ខេត្តព្រះសីហនុ៖ហេតុការណ៏នេះបានកើតឡើងនាព្រឹកថ្ងៃទី៧ខែតុលា ឆ្នាំ ២០២១ វេលាម៉ោង ០៨ និង ១០ នាទីស្ថិតត្រង់ចំណុចភូមិកោះតូច សង្កាត់កោះរ៉ុងសន្លឹម ក្រុងកោះរ៉ុង ខេត្តព្រះសីហនុ ។
ពាក់ព័ន្ធករណីនេះ បើតារបាយការណ៏របស់រដ្ឋបាលក្រុងកោះរ៉ុងបានបញ្ជាក់ថាដើមហេតុដំបូងដែល បង្ករឲ្យកើតមានអគ្គីភ័យខាងលើនេះ គឺ ធុងហ្គាសបានផ្ទុះចេញពីផ្ទះលោកហាប់ សៀកលី ជួលទៅអោយ លោក ប៊ុន ថន លក់បាយ ។ផ្ទះដែលឆេះមាន៤ល្វែង ដូចជា៖១.ផ្ទះរបស់ហាប់ សៀកលី ត្រូវបានឆេះអស់ពីរល្វែង មួយល្វែង ឆេះ ទាំងស្រុង និងមួយល្វែងទៀត ឆេះអស់១០ភាគរយ (ត្រង់ដំបូលផ្ទះ) ដែលមានទំហំ ៥ x២០ ម៉ែត្រ សាងសង់ ដោយ ដើមឬស្សី ដំបូលប្រកស័ង្កសី និង ស៊ីប្រូ។២.ផ្ទះរបស់ ឃួន កា ត្រូវបានឆេះអស់ពីរល្វែង មួយល្វែង ឆេះអស់៦០ ភាគរយ ផ្នែកខាងជាន់លើ និងមួយល្វែងទៀត ឆេះអស់១០ភាគរយ ដែលមានទំហំ ៥ x២០ ម៉ែត្រសាងសង់អំពីឈើ ដំបូលប្រកស័ង្កសី និង មួយល្វែងទៀតប្រកស៊ីប្រូ ផលបះពាល់អស់១០ ភាគរយ (ត្រង់ដំបូលផ្ទះ) ។ក្នុងនោះ មានស្ត្រីម្នាក់ ឈ្មោះ ទៅ បឿន ភេទ ស្រី អាយុ៣៤ឆ្នាំរងរបួសរលាកភ្លើងមួយ ចំហៀងខ្លួនផងដែរ។
ភ្លាមៗ លោក គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្ត និងជាប្រធានគណៈកម្មាធិការសាខាកាក បាទ ក្រហមកម្ពុជាខេត្តព្រះសីហនុ បានដឹកនាំមន្ត្រីជំនាញពាក់ព័ន្ធចុះត្រួតពិនិត្យ និងនាំយកអំណោយ ចែកជូន បងប្អូនប្រជាពលរដ្ឋចំនួន០៣គ្រួសារដែលរងគ្រោះដោយអគ្គីភ័យភ្លើងឆេះផ្ទះ។ដោយលោក បានសម្តែងការ សោក ស្តាយដល់បងប្អូនប្រជាពលរដ្ឋ ដែលរងគ្រោះបាត់បង់ទ្រព្យសម្បត្តិដោយសារគ្រោះអគ្គីភ័យនេះ។ ជាមួយគ្នានេះដែរ លោក ក៏បានធ្វើការកោតសរសើរ និងវាយតម្លៃខ្ពស់ទៅលើការខិតខំរបស់អាជ្ញាធរមូលដ្ឋាន កងកម្លាំងប្រដាប់អាវុធ និងបងប្អូនប្រជាពលរដ្ឋដែលបានជួយអន្តរាគមន៍ពន្លត់ភ្លើងបានទាន់ពេលវេលា មិនបណ្តាលឱ្យឆេះរាលដាលទៅលំនៅដ្ឋានបងប្អូនប្រជាពលរដ្ឋដ៏ទៃទៀតកាន់តែច្រើនជាងនេះ។
លោក គួច ចំរើន គណៈអភិបាលខេត្ត និងជាប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជា ខេត្តព្រះសីហនុ ក៏បានជម្រាបជូនបងប្អូនប្រជាពលរដ្ឋបន្ថែមថា គោលបំណងដែលឯកឧត្តម អញ្ជើញចុះពិនិត្យ ដល់ទីតាំងដោយផ្ទាល់នេះក្រៅពីការចុះសួរសុខទុក្ខនិងនាំយកអំណោយចែកជូនបងប្អូនរងគ្រោះចំនួន០៣គ្រួសារនេះហើយគឺលោកចង់ស្វែងរកដំណោះស្រាយទៅបញ្ហាគ្រោះអគ្គីភ័យដែលបានកើតឡើងជាបន្តបន្ទាប់នៅលើទីតាំងដដែលៗនេះក្នុងនោះលោកបានផ្តល់អនុសាសន៍ដូចខាងក្រោម៖បងប្អូនប្រជាពលរដ្ឋត្រូវម្ចាស់ការលើខ្លួនឯងនិងត្រូវចេះសហការជួយគ្នាទៅវិញទៅមក(ចំពោះមុខយើងមិនអាចបញ្ជូនរថយន្តពន្លត់អគ្គីភ័យពីលើគោកមកតំបន់កោះបានទាន់ពេលវេលានោះទេណាមួយយើងមិនទាន់មានប្រព័ន្ធគមនាគមន៍គ្រប់គ្រាន់)ត្រៀមប្រព័ន្ធបណ្តាញ ទឹកដើម្បីអន្តរាគមន៍ជាក់ស្តែង និងគ្រប់ផ្ទះត្រូវមានបំពង់ពន្លត់អគ្គីភ័យ។ទន្ទឹមនេះ លោក ក៏បានអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋ ដែលមានលំនៅដ្ឋានដែលសង់ជាប់ៗគ្នា នៅ តាមបណ្តោយឆ្នេរកោះតូចនេះ ត្រូវបង្កើនការប្រុងប្រយ័ត្នឱ្យបានខ្ពស់បំផុត។
ក្នុងឱកាសនោះ លោកប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្តព្រះសីហនុ បានពាំនាំការ ផ្តាំផ្ញើ សួរសុខទុក្ខ នឹងសេចក្តីនឹករលឹកពី សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជា ជូនចំពោះ បងប្អូនប្រជាពលរដ្ឋដែលរងគ្រោះដោយអគ្គីភ័យនាពេលនេះ ព្រមទាំងបាននាំយកថវិកា គ្រឿងឧ បភោគបរិភោគ និងសម្ភារ:ចែកជូនបងប្អូនដើម្បីជួយដោះស្រាយ ការលំបាកបានមួយផ្នែកផងដែរ៕
ដោយនាគសមុទ្រ