(ខេត្តកំពត)៖ កាលពីថ្ងៃទី២៩ ខែតុលា ឆ្នាំ២០២១ រដ្ឋបាលខេត្តកំពតបានស្នើដល់សមត្ថកិច្ចឱ្យជួយស៊ើបអង្កេត ស្រាវជ្រាវ វែកមុខជនខិលខូច ដែលលួចបង្កើតអាខោន Facebook ដោយប្រើឈ្មោះ និងយករូបថត ឯកឧត្តម ម៉ៅ ធនិន អភិបាលខេត្តកំពត ទៅបង្ហោះដើម្បីបំភ្លៃ។
យោងតាមការបំភ្លឺព័ត៌មានរបស់តដ្ឋបាលខេត្តកំពត បានបញ្ជាក់ថា កាលពីពេលថ្មីៗនេះ មានជនខិលខូចបានបង្កើតអាខោនFacebook ដោយយករូបថត និងប្រើឈ្មោះ ឯកឧត្តម ម៉ៅ ធនិន ហើយធ្វើការផ្សព្វផ្សាយ បង្ហោះជារូបភាព កែច្នៃខ្លឹមសារផ្សាយព័ត៌មានមោនពិត ក្នុងចេតនាទុច្ចរិត ដែលធ្វើឱ្យប៉ៈពាល់ដល់កេរ្តិ៍ឈ្មោះ កត្តិយស និងសេចក្តីថ្លៃថ្នូរ របស់ ឯកឧត្តម អភិបាលខេត្ត។
ជាមួយនឹងករណីបែបនេះ រដ្ឋបាលខេត្តកំពត សូមបដិសេធ និងច្រានចោលទាំងស្រុង នូវការផ្សព្វផ្សាយនូវព័ត៌មានប្រឌិត ដោយយករូបថត ឯកឧត្តម អភិបាលខេត្ត មកប្រើក្នុងចេតនាបង្ខូចកត្តិយស ខណៈលោកអភិបាលខេត្ត កំពុងមានការគោរពស្រលាញ់ ពេញចិត្ត ពីសំណាក់ប្រជាពលរដ្ឋនៅគ្រប់មជ្ឈដ្ឋាន។
រដ្ឋបាលខេត្តកំពត សំណូមដល់សាធារណជន អ្នកសារព័ត៌មាន ពិសេសអ្នកប្រើប្រាស់នណតាញសង្គម Facebook សូមកុំមានការយល់ច្រឡំ ហើយក៏សូមកុំមានការចែករំលែកបន្តនូវព័ត៌មានក្លែងក្លាយនេះ ចៀសវាងការបង្កភាពលំបាកក្នុងការតព្វកិច្ចស្រាវជ្រាវរបស់ជំនាញ រកបក្ខពួកជនខិលខូចយកមកផ្តន្ទាទោសទៅតាមផ្លូវច្បាប់៕ សេង ណារិទ្ធ





































