បុរសម្នាក់ផឹកចំស្រាកាចយកកាំបិតដេញកាប់ព្រះសង្ឃគង់នៅវត្តចំប៉ាខេត្តតាកែវ

តាកែវ :ជនសង្ស័យម្នាក់ផឹកស្រាស្រវឹងបានយកកាំបិតកញ្ចែតដេញកាប់ព្រះសង្ឃ១អង្គដែលគង់នៅវត្តចំប៉ា ស្ថិតក្នុងភូមិចំប៉ា ឃុំចំប៉ា ស្រុកព្រៃកប្បាស ខេត្តតាកែវ កាលពីថ្ងៃទី២៧ ខែតុលា ឆ្នាំ ២០២១ វេលាម៉ោង១៣ និង ៤០ នាទី ។តាមរបាយការណ៍របស់សមត្ថកិច្ចបានអោយដឹងថា ករណីប៉ុនប៉ងឃាតកម្ម និងធ្វើឱ្យខូចខាតដោយចេតនានេះ បង្កដោយជនសង្ស័យឈ្មោះ ឡាញ ផេង ភេទប្រុស អាយុ២៧ ឆ្នាំ រស់នៅភូមិកើតហេតុខាងលើ បានធ្វើសកម្មភាពយកកាំបិតកញ្ចែត ដេញកាប់ព្រះសង្ឃមួយអង្គព្រះនាម ម៉ន ម៉ាត់ ព្រះជន្ម ៣៨ វស្សា ដែលកំពុងគង់នៅក្បែរកុដិ តែព្រះសង្ឃឃើញទាន់ក៏រត់ទៅចូលបន្ទប់ក្នុងកុដិហើយដាក់គន្លឹះស្រាប់តែជនសង្ស័យខាងលើយកកាំបិតកាប់ទៅលើទ្វារ បង្អួចកុដិ និងកាប់បំផ្លាញព្រះពុទ្ធបដិមាចំនួន៣អង្គ និងសម្ភារៈមួយចំនួនទៀតនៅក្នុងកុដិបណ្ដាលឱ្យខូចខាត។
ការឃាត់ខ្លួនជនសង្ស័យគឺធ្វើឡើងក្រោមការចង្អុលបង្ហាញពីសំណាក់ឯកឧត្តមស្នង ការនគរបាល ខេត្តតាកែវ និងមានការសម្របសម្រួលនីតិវិធីពីសំណាក់ ឯកឧត្តមព្រះរាជអាជ្ញា អមសាលាដំបូង ខេត្តតាកែវ កម្លាំងជំនាញ នៃអធិការដ្ឋាននគរបាលស្រុកព្រៃកប្បាស សហការជាមួយកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាល ចំប៉ា បានចុះទៅដល់ កន្លែងកើតហេតុ និងបានឃាត់ខ្លួនជនសង្ស័យខាងលើយកមកកាន់អធិការដ្ឋាននគរបាលស្រុកព្រៃកប្បាស ដើម្បីកសាងសំណុំរឿងតាមនីតិវិធី ។