ទំនាស់រុំារ៉ៃរហូតដល់មានសាលដីកាស្ថាពរសាលាឧទ្ធរណ៍ត្រូវបានដោះស្រាយបញ្ចប់ ជាមួយនិងគោលការណ៍ឈ្នះឈ្នះ

0

ខេត្តព្រះសីហនុ៖លោក គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ ក្នុងកិច្ចប្រជុំត្រួតពិនិត្យ ពិភាក្សា លើសំណើរបស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ នារសៀល ថ្ងៃទី១៩ ខែ តុលា ឆ្នាំ ២០២១ ស្តីពីការ អនុវត្តសាលដី កាលេខ៥៦”ដ”ចុះថ្ងៃទី៣០ខែវិច្ឆិកាឆ្នាំ២០០៩របស់សាលាឧទ្ធរណ៍លើទីតាំងដីទំនាស់មួយកន្លែងស្ថិតនៅភូមិ៣ឃុំអូរត្រេះស្រុក ស្ទឹងហាវ ខេត្តព្រះសីហនុ រវាងសាខាពន្ធដារក្រុងព្រះសីហនុ ខេត្តព្រះសីហនុ(ដើមបណ្តឹង)និង ក្រុមគ្រូសារលោក ឥន្ទ សុពុម អតីតមន្រ្តីពន្ធដាស្រុកស្រឹងហាវ លោកមានប្រសាសន៏ បានបញ្ជាក់ថា ត្រូវបាន ដោះស្រាយបញ្ចប់ ជាមួយនិង គោល ការណ៍ឈ្នះឈ្នះ។

លោក គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្ត បានមានប្រសាសន៍ថាយោងតាម ការសម្រេចរបស់ តុលា ការទាំងពីរថ្នាក់គឺ សាខាពន្ធដារខេត្តព្រះសីហនុ បានឈ្នះក្តី នឹងត្រូវយកទីតាំងខាងលើ ធ្វើការសាងសង់ ជាស្នាក់ពន្ធដារស្រុក ប៉ុន្តែជាគុណធម៌គឺក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានផ្តល់ថវិកាចំនួន ៦០.០០០ (ហុកសិប ពាន់)ដុល្លារអាមេរិក និងរដ្ឋបាលខេត្ត ក៏បានផ្តល់ ដីសម្បទានសង្គមកិច្ច ជូនគ្រួសារលោក ឥន្ទ សុពុម ចំនួន ០១ ឡូត៌ ទំហំ៣០ម៉ែត្រ x ៤០ម៉ែត្រ ស្ថិតនៅភូមិ១ ឃុំទំនប់រលក ស្រុកស្ទឹងហាវ ខេត្តព្រះសីហនុ ផងដែរ។ចំពោះគោលការណ៍ឈ្នះឈ្នះរបស់ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុនិងរដ្ឋបាលខេត្តដែលលោកអភិបាលខេត្ត បានលើកឡើងខាងលើគឺលោក ឥន្ទ សុវណ្ណ និងភរិយា បានយល់ព្រមទទួលដោយស្ម័គ្រចិត្ត និងយល់ព្រម រុះរើសំណង់របស់ខ្លួននៅលើទីតាំងដីស្នាក់ការពន្ធដារស្រុកស្ទឹងហាវ ដោយស្នើសុំរយៈពេល០១ខែ។

