ខេត្តព្រះវិហារ៖ សមាជិកគណៈអចិន្ត្រៃយ៍ គណៈកម្មាធិការកណ្តាល និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាល ចុះមូលដ្ឋានខេត្តព្រះវិហារ លោកទេសរដ្ឋមន្ត្រី មាស សុភា បានអញ្ជើញសម្ភោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការ សមិទ្ធិផលអគារស្នាក់ការគណបក្សប្រជាជនកម្ពុជា មួយខ្នងបន្ថែមទៀត ដែលទើបត្រូវបានបញ្ចប់ការសាងសង់ក្នុ ងតម្លៃទឹកប្រាក់ជិត ១០០លានរៀល ដើម្បីបម្រើដល់វិស័យនយោបាយបក្សប្រជាជន ស្ថិតនៅក្នុងឃុំចំរើន ស្រុកសង្គមថ្មី នាថ្ងៃទី២៥តុលាឆ្នាំ២០២១ ។
ពិធីសម្ភោធអគារស្នាក់ការបក្សប្រជាជន ១ខ្នងនោះទៀត ក៏មានការអញ្ជើញចូលរួមពី អភិបាលខេត្ត និងជាប្រធានគណៈកម្មាធិការគណបក្សប្រជាជនកម្ពុជា ខេត្តព្រះវិហារ លោក ប្រាក់ សុវណ្ណ ,ប្រធានក្រុមប្រឹក្សាខេត្ត លោក ឡុង សុវណ្ណ ប្រធានក្រុមការងារខេត្ត ចុះជួយស្រុកសង្គមថ្មី លោក សំ លាងទ្រី ,មន្ត្រីខេត្ត ,មន្ត្រីស្រុកគ្រប់លំដាប់ថ្នាក់ ,មន្ទីរ ,អង្គភាពពាក់ព័ន្ធ កងកម្លាំងទាំង ៣ និងប្រជាពលរដ្ឋ ដែលជាសមាជិក សមាជិការបក្សដ៏ច្រើនកុះករ ផងដែរ ។
ប្រធានក្រុមការងាររាជរដ្ឋាភិបាល ចុះមូលដ្ឋានខេត្តព្រះវិហារ លោកទេសរដ្ឋមន្ត្រី មាស សុភា បានមានប្រសាសន៍ថា អគារស្នាក់ការគណបក្សប្រជាជនកម្ពុជា ដែលសម្ពោធដាក់ឲ្យប្រើប្រាស់នៅថ្ងៃនេះ គឺជាសមិទ្ធិផលថ្មីមួយ ដែលស្ថិតនៅក្នុងឃុំចំរើន ស្រុកសង្គមថ្មី ។ លោកថា អគារនេះថ្មីនេះ បានឆ្លុះបញ្ចាំងឲ្យឃើញ ពីភាពរឹងមាំ និងការដឹកនាំយូរអង្វែងរបស់ គណបក្សប្រជាជនកម្ពុជា ដែលមាន សម្តេចតេជោ ហ៊ុន សែន ជាប្រធានគណបក្សប្រជាជន និងជានាយករដ្ឋមន្ត្រី នៃកម្ពុជា ។
លោកទេសរដ្ឋមន្ត្រី មាស សុភា បានបន្តទៀតថា គណបក្សមួយដែលកាន់អំណាច និងធំជាងគេ ត្រូវតែមានកន្លែងសម្រាប់ធ្វើការសមរម្យ ដើម្បីសម្រួលដល់ការប្រាស្រ័យទាក់ទងគ្នា លើការបម្រើក្នុងវិស័យនយោបាយ ហើយក៏គ្មានគណបក្សដទៃណាមួយ អាចធ្វើបានដូច គណបក្សប្រជាជនកម្ពុជា នោះឡើយ ។
លោកទេសរដ្ឋមន្ត្រី បានថ្លែងកោតសរសើរ និងអរគុណ ដល់ក្រុមការងារថ្នាក់កណ្តាល ចុះជួយស្រុកសង្គមថ្មី និងក្រុមការងារថ្នាក់ខេត្ត ចុះជួយស្រុកសង្គមថ្មី ក៏ដូចជាក្រុមការងារគណបក្សស្រុក ឃុំ នៅក្នុងមូលដ្ឋាន ដែលបានរួមសហការគ្នា សាងសង់អគារស្នាក់ការគណបក្ស នេះឡើង។
