ឯកឧត្តម អ៊ុន ចាន់ដា បានណែនាំដល់ប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តកំពង់ចាមថ្មី កុំធ្វេីជាតួឯក គឺត្រូវបង្រៀនមន្ត្រីឲ្យចេះធ្វេីការរួមគ្នា

កំពង់ចាម : ក្នុង ពិធីប្រកាសតំណែង ប្រធាន មន្ទីរ សាធារណការ និង ដឹកជញ្ជូន ខេត្តកំពង់ចាម នារសៀលថ្ងៃទី ២៨ ខែតុលា ឆ្នាំ ២០២១ នេះ ឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម បានថ្លែងថា ក្នុង នាម ជា ថ្នាក់ដឹកនាំ កុំ ធ្វើ ជា តួឯក គឺ ត្រូវ បង្រៀន មន្ត្រី ក្រោម ឱវាទ ឲ្យ ចេះ ធ្វើ ការ រួមគ្នា ដែលចាំបាច់បំផុតនោះ គឺ ត្រូវ កសាង ផែនការ ដេីម្បី រក ធនធាន ថវិកា មកធ្វេីការ អភិវឌ្ឍន៍ ហេដ្ឋារចនាសម្ពន្ធ័ វិស័យ ផ្លូវ ថ្នល់ និង ស្លាក សញ្ញា ចរាចរណ៍ជាដេីម ក្រៅពីនោះ គឺត្រូវ រៀនសូត្រ តាម រយៈ ការ ដក បទពិសោធន៍ ពី មន្ទីរ ផ្សេងៗ ដែល មាន ការ រីកចម្រើន ហេីយ យកមក អនុវត្ត សំដៅ ធ្វើ យ៉ាងណា ឲ្យ មាន ការ រីកចម្រើន ក្នុងនោះត្រូវ ខិតខំ កសាង ស្នាដៃ ជា គំរូ បន្សល់ ទុក ទៅ ជំនាន់ ក្រោយៗផង លេីសពីនោះគឺត្រូវ ខិតខំ បន្ត ទៀត ក្នុង ការ ផ្តល់ សេវា សាធារណៈ ជូន ប្រជាពលរដ្ឋ ប្រកប ដោយ គុណភាព និង ការ ជឿ ទុកចិត្ត ដូច ជា ការ ផ្តល់ ប័ណ្ណ បើកបរ និង ស្លាកលេខ យានយន្ត គ្រប់ ប្រភេទ ជាដេីម ។
ជាមួយគ្នា នោះ ឯកឧត្តមអភិបាលខេត្ត ក៏បានថ្លែង អំណរគុណ ដល់ ឯកឧត្តម ទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រី ក្រសួង សាធារណការ និង ដឹកជញ្ជូន ដែល កន្លងមក លោក បាន ផ្ដល់ ការ កសាង ផ្លូវ សំខាន់ៗ ជាច្រើន ខ្សែ ក្នុង ខេត្តកំពង់ចាម ផងដែរ ។

ក្នុងឱកាសនោះដែរ ឯកឧត្តម ស៊ុយ សាន រដ្ឋលេខាធិការក្រសួង សាធារណការ និង ដឹកជញ្ជូន បាន ណែនាំ ដល់ លោកប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្ត កំពង់ចាម ថ្មី ត្រូវយកចិត្តទុកដាក់ក្នុងការពង្រឹងសាមគ្គីភាពផ្ទៃក្នុង បង្កើនកិច្ចសហការ និងកិច្ចសហប្រតិបត្តិការជាមួយមន្ទីរ អង្គភាពពាក់ព័ន្ធ ពិសេសអនុវត្តតាមការណែនាំរបស់ថ្នាក់ដឹកនាំ សំដៅបន្តការផ្ដល់សេវាសាធារណៈ សេវាតម្រូវការគ្រប់ប្រភេទជូនប្រជាពលរដ្ឋ ឲ្យ បានឆាប់រហ័ស និងមានតម្លាភាព ធានាទប់ស្កាត់ឲ្យបាននូវយានយន្តផ្ទុកលើសទម្ងន់គ្រប់ប្រភេទ ដែលធ្វើចរាចរនៅលើដងផ្លូវ ឲ្យ មានប្រសិទ្ធភាព ផងដែរ ។
គួរ បញ្ជាក់ ផងដែរថា លោក សុខ លឹមហៀង ត្រូវ បាន ប្រកាស តែងតាំង ចូលកានមុខតំណែងជាប្រធានមន្ទីរសាធារណការ និង ដឹកជញ្ជូន ខេត្តកំពង់ចាម ជំនួស លោក សុខ ស្រ៊ុន ដែល ត្រូវ ផ្ទេរ ទៅ បម្រើ ការងារ នៅ ក្រសួង សាធារណការ និង ដឹកជញ្ជូន ៕