ខេត្តរតនគិរី៖ គណៈកម្មាធិការគ្រប់គ្រងគ្រោះមហន្តរាយខេត្តរតនគិរី បានប្រកាសឲ្យប្រជាពលរដ្ឋដែលកំពុងរស់នៅតាមបណ្តោយទន្លេស្រែពក នៅក្នុងស្រុកពីរ គឺស្រុកលំផាត់ និងស្រុកកូនមុំ ត្រូវមានស្មារតីប្រុងប្រយ័ត្ន ចំពោះគ្រោះទឹកជំនន់ ដែលកើតឡើងជាយថាហេតុណាមួយ បណ្តាលមកពីឥទ្ធិពលនៃព្យុះទី១៨ វិសម្ពាធទាប ភ្លៀងធ្លាក់ជាបន្តបន្ទាប់ និងការបញ្ចេញធារទឹកទំនប់ស្រែពក៤ ផ្នែកខាងលើនៃទន្លេស្រែពក នៃប្រទេសវៀតណាម។ ការប្រកាសជូនដំណឹងរបស់ គណៈកម្មាធិការគ្រប់គ្រងគ្រោះមហន្តរាយខេត្តរតនគិរី បានធ្វើឡើងនៅថ្ងៃទី១៧តុលាឆ្នាំ២០២១។
គណៈកម្មាធិការគ្រប់គ្រងគ្រោះមហន្តរាយ ខេត្តរតនគិរី អំពាវនាវប្រជាពលរដ្ឋក្នុងខេត្តទាំងអស់ ពិសេស អ្នកដែលកំពុងរស់នៅតាមបណ្តោយដងទន្លេស្រែពក មេត្តាបង្កើនស្មារតីប្រុងប្រយ័ត្ន និងត្រៀមបង្ការនូវមធ្យោបាយ និងសម្ភារចាំបាច់នានា ដើម្បីកាត់បន្ថយបាននូវហានិភ័យពីការកើតឡើង នៃគ្រោះទឹកជំនន់នេះ។
អភិបាលខេត្តរតនគិរី លោក ញ៉ែម សំអឿន ដែលជាប្រធានគណៈកម្មាធិការគ្រប់គ្រងគ្រោះមហន្តរាយខេត្ត នៅថ្ងៃ១៧តុលា បានដឹកនាំមន្ត្រីសំខាន់ៗ ចុះពិនិត្យស្ថានភាពទឹកនៅស្ពានស្រែពក និងបានដាក់បទបញ្ជាដល់អាជ្ញាធរមានសមត្ថកិច្ច នៅតាមបណ្តាស្រុកជាប់ដងទន្លេ ត្រូវត្រៀមគ្រប់មធ្យោបាយ ក៏ដូចជារៀបចំទីទួលសុវត្ថិភាព សម្រាប់ជម្លៀសប្រជាពលរដ្ឋក្នុងករណីចាំបាច់ និងទាន់ពេលវេលា។
អាជ្ញាធរស្រុកលំផាត់ បានបង្ហាញរបាយការណ៍ថា គិតត្រឹមវេលា ម៉ោង១០ និង១៥នាទី យប់ថ្ងៃទី ១៧ខែតុលា ឆ្នាំ២០២១ ទឹកទន្លេស្រែពក ស្ថានីយ៍លំផាត់ មានកម្ពស់ ១២.២០ម៉ែត្រ បើធៀប វេលាម៉ោង ៩ និង១៥នាទី ទឹកមានការកើនឡើង០.០៨ម៉ែត្រ ខណៈកម្ពស់ទឹកត្រូវប្រកាសអាសន្ន ស្ថិតក្នុងកម្ពស់ ១២.៥០ម៉ែត្រ ហើយមេឃនៅតែស្រទុំ និងភ្លៀងនៅតែបន្តធ្លាក់។ ដោយឡែក ស្ថានភាពទឹកទន្លេសេសាន ស្ថិតក្នុងស្រុកវើនសៃ គិតត្រឹមម៉ោង១២ និង ២៧នាទីថ្ងៃត្រង់ ទឹកមានកម្ពស់ ៦,២៥ម៉ែត្រ ខណៈកម្ពស់ទឹកដែលត្រូវប្រកាសអាសន្ន មានកម្ពស់ ៨,៥០ម៉ែត្រ៕ ដោយ៖ឡុង សំបូរ