លោកទេសរដ្ឋមន្ត្រី មាស សុភា បានថ្លែង អំពាវនាវរកការបន្តជួយថែរក្សាសមិទ្ធិផល អគារស្នាក់ការបក្ស ក៏ដូចសមិទ្ធិផលនានាជាច្រើនទៀត ដែលកំពុងរីកដុះដាលនៅក្នុងស្រុកសង្គមថ្មីនេះ ឲ្យបានគង់វង្ស និងទុកជាប្រយោជន៍បានយូរអង្វែង ។
ស្របពេលជាមួយគ្នាផងទៀត លោកទេសរដ្ឋមន្ត្រី មាស សុភា ក៏បានអំពាវនាវដល់ប្រជាពលរដ្ឋទាំងអស់ ត្រូវបន្តចូលរួមថែរក្សាសុខសន្តិភាព ដែលមានក្នុងពេលនេះឲ្យស្ថិតនៅគង់វង្ស ដើម្បីធ្វើឲ្យប្រទេសជាតិ កាន់តែមានការអភិវឌ្ឍន៍រីកចម្រើនថែមទៀត និងត្រូវប្រឆាំងដាច់ខាតគ្រប់ឧបាយកលទាំងឡាយណា ដែលមានគំនិតចង់បំផ្លិចបំផ្លាញ «សុខសន្តិភាព»នៅកម្ពុជា។ ហើយក៏ត្រូវរួមគ្នា បន្តចូលរួមអនុវត្តន៍ឲ្យបានខ្ជាប់ខ្ជួន តាមការណែនាំរបស់ ក្រសួងសុខាភិបាល និងការអនុវត្តន៍វិធានការ ៣កុំ និង៣ការពាររបស់ រាជរដ្ឋាភិបាល ដើម្បីកុំឲ្យឆ្លងជំងឺកូវីដ-១៩ និងក៏មិនត្រូវពឹងផ្អែកទៅលើការបានចាក់វ៉ាក់សាំង និងថ្នាំព្យាបាលទាំងស្រុងនោះដែរ ។
ប្រធានក្រុមការងារថ្នាក់ខេត្ត ចុះជួយស្រុកសង្គមថ្មី លោក សំ លាងទ្រី បានថ្លែងថា អគារទីស្នាក់ការគណបក្សឃុំចំរើន ស្រុកសង្គមថ្មីនេះ មានទំហំ ៩ម៉ែត្រ គុណ ១០.៥ម៉ែត្រ ស្មើនឹង ៩៤.៥ម៉ែត្រការ៉េ មានកម្ពស់ ៦.១ម៉ែត្រ សង់លើផ្ទៃដីទំហំ ២៥ម៉ែត្រ គុណ ៦០ម៉ែត្រ សាងសង់អំពីថ្ម ប្រក់ក្បឿង ក្រាលការ៉ូ និងចាប់ផ្តើមសាងសង់ នៅថ្ងៃទី ១៨ខែកុម្ភៈ ឆ្នាំ២០២១ និងបញ្ចប់ការសាងសង់ នៅថ្ងៃទី៣០ ខែមីនា ឆ្នាំ២០២១ ដោយចំណាយថវិកាសរុប ៩៩លាន ៣ម៉ឺន ១០០០រៀល (កៅសិបប្រាំបួនលាន បីម៉ឺន មួយពាន់រៀល)។
លោក សំ លាងទ្រី បានថ្លែងបញ្ជាក់ថា ក្រុមការងារគណបក្សប្រជាជនកម្ពុជា ចុះជួយស្រុកសង្គមថ្មី នឹងប្រកាន់យក នូវការប្តេជ្ញាចិត្តយ៉ាងខ្ជាប់ខ្លួន ដើម្បីអភិវឌ្ឍន៍ភូមិ ឃុំ នៅក្នុងមូលដ្ឋាន ដោយអនុវត្តន៍ ក្រោមការដឹកនាំរបស់ ប្រធានក្រុមការងារគណបក្ស ចុះមូលដ្ឋានខេត្តព្រះវិហារ ជាពិសេស ប្រធានគណបក្សខេត្តព្រះវិហារ ប្រធានគណបក្សស្រុក និងមានការហការយ៉ាងសស្រាក់សស្រាំ ពីក្រុមការងារគណបក្សចុះជួយភូមិ ឃុំ នៅក្នុងរយៈពេលកន្លងមក បានធ្វើឲ្យសម្រេចបាន នូវសមិទ្ធិផលនានាជាច្រើន សម្រាប់គណបក្សប្រជាជន នៅស្រុកសង្គមថ្មី យើងនេះ ៕ ដោយ៖ឡុង សំបូរ