ដោយសារភ្លើងប្រច័ណ្ឌធ្វើឲ្យបុរសម្នាក់គិតខ្លីយកកាំបិទអារកសម្លាប់ប្រពន្ធ រួចអារកសម្លាប់ខ្លួនឯងតាមក្រោយ

ភ្នំពេញ ៖ ដោយសារភ្លើងប្រច័ណ្ឌបានធ្វើឲ្យបុរសម្នាក់ហ៊ានយកកាំបិតទៅអារកសម្លាប់ប្រពន្ធខ្លួន រួចហើយយកកំបិតអារកសម្លាប់ខ្លួនឯងតាមក្រោយរងរបួសធ្ងន់ បណ្តាលឲ្យស្លាប់ មុនបញ្ជូនទៅដល់មន្ទីរពេទ្យ។ ហេតុការណ៍នេះ បានកើតឡើងកាលពីវេលាម៉ោង៧ និង២០នាទីព្រឹក ថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២១នេះ នៅក្នុងផ្ទះជនរងគ្រោះស្ថិតនៅភូមិកំពង់ទួល ឃុំអន្លង់រមៀត ស្រុកកណ្ដាលស្ទឹង ខេត្តកណ្តាល។

តាមសមត្ថកិច្ចបានឲ្យដឹងថា ជនរងគ្រោះជាប្រពន្ធមានឈ្មោះ គឹម ពៅ ភេទស្រី អាយុ ៤០ឆ្នាំ មុខរបរលក់ដូរ នៅក្នុងសាលារៀន មានទីលំនៅ ភូមិឃុំកើតហេតុខាងលើ រីឯបុរសជាប្តីមានឈ្មោះ ពេជ្រ វិចិត្រ អាយុ ៤១ឆ្នាំ មុខរបរលក់ប្រហិតតាមរទេះម៉ូតូ រស់នៅភូមិឃុំជាមួយគ្នា និងមានកូនប្រុសចំនួន០២នាក់។ វត្ថុតាងដែរសមត្ថកិច្ចរកឃើញមាន ផ្លែកាំបិតរុំក្រណាត់ពណ៌ខ្មៅមួយដើម។

តាមសមត្ថកិច្ចបានឲ្យដឹងទៀតថា បើតាមការបំភ្លឺរបស់ឈ្មោះ គឹម ពេជ្រ ភេទស្រី អាយុ ៤៣ឆ្នាំ នៅភូមិឃុំកើតហេតុ ត្រូវជាបងស្រីជនរងគ្រោះបង្កើត បានឲ្យដឹងថា កន្លងមកជនសង្ស័យតែងតែមានអាការៈស្រងូតស្រងាត់ ពោលពាក្យមិនល្អរកាំរកូសជាមួយប្រពន្ធ (ប្រច័ណ្ឌ) រហូតដល់ថ្ងៃកើតហេតុ ក្រុមគ្រួសារ និងជនសង្ស័យ បានពិគ្រោះគ្នាថានឹងទៅពេទ្យរុស្ស៊ី ដើម្បីពិនិត្យព្យាបាលជំងឺ ក៏ស្រាប់តែមួយសន្ទុះក្រោយមកជនសង្ស័យបានយកកាំបិតអារក ជនរងគ្រោះជាប្រពន្ធរបស់ខ្លួន បណ្ដាលឲ្យស្លាប់ភ្លាមៗ នៅកន្លែងកើតហេតុ។ បន្ទាប់មកជនសង្ស័យអារកខ្លួនឯង បណ្ដាលឲ្យរងរបួសធ្ងន់ស្លាប់ ខណៈពេលបញ្ជូនដល់មន្ទីរពេទ្យបង្អែក ស្រុកកណ្ដាលស្ទឹង។

ក្រោយពេលកើតហេតុ សមត្ថកិច្ចមូលដ្ឋាន បានចុះមកដល់ រួចក៏បានយកខ្សែមកហ៊ុមព័ទ្ធទីតាំងកន្លែងកើតហេតុខាងលើ សពជនរងគ្រោះ និងសពជនសង្ស័យ ត្រូវបានសមត្ថកិច្ច ធ្វើកំណត់ហេតុរួចរាល់ ក៏ប្រគល់សពជូនក្រុមគ្រួសារសាច់ញាតិ ដើម្បីឲ្យយកទៅធ្វើបុណ្យតាមប្រពៃណី៕