Jyoti Kumar វ័យ ៦២ ឆ្នាំរស់នៅក្នុងរដ្ឋ Madhya pradesh ប្រទេសឥណ្ឌា គឺជាមនុស្សស្រីម្នាក់ដែលមានផ្ទៃពោះយូរជាងគេបំផុត បន្ទាប់ពីក្រុមគ្រូពេទ្យរកឃើញគ្រោងឆ្អឹងទារកនៅក្នុងពោះរបស់នាងអស់រយៈពេលជិត ៤ ទសវត្ស។ យោងតាមសារព័ត៌មានមេត្រូ បានឲ្យដឹងថានៅក្នុងឆ្នាំ ១៩៧៨ លោកស្រី Jyoti មានផ្ទៃពោះស្របពេលដែលនាងមានអាយុទើបតែ ២៤ ឆ្នាំ នៅពេលនោះគ្រូពេទ្យបានជូនដំណឹងអំពីការរស់រានជីវិតរបស់ទារកនោះ គឺមានសង្ឃឹមតិចណាស់ ព្រោះទារកបង្កកំណើតនៅក្រៅស្បូន។
ដោយសារតែការភ័យខ្លាចការវះកាត់ នាងចេះតែគេចវេស ហើយបានទៅរកកន្លែងពេទ្យតូចមួយដើម្បីព្យាបាលការឈឺចាប់ក្នុងផ្ទៃពោះ។ បន្ទាប់ពីប៉ុន្មានខែក្រោយមក គ្មានការឈឺចាប់ត្រឡប់មកវិញនោះទេ ដូច្នេះនាងបានគិតថាជំងឺត្រូវបានព្យាបាលជាហើយ។ ប៉ុន្តែ ៣៨ ឆ្នាំក្រោយស្ត្រីម្នាក់នេះបានចាប់ផ្តើមមានអារម្មណ៍ឈឺពោះសាជាថ្មី។ បន្ទាប់ពីមកដល់វិទ្យាស្ថាន វិជ្ជសាស្ត្រ NKP នៃទីក្រុង Nagpur លោកវេជ្ជបណ្ឌិតបានរកឃើញដុំសាច់នៅផ្នែកខាងស្តាំនៃពោះរបស់នាង។
លទ្ធផលនៃការធ្វើតេស្តបង្ហាញថា ដុំសាច់នោះគឺជាឆ្អឹងទារកដែលបានបង្កទៅជាថ្មកំបោរទៅហើយ។ ភ្លាមៗនោះក្រុមគ្រូពេទ្យបានប្រញាប់ធ្វើការវះកាត់យកសាកសពទារកដែលស្លាប់នៅក្នុងពោះរបស់នាងចេញមក។ លោកបណ្ឌិត Mohammad Yunus Shah មានប្រសាសន៍ថា គាត់និងមិត្តរួមការងារ បានបន្ថែមថា ករណីមានផ្ទៃពោះរយៈពេលយូរបែបនេះ មានលក្ខណៈស្រដៀងទៅនឹងស្ត្រីម្នាក់ដែលរស់នៅប្រទេស ប៊ែលហ្ស៊ិក ដែរ ប៉ុន្តែករណីរបស់នាង Jyoti នៅតែអាចត្រូវបានគេចាត់ទុកថា ជាការមានផ្ទៃពោះដែលយូរជាងគេបំផុតនៅក្នុងប្រវត្តិសាស្ត្រ នៃវេជ្ជសាស្ត្រ៕
គ្រូពេទ្យបង្ហាញពី ឆ្អឹងទារកដែលបានបង្កទៅជាថ្មកំបោរ នៅក្នុងផ្ទៃពោះអ្នកជំងឺ