីនគរបាលស្រុកស្នួលបានអោយដឹងថា នៅមុនពេលកើតហេតុ រថយន្ដមួយគ្រឿងម៉ាក វីហ្គោ ពណ៌ទឹកប្រាក់ ពាក់ស្លាកលេខរដ្ឋ២.០៣៣១ បានធ្វើដំណើរក្នុងទិសដៅបទចេញពី ខាងខេត្ដមណ្ឌលគិរី លុះដល់ចំណុចកើតហេតុនេះ រថយន្តបានរេ ចង្កូតបុករថយន្ដសាំយ៉ុងរត់ឈ្នួល ដែលតែកំពុងចត នៅលើចិញ្ចើមផ្លូវ បណ្ដាលឱ្យរថយន្ដធ្លាក់ពីផ្លូវស្លាប់ និងមនុស្សពីនាក់ភ្លាមៗនៅកន្លែង កើតហេតុ និង៣នាក់ផ្សេងទៀតរង របួសធ្ងន់ ។
ប្រភពពីសមត្ថកិច្ចបានអោយដឹងទៀតថា ក្រោយពេលកើតហេតុ ជនរងគ្រោះត្រូវបានសមត្ថកិច្ចបញ្ជូនទៅកាន់មន្ទីរពេទ្យ ភ្លាមៗ រីឯអ្នកបើករថយន្ដបង្ករ បានរត់គេចខ្លួនបាត់ ដោយបន្សល់ទុករថយន្ដនៅកន្លែងកើតហេតុ ត្រូវបានកម្លាំងសមត្ថកិច្ចនាំយករថយន្ដទាំងពីរគ្រឿង ទៅរក្សាទុកជាបណ្ដោះអាសន្ន នៅអធិការ ដ្ឋាននគរបាលស្រុកស្នួល ដើម្បីចាត់ការបន្ដ ៕






































