ខេត្តព្រះវិហារ៖ ទេសរដ្ឋមន្ត្រី មាស សុភា ដែលជា ប្រធានក្រុមការងាររាជរដ្ឋាភិបាល ចុះមូលដ្ឋានខេត្តព្រះវិហារ ដែលមាការចូលរួមពី អភិបាលខេត្តព្រះវិហារ លោក ប្រាក់ សុវណ្ណ ,មន្ត្រីជាន់ខ្ពស់នៃគណៈប្រតិភូអមដំណើរ ,ថ្នាកដឹកនាំខេត្ត ស្រុក មន្ទីរជុំវិញរដ្ឋបាលខេត្ត និងកងកម្លាំងទាំង៣ បាននាំយកគ្រឿងឧបភោគ បរិភោគ មកឧបត្ថម្ភប្រជាពលរដ្ឋដែលមានជីវភាពខ្វះខាត ២០០គ្រួសារ និងការចែកពូជសត្វពពែ ១០ក្បាល ដល់សហគមន៍ជាំពេន ទុកសម្រាប់ចិញ្ចឹម ដើម្បីទ្រទ្រង់ជីវភាពនៅក្នុងសហគមន៍ ស្ថិតនៅក្នុងឃុំរមទម ស្រុករវៀង នាថ្ងៃទី២៤តុលាឆ្នាំ២០២១ ។
អំណោយដែលត្រូវផ្តល់ជូនប្រជាពលរដ្ឋទាំង ២០០គ្រួសារ ដោយ ១គ្រួសារៗ ទទួលបានបានមី ១កេស ត្រីខកំប៉ុង ១យួរ ទឹកស៊ីអ៊ីវ ១យួរ អង្ករ ១បេ និងថវិកា ២ម៉ឺនរៀល ។ ដោយឡែក ប្រជាសហគមន៍ជាំពេន ទទួលបានពូជពពែ ១០ក្បាល ផងដែរ ពីថ្នាក់ដឹកនាំថ្នាក់ជាតិ និងរដ្ឋបាលថ្នាក់ក្រោមជាតិ។
អភិបាលខេត្តព្រះវិហារ លោក ប្រាក់ សុវណ្ណ បានឡើងរាយការ ពីវឌ្ឍនភាពរបស់ខេត្ត និងពីកិច្ចខិតខំប្រឹងប្រែងរបស់រដ្ឋបាលខេត្ត ក្នុងការទប់ស្កាត់ការឆ្លងរីករាលដាលនៃជំងឺកូវីដ-១៩ ក្នុងពេលកន្លងមក ទៅតាមគោលនយោបាយ និងការណែនាំរបស់ ប្រមុខរាជរដ្ឋាភិបាល ក៏ដូចជាការណែនាំរបស់ក្រសួងសុខាភិបាលកម្ពុជា បានយ៉ាងល្អប្រសើរ ។
ទេសរដ្ឋមន្ត្រី មាស សុភា បានមានប្រសាសន៍ថា នៅពេលកន្លងមក ដោយសារបញ្ហាជំងឺឆ្លងជាសកលកូវីដ-១៩ បានធ្វើឲ្យពិភពលោក ក្នុងនោះ មានទាំងប្រទេសកម្ពុជា ផងដែរ ដែលទទួលរង នូវផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរ ទាំងសេដ្ឋកិច្ច សង្គម និងធ្វើឲ្យមានការបាត់បង់អាយុជីវិតមនុស្ស ថែមទៀតផង។
លោកទេសរដ្ឋមន្ត្រី មាស សុភា បានមានប្រសាសន៍ទៀតថា នៅគ្រាបច្ចុប្បន្ននេះ បញ្ហាកូវីដ-១៩ ត្រូវបានធូរស្បើយឡើងវិញ បូករួមទាំង ប្រទេសកម្ពុជា ផងដែរ ដែលទាំងអស់នេះ ដោយសារការដឹកនាំរបស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ជានាយករដ្ឋមន្ត្រី បានខិតខំប្រឹងប្រែងក្នុងការទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ-១៩ ដ៏កាចសាហាវនេះ តាមរយៈការស្វែងរកវ៉ាក់សាំង ដើម្បីចាក់ជូនដល់ប្រជាពលរដ្ឋ មន្ត្រីរាជការគ្រប់លំដាប់ថ្នាក់បានយ៉ាងច្រើន ដែលអាចឲ្យយើងគ្រប់គ្រងស្ថានភាព នៃការរីករាលដាលនៃជំងឺកូវីដ-១៩បាន ស្របពេលដែលពិភពលោក ក៏បានធូរស្បើយ តាមរយៈការចាក់វ៉ាក់សាំង និងការរកបាននៅថ្នាំ ដើម្បីព្យាបាល ដែលបានកាត់បន្ថយនូវហានិភ័យក្នុងការស្លាប់ និងអាចព្យាបាលជំងឺនេះបាន ថែមទៀត។
លោកទេសរដ្ឋមន្ត្រី មាស សុភា មានប្រសាសន៍ក្រើនរំលឹក ដល់ប្រជាពលរដ្ឋទាំងអស់ ត្រូវបន្តអនុវត្តន៍វិធានការ ៣កុំ និង ៣ការពារ ជាបន្តទៀត ដើម្បីខ្លួនយើង គ្រួសារយើង និងសហគមន៍យើង គ្មានការឆ្លងរាលដាលជំងឺកូវីដ-១៩ ។
លោកទេសរដ្ឋមន្ត្រី ក៏បានថ្លែងបញ្ជាក់ថា នៅក្នុងស្រុករវៀង គឺមានដែនជម្រកសត្វព្រៃចំនួន២ គឺ ១- ដែនជម្រកសត្វព្រៃបឹងពែរ និង២- ដែនជម្រកសត្វព្រៃ ព្រៃឡង់ និងមានសហគមន៍ចំនួន៨ សម្រាប់ការពារព្រៃឈើ ។ លោកបញ្ជាក់ទៀតថា រាជរដ្ឋាភិបាល បានខិតខំបង្កើតសហគមន៍នេះឡើង តាមរយៈក្រសួងបរិស្ថាន ដើម្បីគ្រប់គ្រងព្រៃឈើ សត្វព្រៃ និងបរិស្ថាន កុំឲ្យរងការបាត់បង់ រងការកាប់បំផ្លាញ និងរងការបរបាញ់សត្វព្រៃ ដែលស្របទៅនឹងបរិបទពិភពលោក ដែលកំពុងបង្ហាញពីហានិភ័យ និងប្រកាសឲ្យមានការចូលរួម ដើម្បីទប់ស្កាត់ នៃបម្រែបម្រួលអាកាសធាតុ ថែមទៀតផង៕ ដោយ៖ឡុង សំបូរ