ខេត្តរតនគិរី៖ ជំនន់ទឹកភ្លៀងកំពុងវាយលុកលើស្រុកចំនួន ៥ និងប្រជាពលរដ្ឋជាង ២ពាន់គ្រួសារបានរងផលប៉ះពាល់ ក្នុងនោះប្រជាពលរដ្ឋ ៧៧គ្រួសារ ដែលត្រូវបានអាជ្ញាធរ ជួយជម្លៀសចេញពីទឹកជំនន់ ប្រកបដោយសុវត្ថិភាព កាលពីថ្ងៃទី១៨តុលាម្សិលមិញ។
រដ្ឋបាលខេត្តរតនគិរី បានបង្ហាញរបាយការណ៍ឲ្យដឹងថា ជំនន់ទឹកភ្លៀងបានវាយលុកលើដែនដីខេត្ត និងបានធ្វើឲ្យស្រុក ៥ ដែលស្ថិតនៅតាមបណ្តោយដងទន្លេស្រែពក និងទន្លេសេសាន នៃខេត្តរតនគិរី បានគ្របដណ្តប់ទៅដោយទឹកជំនន់ រួមមាន ៖ ស្រុកលំផាត់ ស្រុកតាវែង ស្រុកអណ្តូងមាស ស្រុកកូនមុំ និងស្រុកអូរយ៉ាដាវ និងមានប្រជាពលរដ្ឋ ២ពាន់ ១១គ្រួសារ បានរងផលប៉ះពាល់ ក្នុងនោះ ៧៧គ្រួសារ ត្រូវបានអាជ្ញាធរជម្លៀសទៅកាន់ទីទួលសុវត្ថិភាព។
នៅក្នុងរបាយការណ៍ដដែលនោះ បានបង្ហាញទៀតថា ជំនន់ទឹកភ្លៀងបានជន់ជោចូលផ្ទះប្រជាពលរដ្ឋ ៩៨២ខ្នង ,សាលារៀន ៥ខ្នង ,វត្តអារាម ៣កន្លែង ,តូបលក់ឥវ៉ាន់ ៧៥តូប រោងជាងសិប្បកម្មផ្សេងៗ ១៣កន្លែង ,ផ្ទៃដីស្រែ ១ពាន់ ៧៧ ហិកតា បានរងការលិចលង់ ក្នុងនោះ ប៉ះពាល់ស្រូវសន្ទូងលើផ្ទៃដី ១ពាន់ ២០៣ ហិកតា ,សត្វពាហនៈ ២៤៨ក្បាល ត្រូវបានជម្លៀសទៅកាន់ទីទួលសុវត្ថិភាព ក្នុងនោះសត្វគោ ២៤៨ក្បាល ,ជ្រូក ១១៦ក្បាល ,សត្វមាន់ និងសត្វទា ១ពាន់ ៦៥ក្បាល និងមានសត្វមាន់ និងសត្វទាចំនួន ១៦៥ក្បាលបានងាប់ ,ហេដ្ឋារចនាសម្ព័ន្ធគមនាគមន៍ គឺលិចផ្លូវក្រាលគ្រួសក្រហម ១ខ្សែប្រវែង ១៥ពាន់ ៦០០ម៉ែត្រ ស្ពានបេតុង ១១កន្លែង ,លូកាត់ផ្លូវ ១១កន្លែង ក្នុងនោះស្ពាន ១កន្លែង រងការខូចខាត ,អណ្តូងស្នប់ ៩៣ អណ្តូង ,អណ្តូងលូ ៣៦៨ អណ្តូង និងបង្គន់អនាម័យ ៤៨១ បង្គន់ បានរងការជន់លិច ។
ស្របពេលជាមួយនឹងការវាយលុក ដោយជំនន់ទឹកភ្លៀងនោះផងដែរ រដ្ឋបាលខេត្តរតនគិរី ក៏បានចេញសេចក្តីប្រកាសពីការបិទផ្លូវជាតិលេខ ៧៦A ពីខេត្តរតនគិរី ទៅខេត្តមណ្ឌលគិរី នៅចន្លោះគីឡូម៉ែត្រ ២៧២-២៧៣ ស្ថិតក្នុងភូមិដីឡូតិ៍ ឃុំជ័យឧត្តម ស្រុកលំផាត់ ដោយផ្អាកបណ្តោះអាសន្ន ការធ្វើចរាចរណ៍រថយន្តដឹកទំនិញ និងដឹកអ្នកដំណើរគ្រប់ប្រភេទ ដើម្បីបញ្ជៀសការខូចខាតផ្លូវ ចាប់ពីថ្ងៃ១៩តុលា២០២១ ដែលជាថ្ងៃជូនដំណឹង រហូតដល់មានការជូនដំណឹងជាថ្មី ។
មន្ទីរធនធានទឹក និងឧតុនិយមខេត្តរតនគិរី បានបង្ហាញរបាយការណ៍ ស្តីពីស្ថានភាពទឹកនៅថ្ងៃ១៩តុលានេះថា ទន្លេសេសាន ស្ថានីយ៍កាចូន នៅម៉ោង ១១ និង៣០នាទីព្រឹក ទឹកមានកម្ពស់ ៨.៣៧ម៉ែត្រ ដោយថ្ងៃនេះទឹកស្រកចុះ ០.៥០ម៉ែត្រ ខណៈទឹកមានកម្ពស់ដែលត្រូវប្រកាសអាសន្ន ៨.៥០ម៉ែត្រ ,ទឹកទន្លេស្រែពក ស្ថានីយលំផាត់ នៅម៉ោង ១រសៀល ទឹកមានកម្ពស់ ១៣.៨១ម៉ែត្រ ថ្ងៃនេះទឹកហក់ឡើង ០.០១ម៉ែត្រ ខណៈទឹកមានកម្ពស់ដែលត្រូវប្រកាសអាសន្ន ១២.៥០ម៉ែត្រ ៕ ដោយ៖ឡុង សំបូរ