បន្ទប់ទឹកសាធារណៈចំនួន៦ទីតាំងនៅតាមតំបន់ឆ្នេរសមុទ្រត្រៀម ទទួលភ្ញៀវទេសចរជាតិ និងភ្ញៀវបរទេស ក្នុងឱកាស បុណ្យកាន់បិណ្ឌ ភ្ជុំបិណ្ឌ

0

ខេត្តព្រះសីហនុ៖បន្ទប់ទឹកសាធារណៈចំនួន០៦ទីតាំងក្នុងចំណោយម០៩ទីតាំងស្ថិតនៅតាមបណ្ដោយឆ្នេរសមុទ្រចាប់ពីឆ្នេរអូរឈើទាល២រហូតដល់ចំនុចដើមឈើចាំស្នេហ៍(វិថីជំទាវម៉ៅ)ត្រូវបានដាក់ឲ្យដំណើការចាប់ពីថ្ងៃទី៣ ខែតុលា ឆ្នាំ២០២១នេះតទៅសម្រាប់ទទួលភ្ញៀវទេសចរជាតិ និងភ្ញៀវបរទេស ក្នុងឱកាសថ្ងៃឈប់សម្រាក បុណ្យកាន់បិណ្ឌ ភ្ជុំបិណ្ឌប្រពៃណីខ្មែរ។

លោក គួច ចំរើន អភិបាលនៃគណៈអភិបាលខេត្តព្រះសីហនុ បានបញ្ជាក់ថា ចាប់ពីថ្ងៃទី៣ ខែតុលា ឆ្នាំ២០២១នេះតទៅយើងនឹងបើកឱ្យដំណើរការជាផ្លូវការនូវបន្ទប់ទឹកសាធារណៈចំនួន៦ទីតាំងសិនក្នុងចំណោម៩ទីតាំង ដោយសារតែបន្ទប់ទឹក៣ទីតាំងទៀត ក្នុងនោះ២ទីតាំង មិនទាន់បំពាក់សម្ភារ:រួចរាល់ និង១ទាក់ទងទៅ នឹងបច្ចេកទេសទឹកនាំមកអត់ទាន់ដល់។

ជាមួយគ្នានេះលោកអភិបាលខេត្តក៏បានណែនាំឱ្យមន្ទីរទេសចរណ៍ខេត្តត្រូវរៀបចំឯកសណ្ឋានអ្នកអនាម័យ ឱ្យត្រឹមត្រូវ ដើម្បីឱ្យភ្ញៀវដែលមកប្រើប្រាស់បន្ទប់ទឹកសាធារណៈរបស់យើង ពួកគាត់បានដឹង។ ទន្ទឹមនោះ លោកអភិបាលខេត្ត ក៏បានធ្វើការណែនាំឱ្យអាជីវករត្រូវរៀបចំដាក់លក់ម្ហូបអាហារប្រចាំតំបន់ ព្រោះខេត្តយើង ជាតំបន់សមុទ្រ ដូច្នេះយើងចង់ផ្សព្វផ្សាយម្ហូបសមុទ្ររបស់យើង ដែលមានគុណភាព និងរស់ជាតិឆ្ងាញ់ ពិសារ សម្រាប់ទាក់ទាញភ្ញៀវមកលេងកម្សាន្តខេត្តរបស់យើង ឱ្យបានកាន់តែច្រើននាពេលខាងមុខ៕ដោយនាគសមុទ្រ