លោកអភិបាលខេត្ត បានថ្លែងការកោតសរសើរចំពោះភាគីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ តំណាងដោយ សាខាពន្ធដារខេត្ត និងមន្ទីរសេដ្ឋកិច្ច និងហិរញ្ញវត្ថុខេត្ត និងតំណាងក្រុមគ្រួសារលោក ឥន្ទ សុពុម ដែលបានចូល រួមកិច្ចប្រជុំដោះស្រាយនិងបានយល់ព្រមទទួលយកគោលការណ៍របស់ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុនិងរដ្ឋបាល ខេត្ត ដោយស្ម័គ្រចិត្ត ដើម្បីបញ្ចប់បញ្ហាចាប់ពីពេលនេះតទៅ។ ជាមួយគ្នានេះ ឯកឧត្តមអភិបាលខេត្ត ក៏បានណែ នាំទៅមន្ត្រីជំនាញ ដោយបានកំណត់ពេលវេលានៅព្រឹកថ្ងៃទី២១ ខែតុលា ឆ្នាំ២០២១ ខាងមុខនេះ ត្រូវជូនលោក ឥន្ទ សុវណ្ណ និងភរិយា ទៅពិនិត្យទីតាំងដីឡូត៌សម្បទានសង្គមកិច្ចដែលរដ្ឋបាលខេត្តផ្តល់ជូន ស្ថិតនៅភូមិ១ ឃុំ ទំនប់រលក ស្រុកស្ទឹងហាវ ខេត្តព្រះសីហនុ ដោយឡែកចំពោះថវិកាចំនួន៦០.០០០(ហុកសិបពាន់)ដុល្លារអាមេរិក  របស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ នឹងផ្តល់ជូននៅពេលដែលលោក ឥន្ទ សុវណ្ណ និងភរិយា ធ្វើការរុះរើសំណង់ របស់ខ្លួននៅលើទីតាំងដីស្នាក់ការពន្ធដារ ស្រុកស្ទឹងហាវរួចរាល់។

គួរបញ្ជាក់ផងដែរថា បើយោងតាមរបាយការណ៍របស់មន្រ្តីជំនាញ ទីតាំងដីខាងលើគឺបានចុះបញ្ជីសារពើ ភ័ណ្ឌជាទ្រព្យសម្បត្តិ របស់សាខាពន្ធដារក្រុងព្រះសីហនុ (បច្ចុប្បន្នសាខាពន្ធដារខេត្តព្រះសីហនុ) តាំងពីឆ្នាំ ១៩ ៩២។ដែលលោកឥន្ទសុពុមជាមន្រ្តីពន្ធដារសាខាស្រុកស្ទឹងហាវបានស្នើសុំធ្វើផ្ទះសម្រាប់ស្នាក់នៅជាបណ្តោះអាសន្ន និងបានសន្យាថានៅពេលសាខាពន្ធដារត្រូវការសាងសង់ស្នាក់ការ គាត់នឹងព្រមចាកចេញដោយមិនប្រកែក ។ ជាក់ស្តែងនៅពេលសាខាពន្ធដារត្រូវការសាងសង់ស្នាក់ការសាខាស្រុកស្ទឹងហាវ គឺលោក ឥន្ទ សុពុម មិនព្រម ប្រគល់ដីជូនសាខាពន្ធដារវិញទេ ថែមទាំងបានដោះស្លាកសាខាខណ្ឌស្ទឹងហាវ(ស្រុកស្ទឹងហាវ)បោះចូល ទឹក សមុទ្រទៀត។ យោងសាលក្រមលេខ ៣៤ ចុះថ្ងៃទី២២ ខែមីនា ឆ្នាំ ២០០៧ របស់តុលាការ ក្រុងព្រះសីហនុ (ខេត្តព្រះសីហនុ) និងសាលដីកាលេខ ៥៦ ”ដ” ចុះថ្ងៃទី៣០ ខែវិច្ឆិកាឆ្នាំ២០០៩របស់សាលាឧទ្ធរណ៍បានសម្រេច ឱ្យលោក ឥន្ទ សុពុម ប្រគល់ដីទំហំ ៣៣ម៉ែត្រ x ៤០ម៉ែត្រ ឱ្យទៅសាខាពន្ធដារក្រុងព្រះសីហនុ(ខេត្តព្រះសីហនុ) ធ្វើជាទ្រព្យសម្បត្តិរដ្ឋ។ ក្រោយមកលោក ឥន្ទ សុពុម ក៏បានទទួលមរណភាព  ដោយមានកូនក្នុងបន្ទុក ០៦នាក់ ហើយមានអ្នកខ្លះរស់នៅតាមរាជធានី ខេត្តផ្សេង នៅសល់តែលោក ឥន្ទ សុវណ្ណ (កូនប្រុសលោក ឥន្ទ សុពុម) និងប្រពន្ធ រស់នៅលើដីនោះរហូតមក ៕