នគរបាលខេត្តស្វាយរៀង បង្ក្រាបជំនួញគ្រឿងញៀនឆ្លងដែនពីកម្ពុជា ទៅប្រទេសវៀតណាម ដកហូតថ្នាំញៀនបានជិត ២០គីឡូក្រាម អាវុធខ្លី ១ដើម និងឃាត់ខ្លួនឧក្រិដ្ឋជនជួញដូរគ្រឿងញៀនពីរនាក់

0

ខេត្តស្វាយរៀង៖ ឧក្រិដ្ឋជនជួញដូរគ្រឿងញៀនជនជាតិវៀតណាមម្នាក់ និងខ្មែរម្នាក់ រួមទាំងថ្នាំញៀន ៣ប្រភេទ មានទម្ងន់ជិត ២០គីឡូក្រាម និងអាវុធខ្លី ១ដើម បានរងការបង្ក្រាប ឃាត់ខ្លួន និងដកហូតបាន ក្រោមប្រតិបត្តិការបង្ក្រាប ពីកម្លាំងនគរបាលការិយាល័យប្រឆាំងគ្រឿងញៀនខេត្ត សងហការជាមួយ កម្លាំងអធិការដ្ឋាននគរបាលក្រុងបាវិត កាលពីវេលាម៉ោង ៧ និង៣០នាទីយប់ ថ្ងៃទី១៣តុលាឆ្នាំ២០២១ នៅចំណុចផ្លូវបេតុង ស្ថិតក្នុងភូមិតាបឹប សង្កាត់បាវិត ក្រុងបាវិត។ ហើយនៅថ្ងៃទី១៨តុលានេះ ឧក្រិដ្ឋជនជួញដូរថ្នាំញៀនទាំងពីរនាក់ រួមទាំងវត្ថុតាងបទល្មើស ត្រូវបានបញ្ជូនទៅកាន់តុលាការខេត្តស្វាយរៀង នោះហើយ។

សមត្ថកិច្ចនៅក្នុងការបង្ក្រាបគ្រឿងញៀននោះ បាននិយាយថា ការបង្ក្រាបជំនួញគ្រឿងញៀនទ្រង់ទ្រាយធំ ដែលក្រុមជនសង្ស័យគ្រោងនាំឆ្លងដែនពីកម្ពុជា ចូលទៅប្រទេសវៀតណាមនោះ គឺកម្លាំងនគរបាលខេត្តស្វាយរៀង បានអនុវត្តតាមបទបញ្ជារបស់ នាយឧត្តមសេនីយ៍សន្តិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ។ លោកថា ការបង្ក្រាបនោះទៀត បានធ្វើឡើងក្រោមការដឹកនាំបញ្ជាផ្ទាល់ពី ស្នងការនគរបាលខេត្តស្វាយរៀង លោកឧត្តមសេនីយ៍ទោ កឹង ឃន ក្រោមការសម្របសម្រួលនីតិវិធីពី ព្រះរាជអាជ្ញានៃអយ្យការអមសាលាដំបូងខេត្តស្វាយរៀង ផងដែរ។

សមត្ថកិច្ចដដែលបានបន្តទៀតថា ជនសង្ស័យដែលជាឧក្រិដ្ឋជនជួញដូរគ្រឿងញៀនទាំងពីរនាក់ ដែលឃាត់ខ្លួនបាននៅពេលនោះ ១- ឈ្មោះ ឡេ វ៉ាន់ថ ភេទប្រុស អាយុ ១៨ឆ្នាំ ជនជាតិវៀតណាម មុខរបរជាងឈើ និង២-ឈ្មោះ វ៉ាន់ សុផា ភេទប្រុស អាយុ ២០ឆ្នាំ ជនជាតិខ្មែរ មុខរបរជាងឈើ ជនសង្ស័យទាំង ២នាក់ រស់នៅភូមិដើមស្លែង សង្កាត់ច្បារអំពៅ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ គឺជាអ្នកដឹកជញ្ជូនគ្រឿងញៀនពីរាជធានីភ្នំពេញ ឆ្លងដែនទៅកាន់ប្រទេសវៀតណាម ។

លោកបានបញ្ជាក់ថា ចំពោះវត្ថុតាងដែលចាប់ដកហូតបាននៅពេលនោះ មានថ្នាំញៀន ៣ប្រភេទ គឺ ១. ថ្នាំញៀន ប្រភេទហេរ៉ូអ៊ីន មានទម្ងន់ ៣ពាន់ ៥០២ក្រាម ២. ថ្នាំញៀន ប្រភេទមេតំហ្វេតាមីន ទម្ងន់ ២ពាន់ ៩៨៦ ក្រាម និង ៣.ថ្នាំញៀន ប្រភេទកេតាមីន មានទម្ងន់ ១ម៉ឺន ៣០០០ក្រាម ថ្នាំញៀនទាំង ៣ប្រភេទ សរុបមានទម្ងន់ ១ម៉ឺន ៩ពាន់ ៤៨៨ ក្រាម ស្មើនឹង ១៩គីឡូក្រាម ៤៨៨ក្រាម អាវុធខ្លីធុន K54 ចំនួន ១ដើម បង់១, គ្រាប់ចំនួន ៨ ម៉ូតូ ១គ្រឿង និងកាបូបធំ សំរាប់ដាក់គ្រឿងញៀនចំនួន ១ ផងដែរ។

នៅថ្ងៃទី១៨តុលានេះ ជនសង្ស័យទាំង ២នាក់ រួមជាមួយវត្ថុតាងបទល្មើស ត្រូវបានកម្លាំងនគរបាលជំនាញខេត្ត បញ្ជូនទៅកាន់តុលាការខេត្តស្វាយរៀង ចាត់ការតាមច្បាប់។

ច្បាប់ប្រឆាំងគ្រឿងញៀន នៃប្រទេសកម្ពុជា ជនណាជួញដូរគ្រឿងញៀន ចាប់ពី៥០ក្រាមឡើងទៅ នឹងត្រូវផ្តន្ទាទោសដាក់ពន្ធនាគារអស់មួយជីវិត ៕ ដោយ៖ឡុង សំបូរ